រតនគិរី៖ យុវជនម្នាក់បានទិញសាំងចាក់ដុតខ្លួនឯង ព្រោះតែខឹងឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្តួច បណ្តាលឲ្យឆាបឆេះរលាកពេញខ្លួនប្រាណ ត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ ដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៥និង៤៨នាទីល្ងាចថ្ងៃអង្គារ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ។

យុវជនចិត្តខ្លាំងទិញសាំងចាក់ដុតខ្លួនឯងនេះ មានឈ្មោះសាវើយ មិម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិព្រៅ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឥ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះអង្គុយផឹក លុះពេលផឹកអស់ ក៏បានសុំលុយឪពុកម្តាយដើរលេង ប៉ុន្តែឪពុកម្តាយមិនបានឲ្យនោះទេ ថែមទាំងហាមយុវជនរងគ្រោះថា “ស្រវឹងស្រា ហើយកុំដើរលេងអី ប្រយ័ត្នមានគ្រោះថ្នាក់” ពេលនោះយុវជនមិនបានស្តាប់ឪពុកម្តាយទេ ស្រាប់តែដើរទៅទិញសាំងកន្លះលីត្រ មកចាក់លើរាងកាយរបស់ខ្លួន រួចយកដែកកេះដុតខ្លួនឯងតែម្តង។

ប្រភពដដែលបានបន្តថា បន្ទាប់ពីឃើញយុវជនរងគ្រោះធ្វើដូច្នេះ ឪពុកម្តាយនិងក្រុមគ្រួសារ បាននាំគ្នាជួយសង្គ្រោះភ្លាមៗ និងដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមណ្ឌលសុខភាពស្រុកវើនសៃ។
បច្ចុប្បន្ន យុវជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅឡើយទេ៕