Sunday, November 16, 2025
Homeព័ត៌មានជាតិនាំក្មេងស្រីទៅឆ្លុះកង្កែប ចាប់រំលោភ សម្លាប់ បោះសពចូលទឹកស្រះ

នាំក្មេងស្រីទៅឆ្លុះកង្កែប ចាប់រំលោភ សម្លាប់ បោះសពចូលទឹកស្រះ

ព្រៃវែង៖ ឃាតករដ៏សាហាវយង់ឃ្នងម្នាក់ បានធ្ចើសកម្មភាពរំលោភលើក្មេងស្រីម្នាក់ ហើយបានសម្លាប់ រួចយកទៅទម្លាក់ក្នុងស្រះទឹក ហើយយកឈើ២កំណាត់ដោតខ្វែង ខ្ទាស់ក ព្រោះខ្លាចសាកសពអណ្តែតឡើង ប៉ុន្តែទីបំផុត សាកសពអណ្តែតឡើងលើ ទើបសមត្ថកិច្ចរកឃើញ និងចាប់ខ្លួនជនសង្ស័យបានតែម្តង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកវាលចម្ងាយ៦៥០​​ម៉ែត្រ ខាងកើតភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល។

ជនសង្ស័យល្មោភកាម មានឈ្មោះ ផ្លុង ហុកលី ហៅហុក ភេទប្រុស អាយុ៣​៥ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះ មាន​ឈ្មោះ ហ​.ស.ដ ភេទស្រី អាយុ​៩ឆ្នាំ មានឪពុកឈ្មោះ ផេង កក្កដា អាយុ៣០ឆ្នាំ និងម្តាយ ឈ្មោះគង់ ច្រម៉ក់ អាយុ៣១ឆ្នាំ​ ធ្វើការ ចំណាកស្រុកទៅខេត្តព្រះសីហនុ។ បច្ចុប្បន្នក្មេងស្រីរស់នៅជាមួយ​ជីតា ឈ្មោះហាក់ គឹមហុង​ អាយុ​៥២ឆ្នាំ​ និង​ជីដូនឈ្មោះ ជា ស្រី អាយុ​៥៤ឆ្នាំ (ឪពុកម្តាយ)។ សព្វថ្ងៃ ជនសង្ស័យនិងក្មេងស្រីរងគ្រោះ រស់នៅភូមិឃុំកើតហេតុខាងលើ។តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង១៥នាទី ជនសង្ស័យឈ្មោះផ្លុង​ ហុកលី បានយកក្បាលពិលដែលបញ្ចូលភ្លើងនៅផ្ទះរបស់ខ្លួន មកឱ្យជីតារបស់ក្មេងស្រីរងគ្រោះ ពេលនោះជនសង្ស័យក៏បានបបួលក្មេងស្រីរងគ្រោះទៅឆ្លុះកង្កែបជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានបន្តថា លុះមកដល់វេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ដោយមិនឃើញក្មេង្រីរងគ្រោះមកជាមួយនោះទេ ឃើញដូច្នេះ ជីដូនក្មេងស្រីរងគ្រោះក៏បានសួរជនសង្ស័យថា “ចៅរបស់គាត់​ទៅណា?” ពេលនោះជនសង្ស័យបានឆ្លើយថា “ចៅរបស់យាយ មិនបានទៅជាមួយខ្ញុំទេ” ភ្លាមនោះ ជីដូនក្មេងស្រីរងគ្រោះបានស្រែកហៅអ្នកជិតខាងដើរកចៅស្រីទាំងយប់ ប៉ុន្តែរកមិនឃើញនោះឡើយ។

ប្រភពដដែលបានបញ្ជាក់ថា លុះព្រឹកឡើង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ជីដូនជីតាក្មេងស្រីរងគ្រោះ បានរាយការ ណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ជួយស្រាវជ្រាវរកក្មេងស្រីរងគ្រោះ។ ពេលនោះ សមត្ថកិច្ចដឹកនាំកម្លាំងស្រាវជ្រាវដល់ចំណុចស្រះទឹកកើតហេតុ បានប្រទះ​ឃើញសាកសពក្មេងស្រីរងគ្រោះតែម្តង។​

តាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច​ជំនាញ បានសន្និដ្ឋានថា​ ក្មេងស្រីរងគ្រោះ ឈ្មោះស.ស.ដ ពិតជាស្លាប់ដោយសារការរំលោភសម្លាប់ពិតប្រាកដមែន។ ក្រោយពីធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់ខ្លួនជនសង្ស័យ​ឈ្មោះ ផ្លុង ហុកលី មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។

ជនសង្ស័យខាងលើ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានរំលោភ និងសម្លាប់លើក្មេងស្រីរងគ្រោះប្រាកដមែន។ ដោយសារខ្លាចបែកការណ៍ រូបគេក៏បានយកសាកសពក្មេងស្រីយកទៅទម្លាក់ក្នុងស្រះទឹក រួចយកឈើ២កំណាត់ដោតខ្វែង ខ្ទាស់កជនរងគ្រោះ​ ដោយខ្លាចសាកសពអណ្តែតឡើង​។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES