ភ្នំពេញ ៖ យុវជនជាពេទ្យធ្មេញម្នាក់ បានទៅចូលរួមមង្គលការមិត្តភក្តិ លុះចេញមកវិញ ក៏នាំគូស្នេហ៍ទៅដើរលេងរហូតដល់យប់ជ្រៅ ទើបវិលត្រឡប់មកបន្ទប់ដេកវិញតែម្នាក់ឯង ក៏ស្រាប់តែត្រូវជនមិនស្គាល់មុខ បានធ្វើសកម្មភាពចូលទៅកាប់ចិញ្ច្រាំរហូតដល់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ស្នាក់នៅ លុះព្រឹកឡើង ឪពុកមាបើកទ្វារចូលទៅ ទើបប្រទះឃើញ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង7និង30នាទីព្រឹក ថ្ងៃទី20 ខែឧសភា ឆ្នាំ2019 នៅចំណុចផ្ទះជួលបើកពេទ្យធ្មេញ មួយកន្លែង យីហោ វុត្ថា ពិនិត្យព្យាបាលជំងឺមាត់ធ្មេញ មានទីតាំងស្ថិតនៅផ្សារត្រពាំងព្រាយ តាមបណ្តោយផ្លូវលេខ151 ស្ថិតក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។

យុវជនរងគ្រោះដែលត្រូវឃាតករចាក់ សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះធន់ រ៉ាវីន អាយុ19ឆ្នាំ មានស្រុកកំណើតនៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃមករៀនពេទ្យធ្មេញ និងស្នាក់នៅជាមួយឪពុកមា ឈ្មោះមឿន សុវុត្ថា ជាពេទ្យធ្មេញនៅចំណុចកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ7យប់ ថ្ងៃទី19 ខែឧសភា ឆ្នាំ2019 គេឃើញយុវជនរងគ្រោះបានធ្វើដំណើរទៅហូបការអ្នកភូមិនៅក្បែរនោះ ជំនួសឪពុកមា។ លុះដល់វេលាម៉ោងប្រមាណ9យប់ថ្ងៃដដែល ជនរងគ្រោះក៏បានចេញពីហូបការគេវិញត្រឡប់មកផ្ទះម្តងរួចមកហើយ តែបន្តិចក្រោយមក ជនរងគ្រោះក៏បានចេញទៅដើរលេងជាមួយសង្សាររបស់ខ្លួន រហូតដល់យប់ជ្រៅ ម៉ោងប្រមាណជាង11យប់ថ្ងៃដដែល ទើបបែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួន ចំណែកជនរងគ្រោះ ក៏បានត្រឡប់ទៅដេកនៅក្នុងបន្ទប់របស់ ខ្លួនវិញ នៅចំណុចទីតាំងកើតហេតុខាងលើ។ ស្រាប់តែព្រឹកឡើង ពេលដែលឪពុកមារបស់ជនរងគ្រោះ ដែលជាពេទ្យធ្មេញបើកទ្វារចូលទៅក្នុងកន្លែងធ្វើធ្មេញ ដែលជនរងគ្រោះស្នាក់នៅ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះ ត្រូវគេកាប់សម្លាប់យ៉ាងឃោរឃៅតែម្តង។

តាមសម្តីរបស់ឪពុកមាជនរងគ្រោះ ដែលជាអ្នកប្រទះឃើញហេតុការណ៍មុនគេ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានភ្ញៀវមកធ្វើធ្មេញ និងបានទូរស័ព្ទហៅគាត់ឱ្យមកបើកទ្វារ លុះពេលដែលរូបគាត់ទៅដល់ និងបើកទ្វារចូលទៅក្នុងបន្ទប់របស់ក្មួយប្រុសជាជនរងគ្រោះ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុក ឈាមក្បែរគ្រែទៅហើយ ទើបធ្វើឱ្យគាត់ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍។

ដោយឡែក យោងតាមគណនីហ្វេសប៊ុក ឈ្មោះ កញ្ញា ពេជ្រ ដែលត្រូវគេដឹងថា ជាសង្សាររបស់យុវជនរងគ្រោះខាងលើ កាលពីព្រឹកថ្ងៃទី20 ខែឧសភា ឆ្នាំ2019 បានបង្ហោះរូបភាព1សន្លឹក ដែលអ្នកទាំងពីរកំពុងឈរនៅខាងមុខរោងមង្គលការ និងមានថ្ងៃខែក្នុងរូបថត បញ្ជាក់ថា ថតនៅថ្ងៃទី19 ខែឧសភា ឆ្នាំ 2019 រួចបង្ហោះសារមួយថា “Rip b Thun Raven វាលឿនពេកហើយសម្រាប់ខ្ញុំ យប់មិញ បងអង្គុយនិយាយលេងជាមួយខ្ញុំសោះ ហើយបងសុំខ្ញុំថតរូបទៀត ហើយម៉ោង 11ៈ 03 បងថាយប់ហើយ ឱ្យខ្ញុំគេងទៅ ហើយបងនិយាយទៀតថា ចាំបងឧស្សាហ៍ទៅលេងផ្ទះខ្ញុំ ឱ្យម៉ាក់ខ្ញុំចូលចិត្ត ចុះឥឡូវម៉េចបងទៅចោលខ្ញុំចឹង…?”។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះ ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចកំពុងសង្ស័យថា ឃាតករមិនត្រឹមតែមានគោលដៅចាក់សម្លាប់ជនរងគ្រោះប៉ុណ្ណោះទេ តែឃាតករថែមទាំងមានបំណងចាក់សាំងដុត កម្ទេចសាកសពចោលទៀតផង ដើម្បីបំបាត់ភ័ស្តុតាង ប៉ុន្តែទំនងជាឱកាសមិនអំណោយផល ទើបឃាតករបានរត់គេចខ្លួនបាត់ទៅ។ ការដាក់ការសង្ស័យបែបនេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានរកឃើញដបសាំង1ដប នៅក្នុងទីតាំងកើតហេតុ ចំណែកសាកសពជនរងគ្រោះវិញ មានស្នាមរលាកជាច្រើននៅត្រង់ខ្នង។

ជាមួយនេះ បើតាមការពិនិត្យណៅកន្លែងកើតហេតុ ឃើញសុទ្ធតែឈាម ដែលអាចបញ្ជាក់បានថា ជនរងគ្រោះអាចនឹងមានការប្រតាយប្រតប់គ្នា ជាមួយឃាតករទៀតផង។

ដោយឡែក ក្រោយកើតហេតុ សមត្ថកិច្ចក៏បានធ្វើការសាកសួរនារីជាសង្សាររបស់យុវជនរងគ្រោះផងដែរ ហើយនារីជាសង្សារបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីយប់មិញ បន្ទាប់ពីហូបការគេរួច នាងនិងជនរងគ្រោះជាសង្សារបាននាំគ្នាទៅហូបប្រហិត និងបាននិយាយគ្នាលេង រហូតដល់ម៉ោងជាង១០យប់ ទើបនាំគ្នាដើរត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដោយមិនមានអ្វីកើតឡើងនោះឡើយ ស្រាប់តែព្រឹកឡើង ក៏មានការផ្អើលឆោឡោថា ជនរងគ្រោះត្រូវគេចាក់សម្លាប់ ក្នុងបន្ទប់ដេកបែបនេះតែម្តង។

ទោះបីជាយ៉ាងណា គេពុំដឹងថា យុវជននោះមានរឿងអ្វី ឬទំនាស់ជាមួយអ្នកណានោះទេ បានជាត្រូវឃាតករចូលទៅសម្លាប់យ៉ាងព្រៃផ្សៃបែបនេះ ប៉ុន្តែបើតាមការសន្និដ្ឋានក្រៅផ្លូវការអាចជារឿងគំនុំ ហើយអាចផ្តើមចេញពីស្នេហាត្រីកោណ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ពាក់ព័ន្ធទៅនឹងករណីឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងដុតដៃដុតជើង ដើម្បីកំណត់មុខសញ្ញា និងឈានដល់ការតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ នាំយកមកផ្តន្ទាទោសតាមច្បាប់៕