ខេត្តព្រៃវែង ៖ ជារឿងដ៏គួរឱ្យរន្ធត់ និងសោកសង្រេងជាទីបំផុត សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលស្ត្រីជាម្តាយបានកើតអាការខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យក្រុមគ្រួសារកំពុងទទួលរងការទុក្ខសោកអាល័យយ៉ាងខ្លាំង ស្រាប់តែកូនប្រុសម្នាក់បានសម្រេចចិត្តបួសមុខភ្លើងជូនសពម្តាយ រួចក៏ត្រូវសាច់ញាតិដឹកតាមម៉ូតូទៅកន្លែងជាងកាត់សក់ ដើម្បីឱ្យកោសក់ ស្រាប់តែអកុសល ធ្វើដំណើរិតាមផ្លូវ ក៏ត្រូវរថយន្ត១គ្រឿង បើកបុកបណ្តាលឱ្យយុវជនជាកូនប្រុស បានស្លាប់ថែមម្នាក់ទៀត ទីបំផុត ពិធីបូជាសព ត្រូវធ្វើឡើងព្រមគ្នាទាំងម៉ែទាំងកូនតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូលេខ៨៦-៨៧ ស្ថិតក្នុងភូមិរកាធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។
យុវជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះឡោ រចនា អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិបឹងខ្យង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។ ចំណែកអ្នករួមដំណើរ២នាក់ទៀត ដែលរងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះម៉ាន់ ចន្ធី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះ និងទី២-ឈ្មោះ សៀន ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-2519 បានបើកបុកម៉ូតូ១គ្រឿង ម៉ាកហុដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ធ្វើដំណើរក្នុងទិសដៅស្របគ្នា (ពីកើតទៅលិច) ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានឱ្យដឹងថា ម្តាយរបស់ជនរងគ្រោះឈ្មោះ ឡោ រចនា បានស្លាប់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដោយសារខ្យល់គរ។ ចំណែកជនរងគ្រោះជាកូនប្រុស ទើបនឹងអាយុ១៨ឆ្នាំ បានធ្វើដំណើរទាំងព្រឹកព្រលឹម បំណងទៅកោរសក់បួសមុខភ្លើងជូនម្តាយ ក៏ស្រាប់តែជួបគ្រោះថ្នាក់ស្លាប់នៅនឹងកន្លែង ហើយត្រូវបូជាជាមួយសពម្តាយ ក្នុងថ្ងៃតែមួយតែម្តង។

ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Hok Vichitra ដែលត្រូវជាសាច់ញាតិជនរងគ្រោះខាងលើ បនាបង្ហោះសាររៀបរាប់ទាំងក្តុកក្តួល ព្រោះត្រូវបាត់បង់សាច់ញាតិ ម្តងដល់ទៅ២នាក់ បន្តបន្ទាប់គ្នា ទាំងមិននឹកស្មានថា “មីងខ្ញុំគាត់ ស្លាប់ដោយសារខ្យល់គម្សិលមិញ ប្អូនខ្ញុំជិះម៉ូតូទៅវត្ត ដើម្បីបួសមុខភ្លើង ជូនដំណើរម្តាយ តែត្រូវឡានគេបុកពីក្រោយស្លាប់ម្នាក់ទៀត ពិតជាពិបាកទទួលយកណាស់ បូជាសពម្តងពីរនាក់ សូមឱ្យវិញ្ញាណក្ខន្ធអ្នកមីង និងប្អូនប្រុស បានទៅកាន់ទីស្ងប់សុខ”។

បន្ទាប់ពីរឿងរ៉ាវដ៏អកុសលមួយនេះ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គមរួចមក គេឃើញមានការចែករំលែកតៗគ្នា ហើយអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវអារម្មណ៍សោកសង្រេង សឹងមិនគួរឱ្យជឿថា គ្រួសារនេះជួបទុក្ខជាន់លើទុក្ខបែបនេះ ម្តាយស្លាប់មិនទាន់បូជាផង បែរជាកូនប្រុសត្រូវឡានបុកស្លាប់ម្នាក់ទៀត រហូតដល់បូជាសពម្តងដល់ទៅ២នាក់ ដាក់ទន្ទឹមគ្នា ពិតជារន្ធត់ចិត្តខ្លាំងណាស់៕