ស្ត្រីម្នាក់ដែលត្រូវជាសាច់ញាត្តិរបស់លោកប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ បានទូរស័ព្ទមកការិយាល័យ ”នគរធំ” កាលពីរសៀលថ្ងៃទី២០ ខែឧសភា ថា តារាសម្ដែងប៉ា ពិសិដ្ឋ ដែលសារព័ត៌មានជាច្រើនបានសរសេរថា ជាក្មួយអតីតអភិបាលរាជធានីភ្នំពេញ លោកប៉ាសុជាតិវង្ស នោះ អ្នកស្រីសូមបញ្ជាក់ថា ដំណឹងនេះមិនមែនជាការពិតទេ។

ស្រី្ដរូបនោះបានបញ្ជាក់ថា ”ប៉ា ពិសិដ្ឋ ហ្នឹង មិនមែនជាក្មួយលោកប៉ា សុជាតិវង្ស ទេ ! ឈប់ច្រឡំទៀតទៅ! ម៉េចឲ្យតែមានត្រកូលដូចគ្នា សុទ្ធតែជាបងប្អូនទាំងអស់មែន? ពិសិដ្ឋ ហ្នឹង មិនត្រឹមតែមិនមែនជាក្មួយទេ សូម្បីតែជាបងប្អូនសាច់ឆ្ងាយរបស់លោកប៉ា សុជាតិវង្ស ក៏មិនមែនដែរ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា មេត្តាកុំយល់ច្រឡំទៅទៀត ព្រោះរឿងនេះខ្ញុំដឹងច្បាស់ណាស់”។

តារាសម្ដែងប៉ា ពិសិដ្ឋ បានចូលថត MV ឲ្យផលិតកម្មតោមាស រៃមាស ហើយបានបង្កាត់ភ្លើងស្នេហាជាមួយតារាសម្ដែងឡោមលក្ខិណា រហូតពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ ទាំងមិនទាន់ចូលរោងការ។

គេកត់សម្គាល់ថា កន្លងមកមានការលើកឡើងថា ឡោម លក្ខិណា បានទាត់ចោលស្នេហ៍ឌីជេ ក្ដឹប ដោយសារតែទៅភ្ជាប់ស្នេហ៍ជាមួយប្រុសសង្ហា កូនអ្នកមាន ត្រូវជាក្មួយអតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស គឺលោកប៉ា ពិសិដ្ឋ ប៉ុន្តែពេលនេះ មានសាច់ញាតិលោកប៉ា សុជាតិវង្ស បានចេញមកបំភ្លឺហើយថា តារាសម្ដែងពិសិដ្ឋ ត្រូវជាស្វាមីរបស់លក្ខិណា មិនមែនជាក្មួយរបស់លោកសុជាតិវង្ស ដូចការលេចឮនាពេលកន្លងមកទេ៕



