ស្រីស្អាតសាច់សខ្ចី ម៉ូលីកា បានធ្វើឱ្យតារារួមអាជីព និងអតិថិជនហាង Cosmetic របស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្រីស្រស់រូបនេះបានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលទំនងនាងចង់បញ្ជាក់ថា ចំណងស្នេហារយៈពេល៣ឆ្នាំ ជាមួយប្រុសរូបសង្ហាលោកហុងមានុន ឆានុន គឺដើរដល់ផ្លូវបញ្ចប់ទៅហើយ។

ថៅកែហាងរក្សាសម្រស់ ម៉ូលីកា បញ្ចោញសារដែលហាក់ចង់បញ្ឈឺចិត្តសង្សារមិនសូវអើពើដល់រូបនាងថា “អរគុណដែលសុំខ្ញុំបែក, អរគុណដែលតែងតែមិនខ្វល់ មិនរវល់ មិនអើពើ មិនដែលប្រើកាយវិការស្រលាញ់ខ្ញុំដូចគូគេ, ខ្ញុំមិនដែលគិតថា ចង់ស្វីតខ្លាំងពេកទេ, គ្រាន់តែចេះយល់ចិត្ត ពេលខ្ញុំហត់, ពេលខ្ញុំអស់កម្លាំង ពេលខ្ញុំបាក់ទឹកចិត្ត, ខ្ញុំគ្រាន់តែចង់ឱ្យនៅក្បែរខ្ញុំឱ្យច្រើនតែប៉ុណ្ណឹង, មិនអីទេ ខ្ញុំឈឺតែមួយភ្លែត តិចទៀតលែងអីហើយ ប្រើជីវិត Single ក៏បាន ម្នាក់ឯងមិនស្លាប់ទេ”។

ក្រៅពីថ្លែងសារតូចចិត្ត ព្រោះសង្សារមិនយកចិត្តទុកដាក់នោះ ម៉ូលីកា ក៏បង្ហាញរូបភាពភ្ជាប់ជាមួយសារនេះ ដោយកាន់លុយដុល្លារមួយបាច់ សុទ្ធតែក្រដាស១០០ដុល្លារ គឺប្រហែលមិនក្រោម២ម៉ឺនដុល្លារឡើយ។ អ្នកចូលទៅ ខមិនលើសាររបស់ម៉ូលីកា ខ្លះបញ្ចោញយោបល់ថា “រឿងអីមិនបែក បើលុយដុល្លារ១បាច់ធំ អ៊ីចឹង” និងខ្លះទៀតថា ”ស្រីស្អាតពិតជាមិនធម្មតាមែន បែកភ្លាម ដុល្លារឡើងពេញដៃហ្មង”។

ដោយឡែក កាលពីម្សិលមិញនេះ ម៉ូលីកា បានបង្ហោះសារបន្ថែមថា “ស៊ូស្រឡាញ់មនុស្សប្រុសដែលសុខចិត្តចាញ់យើង ល្អជាងស្រឡាញ់មនុស្សប្រុសដែលដណ្ដើមយើងឈ្នះ។ ស៊ូស្រឡាញ់មនុស្សប្រុសដែលមិនខ្លាចអន់ នឹងតាមលួងយើងមុន ល្អជាងស្រឡាញ់មនុស្សប្រុសដែលខ្លាចអន់ ខ្លាចថោក គ្រាន់តែលួងយើងមុនសោះ។ ស៊ូស្រឡាញ់មនុស្សប្រុសដែលចូលចិត្តឃើញយើងសើច ល្អជាងស្រឡាញ់មនុស្សប្រុសដែលចូលចិត្តធ្វើឲ្យយើងយំ ថាមនុស្សស្រីអាត្មានិយមក៏បាន ព្រោះយ៉ាងណាក៏មិនសូវហត់ចិត្តដូចពេលដែលនៅជាមួយមនុស្សដែលចង់តែឈ្នះ ចង់ឲ្យតែយើងរត់តាមគេ លួងគេ ទ្រគេវិញ”។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅកញ្ញាម៉ូលីកា ដើម្បីឱ្យនាងបំភ្លឺរឿងគេសង្ស័យថា នាងទាត់ចោលស្នេហ៍ប្រុសក្មេងឆានុន ព្រោះស្រវាឱបលុយដុល្លារនេះ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺត្រូវបានអតីតតារាចម្រៀងផលិតកម្ម Rock ដែលរកស៊ីលក់ជើងមាន់តាម Online រហូតមានលុយ១០ម៉ឺនដុល្លារ បើក ហាង Cosmetic នេះ វាចាថា ចំណងស្នេហានាងជាមួយម្ចាស់ចិត្ត គ្មានអ្វីប្រែប្រួលទៅវិញ។

ម៉ូលីកា ថា ដោយសារនាងមានភាពមមាញឹកខ្លាំងពេករឿងរកស៊ី ទើបពេលខ្លះត្រូវតែសរសេរសាចម្លែកៗខ្លះ ដើម្បីកែអផ្សុក។ ប៉ុន្តែយ៉ាងណា នៅពេលដែលសួររឿងពេលវេលាដឹកដៃលោកឆានុន ចូលរោងការ ដើម្បីទប់ស្កាត់ការប្រេះឆានោះ ថៅកែស្រីរូបនេះ នៅមិនទាន់ហ៊ានកំណត់ពេលវេលាជាក់លាក់ឡើយ ដោយអះអាងមិនសូវច្បាស់លាស់ទេ តែអាចឆ្នាំ២០២០ ឬនៅឆ្នាំបន្ទាប់ពីនេះ៕
