ភ្នំពេញ ៖ ខ្យូសស្បូវផឹកស៊ី នៅចំណុចហាងគោដុត មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ខ្យូស ចំនួន៤ (សល់តែគ្រោងឆ្អឹងដែក) ហើយភ្លើងក៏បានឆេះរាលដល់តូបជួសជុលម៉ូតូ ១ខ្នងទៀត ដែលនៅជាប់នោះ បណ្តាលឱ្យខូចខាតគ្រឿងបន្លាស់ម៉ូតូ ជាច្រើន។ ចំពោះមូលហេតុ ត្រូវបានសមត្ថកិច្ចសង្ស័យថាបង្កឡើងដោយភ្ញៀវចូលផឹកស៊ី បោះចោលកន្ទុយបារីផ្តេសផ្តាសលើជញ្ជាំងខ្យូសស្បូវ ទើបបង្កជាអគ្គិភ័យ។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចហាងគោដុត “ម៉ាដាម ម៉ៃ គោដុត១៦៨ក្រវាត់ក្រុង” ដែលមានទីតាំងស្ថិតនៅជិតភ្លើងស្តុបជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ខ្យូសដែលរងការឆាបឆេះ សង់ពីដែក ប្រក់ស្បូវ និងបិទបាំងជញ្ជាំងស្បូវពីលើដល់ក្រោមតែម្តង។ មុនពេលកើតហេតុ មានភ្ញៀវមួយចំនួន កំពុងផឹកស៊ីនៅក្នុងខ្យូស ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅ។ ពេលនោះភ្លើងបានចាប់ផ្តើមឆេះពីខ្យូសដែលស្ថិតនៅខាងមុខមុន រួចឆេះរាលពី១ទៅ១ទៀតយ៉ាងឆាបរហ័ស សរុបខូចខាត ចំនួន៤ខ្យូស ហើយភ្លាមនោះ មិនអាចពន្លត់ទាន់ឡើយ។ បន្ទាប់មក ភ្លើងបានរាលឆេះតូបជាងជួសជុលម៉ូតូ ១ទៀត យីហោ “ជាងដា ១៦៨” ដែលស្ថិតនៅជាប់ហាងគោដុតនោះ។

ប្រភពដដែល បន្តថា ខណៈពេលភ្លើងកំពុងឆេះខ្យូស ក៏មានរថយន្តម៉ាក Ford ១គ្រឿង និងម៉ាក TOYOTA ALPHARD ១គ្រឿង ចតនៅលើចិញ្ចើមផ្លូវក្បែរខ្យូសនោះដែរ ដែលសង្ស័យ ជារថយន្តរបស់ភ្ញៀវដែលចូលទៅផឹកស៊ីនៅទីនោះ។ ប៉ុន្តែភ្លាមៗនោះ ត្រូវបានម្ចាស់បើកចេញទាន់ពេល។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿងទៀត ក៏ស្ថិតនៅក្នុងបរិវេណហាងគោដុតខាងលើក្បែរខ្យូសនោះដែរ និងអូសចេញមិនទាន់ទេ តែជាសំណាងល្អ ភ្លើងឆេះមិនដល់។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារតែខ្យូសនោះដំបូលក៏ប្រក់ស្បូវ ហើយជញ្ជាំងក៏បិទបាំងដោយស្បូវ ពីលើដល់ក្រោមនោះ ទើបធ្វើឱ្យភ្លើងឆេះលឿនបំផុត។ ចំណែកតូបជាងជួសជុលម៉ូតូ ដែលស្ថិតនៅជាប់គ្នានោះ ក៏សម្បូរទៅដោយសម្ភារៈងាយនឹងឆាបឆេះ ដូចជាគ្រឿងជ័រ និង ប្រេងម៉ាស៊ីន ជាដើម តែមួយភ្លែតប៉ុណ្ណោះ ក៏ត្រូវភ្លើងឆេះពេញបន្ទុក មិនអាចពន្លត់ដោយការប្រើបំពង់ពន្លត់អគ្គិភ័យ ឬដងទឹកជះពន្លត់រលត់បានឡើយ។

ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌកំបូល បានចេញទៅជួយអន្តរាគមន៍ ហើយក៏មានរថយន្តដឹកទឹកលក់ តាមភូមិ ១គ្រឿង នៅជិតនោះ បានទៅជួយបាញ់ពន្លត់ ទើបភ្លើងរលត់ទាំង ស្រុង ដោយមិនបានឆេះរាលដាលដល់កន្លែងផ្សេងទៀតនោះទេ។ ប៉ុន្តែខ្យូសទាំង៤ខ្នង ត្រូវភ្លើងឆេះ នៅសល់តែគ្រោងដែក ហើយតុ កៅអី និងសម្ភារៈផ្សេងៗ ក៏ត្រូវភ្លើងឆេះ ខូចខាតអស់ដែរ។ ចំណែកតូបជួសជុលម៉ូតូ ក៏បានរងការចខូចខាត រួមទាំងសម្ភារៈគ្រឿងបន្លាស់ម៉ូតូទាំងអស់ នៅក្នុងតូប ប៉ុន្តែក្នុងគ្រោះអគ្គិភ័យខាង លើ ពុំបានបណ្តាលឱ្យមានអ្នករងរបួសឡើយ៕