ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់អះអាងខ្លួនថា ជាភរិយាអភិបាលរងស្រុកបាណន់មួយរូប បានចេញមុខទម្លាយរឿងរ៉ាវឈឺចាប់ បកអាក្រាតប្តីរបស់ខ្លួន ដែលបានលួចលាក់មានស្រីថ្មី ស្រលាញ់ងប់ងុល រហូតដល់ថ្នាក់លួចសែនព្រេនយកគ្នា ទាំងមិនទាន់លែងលះប្រពន្ធដាច់ស្រេច និងថែមទាំងនាំស្រីថ្មីនោះ ចូលផ្ទះប្រើអំពើហិង្សាវាយដំ បណ្តេញប្រពន្ធចេញពីផ្ទះ ដោយគ្មានអាណិតអាសូរ។

ស្ត្រីដែលអះអាងថា ត្រូវប្តីវ៉ៃបណ្តេញចេញពីផ្ទះនោះ មានឈ្មោះគី គឹមហេង អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកបុរសជាប្តី មានឈ្មោះសំ ចន្ថា អាយុ៥២ឆ្នាំ មានតួនាទីជាអភិបាលរងស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រុមគ្រួសារខាងលើ មានកូនប្រុសស្រី២នាក់ក្នុងបន្ទុក ដោយកូនស្រីច្បង មានឈ្មោះនី គឹមអេង អាយុ២៣ឆ្នាំ ចំណែកកូនប្រុសពៅ មានឈ្មោះនី លីម៉េង អាយុ១៦ឆ្នាំ និងមានលំនៅក្នុងភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ។

ស្ត្រីជាប្រពន្ធ បានបង្ហោះរូបភាពនិងសំណេរតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ថា “លោកសំ ចន្ថា ងារជាអភិបាលរងស្រុកបាណន់ មានស្រីខាងក្រៅ នាងខ្ញុំជាប្រពន្ធ តែងតែទុកពេលឱ្យកែខ្លួន តែនៅមិនព្រមកែ ថែមទាំងលួចទៅសែនព្រេនជាមួយស្រីក្មេង មិនតែប៉ុណ្ណោះ តែងតែមកធ្វើបាបនាងខ្ញុំ ដោយអំពើហិង្សាគ្រប់រូបភាព មានទាំងធ្ងន់ មានទាំងស្រាល។ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងដែរ តែបានតែការសម្របសម្រួល ហើយលោកម្នាក់នេះបានស្រែកថា គ្មានអ្នកណាធ្វើអ្វីគេបានទេ។ ពេលខ្លះ នាងខ្ញុំឈឺ ដើរអត់រួច ហៅពេទ្យមកព្យួរសេរ៉ូម ពេលលោកនេះមកដល់ ទារលុយខ្ញុំអត់បាន ទាញសេរ៉ូមដាច់ ហើយថែមទាំងវាយធ្វើបាបនាងខ្ញុំពេលកំពុងឈឺ បិទទ្វារ ជិតនាងខ្ញុំស្រែកហៅអ្នកជិតខាងឱ្យជួយ តែគ្មានអ្នកណាឮ រួចបណ្តេញនាងខ្ញុំចេញពីផ្ទះ គេត្រូវយកបងប្អូនគេ នឹងស្រីក្មេងគេ មកនៅ។ មិនតែប៉ុណ្ណោះ ថែមទាំងបើកដៃឱ្យស្រីក្មេងរបស់គេ ជេរប្រមាថនាងខ្ញុំ នូវពាក្យអសុរោះ។ បន្ទាប់មក យកបងប្រុសដែលជាមន្ត្រីប៉ូលិសម្នាក់ មកជេរដៀលនាងខ្ញុំនូវពាក្យអាសអាភាស នាងខ្ញុំមានពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រាប់។ ដីផ្ទះដែលនាងខ្ញុំរស់នៅរាល់ថ្ងៃនេះ បានធ្វើរួមគ្នា តែលោកម្នាក់នេះ បានរៀបចំក្លែងបន្លំឯកសារលួចចុះឈ្មោះម្នាក់ឯង ដោយមិនឱ្យនាងខ្ញុំដឹង នាងខ្ញុំមានសាក្សី និងភ័ស្តុតាងមួយចំនួន ពាក់ព័ន្ធនឹងដីផ្ទះនេះ។ ពាក្យដែលខ្ញុំនិយាយទាំងប៉ុន្មាន គឺជាពាក្យពិតទាំងអស់ នាងខ្ញុំកាន់ព្រះពុទ្ធសាសនា នាងខ្ញុំមិននិយាយពាក្យមិនពិតទេ ហើយនាងខ្ញុំមិនបានទាមទារឱ្យគេវិលមកវិញទេ ឱ្យគេនៅឱ្យបានសុខចុះ នាងខ្ញុំក៏មិនបានទៅរករឿងរំខានក្តីសុខគេម្តងណាទេ តែសូមឱ្យគេចូលខ្លួន មកបញ្ចប់បញ្ហា និងផ្តល់សេរីភាពឱ្យគ្នារៀងៗខ្លួន។ បើនៅតែមិនចូលខ្លួនមកបញ្ចប់បញ្ហាទេ នាងខ្ញុំនឹងទៅដល់សាលាស្រុកបាណន់ បើនៅតែគ្មានដំណោះស្រាយទេ នាងខ្ញុំរកវិធីផ្សេងទៀត។ ដូច្នេះសូមបងប្អូនក្នុងសង្គម មេត្តាអធ្យាស្រ័យជួយ share ព័ត៌មាននេះឱ្យបានជ្រាបដល់ថ្នាក់ដឹកនាំខាងលើ ឱ្យលោកបានជ្រាបផង។ ខ្ញុំនិយាយនេះ នាងខ្ញុំក៏ខ្មាសគេដែរ តែទ្រាំលែងបានហើយ អស់រយៈពេលពីរឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ។ រាល់ពាក្យពេចន៍ដែលខ្ញុំនិយាយខាងលើ ជាពាក្យពិត បើមិនពិតដោយប្រការណាមួយ នាងខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់…”។

ដោយឡែក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ត្រីជាប្រពន្ធខាងលើ ធ្លាប់បានបង្ហោះរូបថតស្វាមីរបស់ខ្លួន ជាមួយនឹងនារីវ័យក្មេងរូបស្រស់ម្នាក់ និងបានអះអាងថា គឺជាស្រីថ្មីរបស់ប្តី ជាមួយថា “លោកសំ ចន្ថា ងារជាអភិបាលរងស្រុកបាណន់ ថតជាមួយស្រីក្មេង ប្រពន្ធចុង មិនទាន់លែងលះប្រពន្ធដើមទេ មិនតែប៉ុណ្ណោះ មករករឿងធ្វើបាបប្រពន្ធកូន ជេរប្រមាថ និងប្រើអំពើហិង្សាគ្រប់រូបភាព មិនតែប៉ុណ្ណោះ ថែមទាំងឱ្យបងប្រុសបង្កើត ជាមន្ត្រីប៉ូលិសម្នាក់មកជេរប្រមាថប្រពន្ធ នូវពាក្យអាសអាភាស នាងខ្ញុំមានពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសស្រាប់ រួមជាមួយនឹងសាក្សី គាត់ម្នាក់នេះនិយមនិយាយលាងខ្លួនណាស់ ថែមទាំងស្រែកថា គ្មានអ្នកណាហ៊ានធ្វើអ្វីគេបានទេ មានទាំងរូបភាពស្និទស្នាលផុសបញ្ឈឺនាងខ្ញុំទៀត។ ពេលនេះនាងខ្ញុំក៏អស់ការអត់ធ្មត់ហើយ សូមបងប្អូនក្នុងបណ្តាញសង្គម មេត្តាជួយពិចារណា និងជួយស៊ែរ គាត់បានល្បីផង! ដោយអនុគ្រោះ ពីនាងខ្ញុំ គឹម ហេង បើពាក្យដែលខ្ញុំនិយាយខាងលើនេះលើសពីការពិត ខ្ញុំហ៊ានប្រឈមមុខចំពោះមុខច្បាប់…”។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកសំ ចន្ថា អភិបាលរងស្រុកបាណន់ ដែលរងការចោទប្រកាន់ពីស្ត្រីជាភរិយាខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
