ខេត្តកណ្តាល ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីចូលរួមពិធីបុណ្យមិត្តភក្តិ ក៏ជិះម៉ូតូតែម្នាក់ឯងសំដៅមកផ្ទះវិញ ស្រាប់តែមកដល់កន្លែងស្ងាត់ ក៏លេចមុខជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូដេញតាមពីក្រោយ រួចធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ បន្ទាប់មកជនសង្ស័យក៏ស្ទុះចូលទៅកាប់ជនរងគ្រោះបន្ថែមទៀត រួចក៏ប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ លុះក្រោយពីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈដែលបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីកាប់ប្លន់ម៉ូតូខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះមានឈ្មោះម៉ឺន សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល (រងរបួសកែងដៃឆ្វេង១កន្លែង និងបាតដៃទាំងសងខាង)។ ចំណែកជនសង្ស័យមានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះផល ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅក្នុងភូមិបឹងកំពិល ឃុំទួលសូភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បច្ចប្បន្នស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២-ឈ្មោះឃាត វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាង ផ្សារដែក មានលំនៅក្នុងភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (គេចខ្លួន)។ និងទី៣-ឈ្មោះវុទ្ធី សំអូន ហៅប៊ុម ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (គេចខ្លួន)។ សម្ភារបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FU-4085 លេខម៉ាស៊ីននិងលេខតួ ៩៥៥៧៤១៥។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះជិះម៉ូតូម្នាក់ឯងចេញពីបុណ្យនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ត្រឡប់មកផ្ទះវិញ។ លុះដល់វេលាម៉ោង១០យប់ថ្ងៃដដែល ពេលជនរងគ្រោះជិះម៉ូតូមកដល់ភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ស្រាប់តែលេចមុខជនសង្ស័យទាំង៣នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម (សង់ប៊ិច) ពណ៌ខ្មៅ បើកភ្លើងឡាហ្ស៊ែ ជិះវ៉ាពីក្រោយជនរងគ្រោះ លុះពេលមកដល់ទន្ទឹមគ្នា ជនសង្ស័យឈ្មោះវុទ្ធី សំអូន បានធាក់ម៉ូតូជនរងគ្រោះផ្តួលទៅលើដី ហើយឈ្មោះឃាត វិចិត្រ បានចុះពីលើម៉ូតូកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសស្នាម រួចលើកម៉ូតូជិះគេចខ្លួន សំដៅទៅទិសខេត្តព្រៃវែង បាត់ស្រមោល។

លុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការណ៍ជាមួយកម្លាំងស្នងការរាជធានី ភ្នំពេញ បានឃាត់ជនសង្ស័យឈ្មោះផល ពិសិដ្ឋ នៅរាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យព្រហ្មកម្រិតស្រាលរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យឈ្មោះ ផល ពិសិដ្ឋ ឱ្យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចាត់ការបន្តតាមនីតិវិធី៕

