ការទៅច្រៀងនៅកាណាដា លើកនេះ របស់តារាចម្រៀងមាស សុខសោភា គឺខុសពីសព្វដង ព្រោះនាងបានយកនាឡិកាដៃទៅឃោសនាលក់ ដើម្បីយកថវិកាមកអភិរក្សសត្វ និងព្រៃឈើនៅតំបន់អភិរក្ស។

តារាចម្រៀងផលិតកម្មថោន មាស សុខសោភា បានឱ្យដឹងថា សកម្មភាពបែបនេះ នាងបានធ្វើរយៈពេល២ឆ្នាំមកហើយ និងបន្តធ្វើកិច្ចការនេះតទៅមុខទៀត លុះត្រាណាបានទទួលលទ្ធផលល្អ។

ដោយឡែក ការចេញច្រៀងសម្តែង កាលពីថ្ងៃទី២២ ខែមេសា នៅហាងគីមហួរ ប្រទេសកាណាដា អ្នកចម្រៀងមាស សុខសោភា នៅតែមានការគាំទ្រច្រើនពីសំណាក់អាណិកជនខ្មែរ នៅទីនោះ ហើយនាងមានអារម្មណ៍រំភើបនៅពេលដែលនាឡិការបស់នាង ដែលយកទៅលក់នោះ ត្រូវបានអាណិកជនខ្មែរ នៅទីនោះ ដេញថ្លៃយកក្នុងតម្លៃមួយគ្រឿង រហូតដល់ទៅ២០០០ដុល្លារឯណោះ។

ប្រភពបានឱ្យដឹងថា អាណិកជនខ្មែរ នៅកាណាដា គាំទ្រចំពោះសកម្មភាពរបស់មាស សុខសោភា ដែលចូលរួមជួយសង្គម តាមរយៈការចង់អភិរក្សសត្វ និងព្រៃនៅប្រទេសកម្ពុជា ហេតុនេះហើយ ទោះជានាឡិកានោះ ត្រូវសោភា ដាក់លក់ជាង២ពាន់ដុល្លារ ក៏នៅតែមានគេហ៊ានទិញដែរ។

មាស សុខសោភា បានហោះទៅច្រៀងនៅប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមេសា ដែលតាមគម្រោង នាងត្រូវបាត់ខ្លួនពីក្នុងស្រុករយៈពេល៣ខែ ពោលគឺអំឡុងពាក់កណ្តាលខែកក្កដា ទើបវិលវិញ។

សោភា បានប្រាប់អ្នកយកព័ត៌មានយើងថា ការចេញទៅច្រៀងនៅកាណាដា ជើងនេះ ជាលើកទី៣ ហើយសម្រាប់នាង ប៉ុន្តែដោយសារអាណិកជនខ្មែរ នៅកាណាដា តិចពេក ហេតុនេះហើយនាងមានគម្រោងបង្ហួសចេញទៅច្រៀងនៅសហរដ្ឋអាមេរិក ផងដែរ។

ការចេញទៅកើបលុយនៅក្រៅស្រុករបស់មាស សុខសោភា នៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ គឺនាងត្រូវបានស្វាមី លោកអ៊ឹត រ៉ាដា រួមដំណើរ ហើយទស្សនិកជនសង្ស័យថា សោភា អាចនឹងដឹកដៃម្ចាស់ចិត្តចូលរោងការក្រោយ ឱក សុគន្ធកញ្ញា តែនាងថា មិនចង់រៀបការជាចំហឡើយ បន្ទាប់ពីបានរៀបការតាមបែបសាសនាគ្រឹស្តនៅកាណាដា ម្តង កាលពីឆ្នាំ២០០៨៕

