Sunday, November 16, 2025
Homeព័ត៌មានជាតិសន្តិសុខចោទជួញដូរថ្នាំញៀន រឹតកបុរសម្នាក់ស្លាប់ រួចរត់បាត់

សន្តិសុខចោទជួញដូរថ្នាំញៀន រឹតកបុរសម្នាក់ស្លាប់ រួចរត់បាត់

ភ្នំពេញ ៖ បុរសជាសន្តិសុខយាមបុរីម្នាក់ បានប្រកាសតាមអាយកូមប្រាប់សន្តិសុខដូចគ្នាថា ខ្លួនចាប់បានអ្នកជួញដូរថ្នាំញៀនម្នាក់ លុះអ្នករួមការងារតាមទៅមើលដល់កន្លែងកើតហេតុ បែរជាប្រទះឃើញបុរសម្នាក់ដេកស្លាប់ ចំណែកសន្តិសុខរូបនោះ បែរជារត់ គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងដីវាលរោងជាងឈើស្នាក់នៅ ក្នុងបុរីវិមានភ្នំពេញ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងក្រុមទី៤ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

សាកសពជាមនុស្សប្រុស សម្បុរខ្មៅស្រអែម មាឌល្មម កំពស់១,៦៤ម៉ែត្រ ភិនភាគពិសេសស្នាមខ្នៅនៅកែងដៃឆ្វេង ផ្នែកខាងក្នុង១កន្លែង មានចាក់សាក់រូបផ្កានៅកំភួនដៃស្តាំ ផ្នែកខាងក្នុង១កន្លែង និងមានចាក់សាក់នៅកំភួនជើងស្តាំ ១កន្លែង ប៉ុន្តែមិនស្គាល់សអត្តសញ្ញាណនោះទេ។ ចំណែកជនសង្ស័យមានឈ្មោះអ៊ុក កុសល (ព្រះនាម S 60) ភេទប្រុស មុខរបរជាសន្តិសុខបុរីវិមានភ្នំពេញ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

តាមសម្តីបុរសជាសន្តិសុខបុរីវិមានភ្នំពេញម្នាក់ អាយុ៦០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ សន្តិសុខម្នាក់ឈ្មោះអ៊ុក កុសល ព្រះនាមក្នុងវិទ្យុទាក់ទង S 60 (ជនសង្ស័យ) បានទូរសព្ទ័មកប្រាប់គាត់ថា ចាប់បានអ្នកជួញដូរថ្នាំញៀនម្នាក់ និងរត់រួចម្នាក់ នៅក្នុងបរិវេណបុរីវិមានភ្នំពេញ ដោយបន្សល់ទុកម៉ូតូ C១០០ កូរ៉េ១គ្រឿង តែមួយសន្ទុះក្រោយមក ស្រាប់តែឈ្មោះអ៊ុក កុសល បានហៅតាមវិទ្យុទាក់ទងថា ជនដែលគេចាប់បាននោះ សន្លប់ហើយ ទើបគាត់ប្រញាប់ទៅមើលដល់កន្លែងកើតហេតុ ស្រាប់តែទៅដល់ ឃើញជនរងគ្រោះដេកស្តូកស្តឹង លុះពេលគាត់ចូលទៅស្ទាបជីពចរ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកឈ្មោះអ៊ុក កុសល ព្រះនាម S 60 បានរត់គេចខ្លួនបាត់ស្រមោលទៅហើយដែរ ទើបគាត់ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើខ្លួនសាកសពមានស្នាមជាំកោស រលាត់នៅកន្ទុយភ្នែកស្តាំមួយកន្លែង កែវភ្នែកទាំងសងខាងឡើងកន្ទួលក្រហម ច្រាលឈាមនៅលើផ្ទៃមុខ និងកោសរលាត់នៅប្រជុំចិញ្ចើម ស្នាមជាំទ្រុឌនៅកចំនួន២កន្លែង ចំណែកក្រចកដៃជើងទាំងសងខាងឡើងស្វាយ។

ដោយឡែក វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុរួមមាន ទី១. កូនថង់ផ្លាស្ទិច១ មានដុំម្សៅសថ្លាមួយចំនួន និងទី២. ម៉ូតូសង់កូរ៉េចាស់ ១គ្រឿង គ្មានស្លាកលេខ ពណ៌ត្រួយចេក។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ មូលហេតុនៃការស្លាប់របស់ជនរងគ្រោះខាងលើ គឺដោយសារការរឹតកសម្លាប់។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយក ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចកំពុងដុតដៃជើងតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាសន្តិសុខខាងលើ នាំយកមកសាកសួរ និងផ្តន្ទាទោសតាមច្បាប់។/

RELATED ARTICLES