Tuesday, September 16, 2025
Homeតារាខ្មែរយុគ ចិន្តា ៣ឆ្នាំ ចាំស្នេហ៍

យុគ ចិន្តា ៣ឆ្នាំ ចាំស្នេហ៍

យុគ ចិន្តា ដែលបរាជ័យស្នេហ៍មិនក្រោម៤ដងនោះ ពេលនេះ អ្នកនាងកំពុងមានសេចក្តីសុខជាមួយគូស្នេហ៍ថ្មី ដែលជាឯកឧត្តមទ្រព្យស្តុកម្នាក់ បន្ទាប់ពីចំណងស្នេហានាងជាមួយពោះម៉ាយមកពីអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ ត្រូវដើរដល់ផ្លូវបំបែក ហើយអ្នកនាងរង់ចាំ៣ឆ្នាំទៀត ទើបក្រាបផ្ទឹមជាមួយគូស្នេហ៍ថ្មីនេះ…។

មហាជនជាច្រើនរង់ចាំមើលថា តើចំណងស្នេហ៍ថ្មីរបស់អ្នកនាងយុគ ចិន្តា អាចធ្វើឱ្យពិធីការិនីល្បីល្បាញរូបនេះ រួចផុតទុក្ខស្នេហ៍ និងឈានទៅរកជីវិតអាពាហ៍ពិពាហ៍នៅឆ្នាំ២០២២ ដូចការសន្យារបស់អ្នកនាងដែរឬទេ?

បើគ្មានអ្វីប្រែប្រួលទេ ចំណងស្នេហារបស់អ្នកនាងយុគ ចិន្តា និងសង្សារថ្មី គឺនៅសល់តែពេលជាង៣ឆ្នាំទៀតប៉ុណ្ណោះ អ្នកទាំង២ នឹងក្រាបផ្ទឹមជាមួយគ្នាជាចំហ ហើយច្បាស់ណាស់ថា អ្នកដែលចាត់ទុកអ្នកនាងចិន្តា ថា ជាតារាដែលជោគជ័យតែការងារសិល្បៈ តែបរាជ័យស្នេហានោះ នឹងត្រូវស្ងាត់មាត់ឈឹងវិញជាមិនខានឡើយ។

អ្នកនាងយុគ ចិន្តា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលនាងមិនទាន់រៀបការ គឺមានកត្តា២យ៉ាង គឺទី១. ជាប់រវល់ការងារសិល្បៈច្រើនពេក ដកឃ្លាមិនរួច និងទី២. ចាំកូនស្រីអម វ័យ១៨ឆ្នាំ ពេញវ័យក្រមុំសិន ស្រួលកំដរអ្នកនាងការតែម្តង ព្រោះពេលនេះ គេទើបមានវ័យ១៥ឆ្នាំទេ អ៊ីចឹងនៅឆ្នាំ២០២២ កូនស្រីអាយុពេញក្រមុំ គឺដល់ថ្ងៃដែលអ្នកនាងរៀបការតែម្តង។

ថ្វីត្បិតតែអ្នកនាងយុគ ចិន្តា ហាក់មានជំនឿចិត្តយ៉ាងមុតមាំចំពោះគូស្នេហ៍ថ្មីនេះមែន តែនៅពេលសួរថា មានបានកំណត់ថ្ងៃរៀបការជាក់លាក់ទេ អ្នកនាងចិន្តា ថា មិនទាន់ដឹងច្បាស់ទេ តែ៣ឆ្នាំខាងមុខនេះទៀត គឺប្រាកដជារៀបការមែន។

ការថ្លែងរបស់អ្នកនាងយុគ ចិន្តា នៅពេលនេះ ច្បាស់ណាស់ថា ធ្វើឱ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងរីករាយជាខ្លាំង ព្រោះថា ពួកគេបារម្ភខ្លាចអ្នកនាងចិន្តា មិនចង់រៀបការអស់មួយជីវិតនោះ ច្បាស់ជាមួយជាតិនេះ អ្នកនាងចិន្តា មិនមែនជានារីមានសំណាងជាងគេទេ តែអាចអភ័ព្វស្នេហ៍ជាងគេវិញ ក៏ថាបាន ព្រោះថា អ្នកនាងមានអ្វីៗគ្រប់យ៉ាងស្ទើរតែទាំងអស់ តែបែរជាមិនអាចរៀបការដូចស្ត្រីដទៃទៀតបានទៅវិញ។

យុគ ចិន្តា បានផ្តាច់ស្នេហ៍អាណិកជនខ្មែរ មកពីអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ ក្រោយពីពួកគេបានសាងស្នេហាជាមួយគ្នាជាង៥ឆ្នាំ ហេតុនេះហើយបានជាធ្វើឱ្យគម្រោងរៀបការត្រូវរំសាយចោលអស់។ ដោយមិនទុកបេះដូងឱ្យនៅទំនេរ នាំតែរងាឯកោ ទើបអ្នកនាងចិន្តា បានភ្ជាប់ស្នេហ៍ថ្មីភ្លាម ជាមួយឯកឧត្តមម្នាក់ ដែលអ្នកសិល្បៈជាច្រើននិយាយថា លោកមានចរិតសុភាពរាបសា ស្លូតបូត ហើយស្រលាញ់អ្នកនាងចិន្តា ស្ទើរលេប។

ប៉ុន្តែក៏មានតារាខ្លះបែរជានាំគ្នាខ្សឹបខ្សៀវគ្នាថា អ្នកនាងចិន្តា និងគូស្នេហ៍ថ្មី មិនសូវស័ក្តិសមគ្នា ហើយថែមទាំងគ្មានភាពផ្អែមល្ហែមដូចគូស្នេហ៍មុនៗទៀតផង។

ការថ្លែងបែបនេះ ដោយសារតែអ្នកនាងចិន្តា និងឯកឧត្តមនោះ រាងផ្អើលៗជាមួយអ្នកកាសែត ហើយអ្នកទាំង២ កម្រនឹងបណ្តើរគ្នាតែ២នាក់ ដូចគូស្នេហ៍ តារាដទៃណាស់ ហើយមានពេលខ្លះ អ្នកនាងចិន្តា មិនព្រមឈរ២នាក់សង្សារ ឱ្យអ្នកសារព័ត៌មានថតរូបឡើយ។

អ្នកខ្លះបានហៅអ្នកនាងយុគ ចិន្តា ថា សកម្មភាពរបស់នាង គឺនៅមិនទាន់មានទំនុកចិត្តលើគូស្នេហ៍ទាំងស្រុង១០០% ដូចការអះអាងថា នឹងរៀបការ៣ឆ្នាំខាងមុខទៀតនោះទេ ព្រោះថា ពិធីការិនីល្បីឈ្មោះរូបនេះ អាចស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នាជាមួយគូស្នេហ៍ឱ្យបានច្បាស់លាស់ជាមុនសិន មុនពេលពួកគេត្រូវដឹកដៃគ្នាក្រាបផ្ទឹម។

ប៉ុន្តែអ្នកនាងចិន្តា មិនដែលហ៊ានលាតត្រដាងរឿងស្នេហាឱ្យមហាជនអស់ការសង្ស័យឡើយ ដោយអ្នកនាងថា មិនចង់និយាយរឿងឯកជនផ្ទាល់ខ្លួន។

យ៉ាងណា តាមរយៈការសន្យាថា នឹងចូលរោងការនៅឆ្នាំ២០២២នេះ អ្នកនាងយុគ ចិន្តា ប្រាកដជាអាចលុបដានស្នេហ៍ចាស់អស់ជាមិនខានឡើយ នៅ៣ឆ្នាំខាងមុខនេះ ហើយអ្នកដែលចាត់ទុកអ្នកនាងថា ជាតារាបរាជ័យស្នេហា នឹងលែងហ៊ានក្អកដាក់អ្នកនាងចិន្តា ទៀតជាមិនខាន ព្រោះថា ពេលនេះ អ្នកនាងរកបានបុរសពិសេសម្នាក់ជាអ្នកព្យាបាល បេះដូងហើយ៕

RELATED ARTICLES