ខេត្តបាត់ដំបង ៖ បុរសម្នាក់បានដើរចូលមកសុំផ្លែដូង១ផ្លែ យកទៅផឹក លុះឃើញឱកាសស្ងាត់ល្អ ស្រាប់តែទាញកាំបិតកាប់ម្ចាស់ផ្ទះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។

ជនរងគ្រោះខាងលើ មានឈ្មោះយ៉ម ឈួម អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានឱ្យដឹងថា មកទល់នឹងពេលនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណជនសង្ស័យនោះទេ ប៉ុន្តែគេសង្ស័យ ជនបង្កនោះជាមុខសញ្ញាញៀនថ្នាំនៅក្នុងមូលដ្ឋានតែម្តង។

បើតាមព័ត៌មានបឋមដែលមន្ត្រីជំនាញទទួបានពីសាក្សីនានា គឺដំបូងជនសង្ស័យនោះ បានដើរចូលទៅសុំផ្លែដូងជនរងគ្រោះ ខណៈជនរងគ្រោះស្នាក់នៅផ្ទះតែម្នាក់ឯង។ ដោយឃើញសភាពស្ងាត់ល្អ ស្រាប់តែជនល្មើសទាញកាំបិតកាប់ទៅលើជនររងគ្រោះ យ៉ាង ចាស់ដៃតែម្តង បណ្តាលឱ្យរបួសជាច្រើនកន្លែង ដែលទំនងមានចេតនាទុច្ចរិតអ្វីមួយ ឬប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិ តែមិនបានសម្រេចទេ ដោយសារជនរងគ្រោះរត់រួច និងបានស្រែកហៅអ្នកក្បែរខាងជួយ ធ្វើឱ្យជនល្មើសភ័យ ក៏រត់គេចខ្លួនបាត់ភ្លាមៗ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋានបែបណានៅឡើយទេ ប៉ុន្តែបើពិនិត្យលើសកម្មភាពដែលជនល្មើសបាន ប្រព្រឹត្តទៅលើជនរងគ្រោះ គេសង្ស័យអាចជាករណីប៉ុនប៉ងប្លន់ តែមិនបានសម្រេច។/