ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តពីរឿងអ្វី ក៏ស្រាប់តែជិះរ៉ឺម៉ូតូកង់បី១គ្រឿង មកឈប់មុខឱសថស្ថាន១កន្លែង រួចក៏ចុចទូរស័ព្ទនិយាយដូចជាឈ្លោះប្រកែកជាមួយនឹងនរណាម្នាក់ដែលត្រូវគេសង្ស័យថា ជាសង្សារ លុះក្រោយពេលដាក់ទូរស័ព្ទចុះ ក៏ស្រាប់តែនារីរូបស្រស់ម្នាក់នេះ បានទាញថ្នាំពីក្នុងកាបូបមកលេបជាច្រើនគ្រាប់ បំណងសម្លាប់ខ្លួន ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងមុខឱសថស្ថានយីហោ យូឃែរ ស្ថិតនៅផ្ទះលេខ១៧ ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នារីរូបស្រស់ដែលប៉ងសម្លាប់ខ្លួនខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន និងពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតេហតុ គេឃើញនារីវ័យក្មេងរូបស្រស់ជាជនជាតិចិនខាងលើ បានជិះម៉ូតូកង់បី១គ្រឿង មកឈប់ខាងមុខទីតាំងឱសថស្ថានខាងលើ លុះមកដល់ នារីរងគ្រោះក៏បានអង្គុយនៅលើកៅអីមួយខាងមុខឱសថស្ថាន ដោយមាននឹងទឹកមុខស្រពាប់ស្រពោន ដូចជាមានវិបត្តិអ្វីម៉្យាង។ លុះបន្តិចក្រោយមក នារីរងគ្រោះក៏បានទាញទូរស័ព្ទមកនិយាយជាភាសាចិន ជាមួយនឹងមនុស្សម្នាក់ទៀត ដែលត្រូវគេសង្ស័យថា ជាសង្សារ ហើយទំនងដូចជាតឹងសរសៃកដាក់គ្នាខ្លាំងណាស់ (ឈ្លោះគ្នា)។ លុះក្រោយ ពីឈប់និយាយទូរស័ព្ទរួចមក នារីរងគ្រោះក៏ស្រាប់តែលូកយកថ្នាំពីក្នុងកាបូបដៃរបស់នាង មកលេបជាច្រើនគ្រាប់តែម្តង។

មួយសន្ទុះក្រោយមក នារីរងគ្រោះ ក៏មានសភាពទន់ទៅៗ ដោយឃើញសភាពមិនស្រួល អ្នកនៅក្បែរនោះ បាននាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចដែលកំពុងល្បាតជួយអន្តរាគមន៍ ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ។

ស្រាប់តែបន្តិចក្រោយមក ក៏មានរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក អាលផាត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-2370 ដោយមានបុរសជាជនជាតិចិនដូចគ្នា ចំនួន៣ទៅ៤នាក់ មកដឹកពីកន្លែងខាងលើ យកទៅកាន់មន្ទីរពេទ្យបាត់ទៅ៕