ខេត្តបាត់ដំបង ៖ អ្នកគ្រូក្រមុំវ័យក្មេងម្នាក់ គ្រាន់តែម្តាយស្តីបន្ទោសតិចតួចរឿងដើរលេង ស្រាប់តែបែកគំនិតគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១០ ភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល។

អ្នកគ្រូក្រមុំចិត្តខ្លាំងគំនិតខ្លី ដែលចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងរឿងម្តាយស្តីបន្ទោសតិចតួចនេះ មានឈ្មោះមុំ មិថុនា អាយុ២០ឆ្នាំ ជាគ្រូបង្រៀនជាប់កិច្ចសន្យានៅក្នុងមូលដ្ឋាន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះត្រូវបានម្តាយស្តីបន្ទោសតិចតួច នាងដើរផឹកស៊ីសប្បាយជាមួយមិត្តភក្ដិភ្លេចផ្ទះសម្បែង ភ្លេចការងារ ស្រាប់តែមួម៉ៅក្តៅចិត្ត ឡើងទៅសម្ងំដេកនៅលើផ្ទះតែម្នាក់ឯង។ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលម្តាយឡើងទៅលើផ្ទះ ក៏ប្រទះឃើញកូនស្រីបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ដោយឡែក ក្រោយទទួលបានសេចក្តីរាយការណ៌ កម្លាំងជំនាញបានសហការជាមួយគ្រូពេទ្យមូលដ្ឋាន បានចុះពិនិត្យសាកសពអ្នកគ្រូក្រមុំ ហើយបានអះអាងថា អ្នកគ្រូក្រមុំរូបនេះពិតជាបានធ្វើអត្ដឃាតខ្លួនឯងដោយចងកមែន។

សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


