“លុយអ្នកណាមិនចង់បាន តែបើឱ្យខ្ញុំផឹកស្រាមួយកែវ ឱ្យ២០០ដុល្លារ ហើយខ្ញុំចូលពេទ្យ អស់៦០០ដុល្លារអី តើអ្នកណាគេចេញឱ្យខ្ញុំ ៤០០ដុល្លារទៀត ?” នេះជាការលើកឡើងរបស់តារាកំប្លែងពោះម៉ាយនាយហុងដា ដែលមានភរិយាវ័យក្មេងត្រូវកូនប្រុសប្លន់សម្លាប់យ៉ាងព្រៃផ្សៃកាលពីឆ្នាំមុន។

នាយហុងដា អះអាងថា “ខ្ញុំផ្អាកធ្វើការយប់ហើយមួយរយៈនេះ ព្រោះខ្ញុំមិនអាចផឹកបានច្រើនរាល់ថ្ងៃទៀតទេ។ តាមពិត មានថៅកែហាង គេហៅខ្ញុំឱ្យធ្វើការយប់ដែរ តែខ្ញុំខ្លាចរឿងផឹកហ្នឹង បានខ្ញុំផ្អាកធ្វើការយប់សិន។ តាមពិត យើងត្រូវការ និងចង់បានលុយណាស់ តែបើចាក់ស្រា១កែវពេញ ឱ្យលើកម្តងឱ្យដាច់ ឱ្យលុយធីប២០០ដុល្លារអី សួរថា ចេញពីផឹកហ្នឹង យើងទៅណា ក្រៅពីទៅពេទ្យ? ហើយបើរលេះរលួយថ្លើមព្យាបាលអស់៦០០ដុល្លារអី អ្នកណាអ្នកចេញថ្លៃពេទ្យឱ្យទៅ ? ខ្ញុំសូមអរគុណដែលបងប្អូនគាត់រាប់អានខ្ញុំ ហៅទៅឱ្យលុយធីបអី តែយើងទ្រាំមិនបានរឿងលើកឱ្យដាច់ហ្នឹងតែម្តង អ៊ីចឹងហើយបានជាសូមអធ្យាស្រ័យគាត់ហ្នឹង”។

នាយហុងដា ធ្លាប់ច្រៀង និងលេងកំប្លែងយប់នៅហាងបុប្ផាជាយដែន និងពិភពរាត្រីថ្មី ហើយថ្មីៗនេះ នាយក៏ត្រូវថៅកែហាងហេភីផាលេស ហៅឱ្យច្រៀងពេលរាត្រីផងដែរ តែពោះម៉ាយរូបនេះបានបដិសេធ។

នាយហុងដា ថា ប៉ុន្មានថ្ងៃមុន លោកបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយនៅសុរិន្ទ ហើយភ័យណាស់ ព្រោះផឹកផង ជក់ផង តែលទ្ធផលចេញមកធូរទ្រូងបន្តិច ព្រោះពេទ្យថា នៅល្អទាំងអស់ លើសតែខ្លាញ់បន្តិចទេ បើហាត់ប្រាណទៅ នឹងបាត់វិញហើយ។ ដោយឡែក រឿងទាក់ទងរកប្រពន្ធថ្មីវិញ នាយហុងដា ថា មិនទាន់គិតគូរឆាប់ៗនេះទេ ព្រោះនាយត្រូវការពេលវេលាណាមួយឱ្យបានសមស្របសិន។

នាយហុងដា បានយំសោកបោកខ្លួន ក្រោយពេលប្រពន្ធក្មេងសាច់សខ្ចីល្វក់ស្លាប់ ដោយសារកូនប្រុសរបស់លោកជាមួយភរិយាមុន នាងឃ្មឹប ប្លន់សម្លាប់បន្សល់ទុកកូនស្រីម្នាក់ ដល់នាយចិញ្ចឹមបីបាច់រាល់ថ្ងៃ ខណៈដែលកូនប្រុសលោកជាប់ពន្ធនាគារជាច្រើនឆ្នាំ។

នាយហុងដា ថា ដោយសារលោកមិនទាន់កាត់ចិត្តពីភរិយាមុនបាន ទើបពេលនេះនៅមិនទាន់ចង់បានប្រពន្ធថ្មី៕

