ភ្នំពេញ ៖ ស្ត្រីអភ័ព្វម្នាក់ បានរួមរស់នឹងប្តីជិត10ឆ្នាំ បម្រើផ្គាប់ផ្គន់ប្តី មិនដែលឱ្យឃ្នើសចិត្តឡើយ ស្រាប់តែនៅសុខៗប្តីចាត់ទុកប្រពន្ធជាវេស្សន្តរ ទទូចអង្វរសុំឱ្យប្រពន្ធព្រមបើកផ្លូវឱ្យខ្លួនជាប្តីចេញទៅរួមរស់ជាមួយនឹងស្រីថ្មីម្នាក់ទៀត ដោយអះអាងថា រស់នៅគ្មាននាងមិនបាននោះទេ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធស្ទើរគាំងបេះដូងស្លាប់ និយាយអ្វីក៏លែងចេញ ទីបំផុត ប្តីក៏ចុះចោលប្រពន្ធកូនដោយគ្មានអាល័យ ទៅសម្ងំរួមស្នេហ៍ជាមួយស្រីថ្មីយ៉ាងរំភើយ សូម្បីតែកូនឈឺចង់ឃើញមុខឪពុក ក៏ចិត្តដាច់មិនព្រមមកមើលកូនដែរ។

ស្ត្រីអភ័ព្វខាងលើ មិនបានបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណនោះទេ ប៉ុន្តែបង្ហើបប្រាប់ថា ប្តីរបស់នាង មានឈ្មោះធ្នូ ជាបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ីនធឺណែត និងជាបុគ្គលិកបណ្តែតអង្គភាពប្រឆាំងអំពើពុករលួយ។

ស្ត្រីអភ័ព្វរូបនេះ បានរៀបរាប់ទាំងទឹក ភ្នែកប្រាប់ថា នាងនិងប្តី បានរៀបការនឹងគ្នាត្រឹមត្រូវតាមផ្លូវច្បាប់ តាំងពីឆ្នាំ2010មកម៉្លេះ ដោយមានទាំងសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ទៀតផង។ រហូតមកដល់សព្វថ្ងៃ ប្តីប្រពន្ធនាងរួមរស់បង្កើតបានកូនប្រុស2នាក់ ជាចំណងនិស្ស័យ ដោយក្នុងនោះ កូនប្រុសច្បងមានវ័យ8ឆ្នាំ។ ចំណែកកូនប្រុសពៅ ទើបនឹងមានអាយុ1ខួប2ខែប៉ុណ្ណោះ បែរជាប្តីដាច់ចិត្តចុះចោលប្រពន្ធ និងកូនទាំង2 ដោយគ្មានស្រណោះអាល័យ ឬនឹកដល់អនុស្សាវរីយ៍ធ្លាប់កម្សត់កម្រនឹងគ្នាបន្តិចសោះ។

ស្ត្រីអភ័ព្វខាងលើ បានបន្តទាំងអួលអាក់ថា ប្តីនាងបានចុះចោលផ្ទះ ចោលនាងនិងកូនៗ អស់រយៈពេល5ខែមកហើយ ពោលគឺប្តីចុះចេញតាំងពីថ្ងៃទី28 ខែធ្នូ ឆ្នាំ2018 ហើយសព្វថ្ងៃ ឮថាកំពុងសម្ងំរស់នៅសោយសុខជាមួយស្រីថ្មី នៅម្តុំជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ ឯណោះ។ នាងទើបនឹងបានដឹងរឿងរ៉ាវថា ប្តីមានស្រីនេះ នៅអំឡុងក្រោយពិធីបុណ្យអុំទូក ឆ្នាំ2018 ប៉ុណ្ណោះ ដោយប្តីជាអ្នកសារភាពប្រាប់នាងដោយផ្ទាល់មាត់តែម្តង។ កាលណោះ ប្តីនាងបានទៅខេត្តសៀមរាប4យប់ ដោយប្រាប់ថា ទៅធ្វើការងារ តែតាមពិតទៅរកស្រីថ្មីនោះសោះ ដែលស្រីម្នាក់នោះ ដើមឡើយ គឺជាប្អូនធម៌របស់ប្តីនាង ហើយនាងមានប្តីហើយ ប៉ុន្តែលែងលះគ្នាមិនទាន់ដាច់ស្រេច ព្រោះប្តីមិនព្រមផ្តិតមេដៃ ទើបយកប្តីនាងជាវាគ្មិន ជួយប្រឹក្សាយោបល់ចុះឡើងៗ ក៏ក្លាយជាភ្លើងស្នេហ៍រោលរាលតែម្តង។

ស្ត្រីខាងលើ បានឱ្យដឹងទៀតថា មុនដំបូង ប្តីនាងបានសារភាពប្រាប់នាងត្រង់ៗថា គាត់ទៅសៀមរាប ប៉ុន្មានថ្ងៃនេះ គឺបានទៅដេកជាមួយប្អូនស្រីធម៌ម្នាក់នោះ ពេលឮប្តីនិយាយបែបនេះ នាងជាប្រពន្ធក៏មិនមាត់ក ឬរករឿងដេញដោលប្តីអ្វីដែរ ព្រោះតែនឹកថា ម្ទេសណាមិនហឹរ ប្រុសណាមិនខូច។ បន្ទាប់មក ប្តីរបស់នាងក៏បានរួមរស់នឹងនាងបាន1ខែទៀត តែអំឡុងពេលរួមរស់នេះ គឺប្តីចេះតែទទូចអង្វរនាងសុំទៅរួមរស់ជាមួយស្រីថ្មីម្នាក់នោះ ដោយប្តីចេះតែពោលពាក្យដដែលៗថា “ឱ្យបងទៅនៅ ជាមួយគេទៅ ព្រោះបងរស់អត់គេមិនបានទេ ហើយឱ្យតែព្រមឱ្យបងទៅ បងមិនទាមទារយកអ្វីទាំងអស់។ ចំណែកកូន2នាក់នេះ គឺបងគ្មាននិស្ស័យជាមួយឡើយ”។ គ្រាន់តែស្តាប់ឮសម្តីប្តីបែបនេះ ធ្វើឱ្យនាងឈឺចុកចាប់ស្ទើរនឹងក្អួតឈាមស្លាប់ មិននឹកស្មានថា ប្តីដែលនាងស្រលាញ់ស្មើនឹងកែវភ្នែក មើលថែបម្រើ ផ្គាប់ផ្គុនមិនដែលឱ្យទើសចិត្ត បែរជាបោះពាក្យសម្តីដាក់នាងបែបនេះសោះ។ យ៉ាងណា នាងពិតជាហាមាត់មិនរួចទេ ដែលឱ្យប្តីទៅគេ តើស្រីណាអាចហាទៅរួច? ស្រាប់តែមិនបានប៉ុន្មាន ប្តីរបស់នាងក៏បានវេចបង្វេចចុះចោលនាង និងកូនៗបាត់។ លុះ1អាទិត្យក្រោយមក ប្តីថែមទាំងបានទូរស័ព្ទមកប្រាប់ឱ្យនាងទៅដាក់ពាក្យបណ្តឹងទៅ ថាប្តីចុះចោលហើយ ហើយប្តីក៏មិនអាចវិលត្រឡប់មកវិញបានដែរ។ រីឯសាច់ញាតិប្តីទៀតសោត ពិសេសបងស្រីរបស់ប្តី ធ្លាប់បាននិយាយជាមួយនាងថា បើគេអស់និស្ស័យទៅហើយ មិនព្រមផ្តិតមេដៃឱ្យគេទេ នៅចងកម្មពៀរគេដល់ណាទៀត? ដោយសារតែមូលហេតុនេះបានធ្វើឱ្យនាងរស់នៅពិបាកជាងស្លាប់ទៅទៀត យប់ណាក៏ដេកយំហើមភ្នែកដែរ ព្រោះនឹកស្មានមិនដល់ថា ប្តីដែលនាងស្រលាញ់ស្មើជីវិត និងមិនដែលធ្វើអ្វីឱ្យប្តីឃ្នើសចិត្ត បែរជាដាច់ចិត្តចុះចោលនាងបែបនេះសោះ តើនាងខុសអ្វី? ឬជាកម្មពៀរអ្វីរបស់នាង តាំងពីជាតិណាមក?

ស្ត្រីជាប្រពន្ធរូបនេះ បានបញ្ជាក់ថា អ្វីដែលធ្វើឱ្យនាងកាន់តែឈឺចាប់បំផុតនោះ គឺនៅពេលដែលប្តីចុះចោលបាត់នោះ កូនប្រុសពៅរបស់នាងបានឈឺធ្ងន់ដេកពេទ្យគន្ធបុប្ជា និងចេះតែដង្ហោយហៅប៉ាៗជាប់មាត់ ទើបនាងអាណិតកូន ក៏ដាច់ចិត្តទូរស័ព្ទទៅប្តី សុំត្រឹមឱ្យមកជួបមុខកូនផង គឺគ្រប់គ្រាន់ហើយ ព្រោះនាងមិនចង់បានអ្វីលើសពីនេះទៀតទេ តែប្តីបែរជាឆ្លើយថា គេរវល់ណាស់ គ្មានពេលទៅមកមើលកូនទេ ហើយពេលនោះ នាងក៏មិនមាត់អ្វីដែរ។ លុះក្រោយមកទៀត កូនប្រុសពៅម្នាក់នេះ ក៏ចាប់ផ្តើមឈឺធ្ងន់ជាលើកទី2 និងនៅតែហៅរកប៉ាទៀត ទើបនាងខលទៅប្តី សុំឱ្យប្តីមកមើលកូន តែប្តីនៅតែឆ្លើយថា រវល់គ្មានពេលមកមើលដដែល លុះនាងខឹងពេក ក៏សួរប្តីថា “ចុះបើកូនស្លាប់ មកមើលខ្មោចកូនអត់?” ស្រាប់តែប្តីឆ្លើយមកវិញថា “ចុះបើងាប់ហើយ ឱ្យធ្វើយ៉ាងម៉េច?”។ ចាប់ពីនោះមក នាងដឹងច្បាស់ថា ប្តីពិតជាដាច់អាល័យពីប្រពន្ធកូនប្រាកដមែន ទើបនាងព្យាយាមកាត់ចិត្តពីប្តី ហើយក៏មានមិត្តភក្តិជួយណែនាំឱ្យនាងស្តាប់ព្រះធម៌ ដើម្បីបន្តដំណើរជីវិតទៅមុខទៀត ទើបនាងព្យាយាមស្តាប់ព្រះធម៌ ធ្វើឱ្យមានកម្លាំងចិត្តរស់នៅដល់សព្វថ្ងៃ។

ស្ត្រីជាប្រពន្ធរូបនេះ បានអះអាងថា អ្វីដែលនាងចង់បាននៅពេលនេះ មិនមែនចង់បានប្តីត្រឡប់មកវិញនោះទេ ព្រោះនាងដឹង ថា ទោះជាយកដំរីទៅអូសទាញទៀត ក៏ប្តីមិនមកវិញដែរ តែនាងគ្រាន់តែចង់ទម្លាយរឿងរ៉ាវឈឺចាប់ ដែលនាងព្យាយាមលាក់ទុកច្រើនខែ ស្ទើរប្រេះទ្រូងស្លាប់ឱ្យគេឯងបានដឹង ទុកជាបទពិសោធន៍ជីវិត សម្រាប់នារីៗទាំងឡាយ និងចង់ឱ្យមហាជនជួយពិចារណាមើលថា តើទង្វើប្តីរបស់នាងខ្ញុំត្រឹមត្រូវដែរឬទេ? តើប្តីនាងខ្ញុំជាមនុស្សបែបណា?។
ពាក់ព័ន្ធនឹងការលើកឡើង របស់ស្ត្រីជាប្រពន្ធខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺ ពីភាគីបុរសជាប្តីបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕