ប្រុសៗទាំងឡាយដែលមិនសូវមានអំណាច និងទ្រព្យ ប្រហែលជាមានសង្ឃឹមអាចក្លាយខ្លួនទៅជាស្វាមីរបស់តារាចម្រៀងវ័យក្មេង អ៊ីវ៉ា បាន នៅពេលនេះ ព្រោះឪពុករបស់នាង លោកអ៊ូ វ៉ាវ បានប្រកាសថា លោកមិនចង់បានកូនប្រសាជាមន្ត្រីធំនោះទេ គឺអ្នកណាក៏អាចចូលចែចូវកូនស្រីរបស់លោកបានដែរ តែសុំតែម៉្យាងគត់ គឺកុំឱ្យតែប្រុសនោះជាប្តីគេទៅបានហើយ…។
លោកអ៊ូ វ៉ាវ ឪពុកឃីន ស្រីនាថ ឬអ៊ីវ៉ា បានប្រាប់ថា កូនស្រីរបស់លោកពិតជាមានប្រុសជាមន្ត្រីធំៗ អ្នករកស៊ីមានមុខមាត់ និងអាណិជកខ្មែរ នៅក្រៅស្រុក ចង់ចូលស្តីដណ្តឹងចែចូវតាមផ្លូវច្បាប់មែន ប៉ុន្តែក្នុងចំណោមប្រុសៗទាំងអស់នោះ គឺនៅមិនទាន់មានប្រុសណាក្លាយទៅជាគូដណ្តឹងរបស់អ៊ីវ៉ា ទេ ព្រោះម្នាក់ៗបានតែស្រលាញ់ៗ តែមិនច្បាស់លាស់ទាល់តែសោះ។

ឪពុកអ៊ីវ៉ា លោកអ៊ូ វ៉ាវ បញ្ជាក់ថា “បើនិយាយពីគេស្រលាញ់អ៊ីវ៉ា កូនខ្ញុំហ្នឹង មានច្រើនដែរ ព្រោះបើថាអត់មាន ក៏គេមិនជឿដែរ។ អ្នកនៅក្នុងប្រទេស ក៏មានក្រៅស្រុក ក៏មានដែរ តែពេលនេះ កូនខ្ញុំមិនទាន់ក្លាយទៅជាគូដណ្តឹងរបស់អ្នកណាម្នាក់ទេ។ អ្នកស្រលាញ់ៗហ្នឹង ចេះតែមានហើយ តែយើងមិនត្រូវ ឬមិនទាន់ឱ្យចូលស្តីដណ្តឹងទេ អ៊ីចឹងកូនខ្ញុំមានគូដណ្តឹងអីមកពីណាទៅ?”។

ឪពុកតារាចម្រៀងអ៊ីវ៉ា បានអះអាងច្បាស់ៗថា លោកមិនដែលប៉ងប្រាថ្នាថា ចង់បានកូនប្រសាជាអ្នកមានទ្រព្យច្រើនអីនោះទេ គឺសូមតែកុំឱ្យកូនស្រីប៉ះស្នេហ៍ប្តីគេ តែមួយមុខគត់ ព្រោះបើប្តីគេទេ លោកសួរថា តើមកធ្វើអី?

ថ្វីត្បិតតែលោកអ៊ូ វ៉ាវ អះអាងថា អ៊ីវ៉ា មិនទាន់បានជាប់ជំពាក់ចិត្តជាមួយបុរសណាម្នាក់មែន តែតាមព័ត៌មានថា កាលពីឆ្នាំមុន អំឡុងពេលដែលម្តាយអ៊ីវ៉ា នៅមានជីវិត ថៅកែក្លឹបនិងហាងបញ្ចាំម្នាក់ នៅសៀមរាប ចង់ចូលស្តីដណ្តឹងអ៊ីវ៉ា ហើយរៀបការដោយមិនបង្អង់ទុកយូរទៀតផង។ ប៉ុន្តែក្រោយពេលម្តាយអ៊ីវ៉ា អ្នកស្រីភួង សុខា ទទួលមរណភាពទៅ ចំណងស្នេហ៍អ៊ីវ៉ា និងលោកថៅកែ “ប” មានការប្រែប្រួល ដោយឈានមករកភាពរកាំរកូស រហូតគ្មានការផ្សះផ្សាស្នេហ៍ឱ្យបានដូចដើមទេ ព្រោះតែអ៊ីវ៉ា មិនចូលចិត្តប្អូនប្រុសលោកផ្កាយ៤នោះ ពូកែប្រចណ្ឌ និងហួងហែងនាងខ្លាំងពេក។
លោកអ៊ូ វ៉ាវ និយាយដោយមានការប្រុងប្រយ័ត្នថា ចំពោះរឿងលោកថៅកែ នៅសៀមរាប រូបណា ស្រលាញ់អ៊ីវ៉ា នោះ លោកសូមមិនធ្វើអត្ថាធិប្បាយទេ តែរឿងនេះ អាច កាលពីប៉ុន្មានឆ្នាំមុនច្រើនជាង ព្រោះពេលនេះមិនដឹងម៉េចឡើយ…។

អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនទាន់ចង់រៀបការប្តីឆាប់ៗទេ ព្រោះថា ឆ្នាំនេះទើប២៤ឆ្នាំ ហេតុនេះហើយនាងចង់ពង្រឹងការងារសិល្បៈ និងចង់ឱ្យមានមុខរបរអ្វីមួយ ក្រៅពីសិល្បៈជាមុនសិន ទើបរៀបការតាមក្រោយ។ ប៉ុន្តែអ៊ីវ៉ា ក៏មិនខុសពីឪពុកនាងដែរថា នាងមិនដែលហ៊ានស្រមៃថា ចង់ធ្វើជាជំទាវនោះទេ គឺសូមឱ្យតែជួបបុរសម្នាក់ដែលស្រលាញ់នាងពិតប្រាកដទៅបានហើយ។

ថ្វីត្បិតតែលោកអ៊ូ វ៉ាវ និយាយថា អនាគតកូនប្រសារបស់លោក មិនទាល់តែជាអ្នកធំ មានអំណាច និងទ្រព្យស្តុកក៏ដោយ តែលោកថា កូនលោកជាអ្នកចម្រៀងអ៊ីចឹង មានគេស្រលាញ់ច្រើន ហើយបើអ្នកក្រខ្លាំងពេក ក៏មិនសូវស័ក្តិសមដែរ គឺលោកសូមមួយសមរម្យ ហើយកូនស្រីលោកមានសិទ្ធិជ្រើសរើសប្តីដោយខ្លួនឯង បាន៦០% ចំណែករូបលោកសម្រេច៤០5 តាមក្រោយ។

អ៊ីវ៉ា បើសិនជានាងព្រមទទួលការផ្សះផ្សាស្នេហ៍ជាថ្មីជាមួយប្អូនប្រុស លោកផ្កាយ៤ នោះ តារារូបនេះច្បាស់ជារស់នៅលើគំនរទ្រព្យ ដោយមិនចាំបាច់ច្រៀង ក៏នាងដេកចាយ លុយមិនចេះអស់ឡើយ។ ប៉ុន្តែអ្វីជាបំណងរបស់លោកថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប នៅពេលនេះ គឺត្រូវជាប់គាំងទ្រឹង ព្រោះអ៊ីវ៉ា ហាក់អស់និស្ស័យស្នេហ៍លោកថៅកែ។

អ៊ីវ៉ា បានប្រឆាំងលោកថៅកែ ដូចជាលោក “ប” ចង់ឱ្យនាងចូលច្រៀងនៅហង្សមាស និងថតសម្តែងកុំឱ្យមានតារាប្រុសណាប៉ះប្រាណ និងហាមរាំលើឆាក តែស្រីនាថ បន្តច្រៀងនៅសាន់ដេ ហើយពេលនេះហ៊ានថតកៀកកើយជាមួយតារាប្រុស និងបង្កើតក្រុមរាំអមលើឆាកទៀតផង ពោលគឺអ្វីដែលលោកថៅកែចង់បាន នាងធ្វើបញ្ច្រាសទាំងអស់ ដែលធ្វើឱ្យចំណងស្នេហាអ៊ីវ៉ា និងលោកថៅកែកាន់តែមិនអាចឈានមករកភាពផ្អែមល្ហែមដូចដើមវិញបានឡើយ៕