Sunday, November 16, 2025
Homeព័ត៌មានជាតិសាច់ញាតិប្រតិកម្ម ឃាតករសារភាពកាប់២កាំបិតស្លាប់ ខឹងរោទិ៍ម៉ូតូឌឺ

សាច់ញាតិប្រតិកម្ម ឃាតករសារភាពកាប់២កាំបិតស្លាប់ ខឹងរោទិ៍ម៉ូតូឌឺ

ខេត្តព្រៃវែង ៖ ករណីឃាតកម្ម លបកាប់យុវជនម្នាក់ចំនួន២កាំបិត បណ្តាលឱ្យស្លាប់នៅក្នុងបរិវេណវត្តហាបូរ ស្ថិតក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ និងត្រូវបានកំលាំងអាវុហត្ថតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករបាន កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងត្រូវជនជាឃាតករសារភាពថា មូលហេតុដោយសារតែខ្លួនមានគំនុំជាមួយជនរងគ្រោះដែលតែងនិយាយឌីដឺង និងឧស្សាហ៍រោទិ៍ម៉ូតូមុខផ្ទះរបស់ខ្លួននោះ ត្រូវបានសាច់ញាតិរបស់ជនរងគ្រោះបញ្ចោញនូវប្រតិកម្មតបថា កន្លងមក ជនរងគ្រោះមិនដែលបាននិយាយឌឺដង ឬរោទិ៍ឌឺជនដៃដល់នោះទេ។

គួរបញ្ជក់ថា ករណីឃាតកម្មខាងលើនេះ បង្កឡើងដោយជនដៃដល់ឈ្មោះគល់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ត្រូវបានកំលាំងអាវុធហត្ថចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី២២ ឧសភា នៅចំណុចភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះ មានឈ្មោះទ្រា ហ៊ា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិឃុំ ជាមួយគ្នា (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។

តាមប្រភពពីព្រះសង្ឃដែលអះអាងថា ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ និងបានស្ថិតក្នុងហេតុការណ៍នោះដែរ បានមានសង្ឃដីកា បញ្ជាក់ថា តាមពិតនៅថ្ងៃកើតហេតុនោះ ក្នុងវត្តហាបូរ មិនបានដាក់ធុងបាស់រាំលេងអ្វីនោះទេ តែមានកម្មវិធីបុណ្យ និងមានការសម្តែងល្ខោន បាសាក់នៅក្នុងវត្តប៉ុណ្ណោះ។ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះដែលត្រូវជាក្មួយបង្កើតរបស់ព្រះអង្គ បានជិះម៉ូតូជាមួយមិត្តភក្តិមកលេងក្នុងកម្មវិធីបុណ្យក្នុងវត្តហាបូរ នេះដែរ បន្ទាប់មក ជនរងគ្រោះនិងមិត្តភក្តិ បានឈប់ម៉ូតូនៅខាងមុខកុដិរបស់ព្រះអង្គ និងកំពុងឈរនិយាយគ្នាសុខៗ ក៏ស្រាប់តែត្រូវជនដៃដល់ បានលបមកកាប់ប្រហារជនរងគ្រោះចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាព របួសមាន សភាពធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័ម។

សាច់ញាតិរបស់ជនរងគ្រោះ បានបញ្ជាក់បន្ថែមថា តាមពិតអ្វីដែលជនដៃដល់ជាឃាតករបានឆ្លើយសារភាពថា មូលហេតុដែលគេលបកាប់សម្លាប់ជនរងគ្រោះ ព្រោះតែខឹងនឹងជនរងគ្រោះចេះតែនិយាយឌឺដង និងរោទិ៍ម៉ូតូនៅមុខផ្ទះរបស់គេនោះ គឺមិនមែនជាការពិតឡើយ ដោយសារជនរងគ្រោះគឺជឺមានុស្សស្លូតត្រង់ខ្លាំងណាស់ មិនដែលនិយាយឌឺដង ឬប្រើកាយវិការច្រឡោមខាម រោទិ៍ម៉ូតូឌឺដងដាក់អ្នកណាដែរ ប៉ុន្តែមិនដឹងថា ជនដៃដល់មានគំនុំអ្វីជាយូរមកហើយជាមួយជនរងគ្រោះទេ ទើបបានជាប្រព្រឹត្តអំពើឃោរឃៅបែបនេះ។

គួររំលឹកថា ប្រតិបត្តិការឃាត់ខ្លួនជនជាឃាតករដៃឆៅនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកំពង់ធំ ដោយមានការសហការចូលរួមពីកំលាំង អាវុធហត្ថខេត្តពោធិ៍សាត់ អាវុធហត្ថខេត្តកំពង់ធំ និងកំលាំងអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ដោយអនុវត្តន៍តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ៦០ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង។

លោកវរៈសេនីយត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយពីត្រូវបានចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតកែកកាប់ទៅលើជនរងគ្រោះឈ្មោះ ទ្រា ហ៊ា ភេទប្រុស អាយុ២០ឆ្នាំ នៅចំនុចវត្តហាបូរ ស្ថិតក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ បណ្តាលឱ្យស្លាប់ប្រាកដមែន ដោយមូលហេតុគឺបណ្តាលមកពីជនរងគ្រោះ តែងតែនិយាយឌឺដង និងជិះម៉ូតូមករោទិ៍នៅមុខផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យខ្លួនខឹងហើយគុំក្នុងចិត្ត លុះមកដល់ថ្ងៃកើតហេតុពេលមានកម្មវិធីបុណ្យក្នុងវត្ត ហើយបានជួបជនរងគ្រោះ ទើបធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះតែម្តងទៅ ហើយក្រោយពីធ្វើសកម្មភាពរួចហើយ ខ្លួនក៏បានរត់គេចខ្លួនមករស់នៅខេត្តកំពង់ធំ រហូតដល់ថ្ងៃត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចវត្តហាបូរ ស្ថិតក្នុងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ដោយយុវជនម្នាក់បានទៅមើលការសម្តែងល្ខោននៅក្នុងពិធីបុណ្យមួយក្នុងវត្ត ស្រាប់តែត្រូវជនដៃដល់ម្នាក់ បានទាញកាំបិតលបកាប់ប្រហារចំនួន២កាំបិតចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងវត្តហាបូរ មានកម្មវិធីបុណ្យមួយ លុះយប់ឡើង ក៏មានការសម្តែងល្ខោនបាសាក់ទៀតផង។ ចំណែកជនរងគ្រោះក៏បានទៅចូលរួមលេងកម្សាន្តនៅក្នុងពិធីបុណ្យនោះដែរ ស្រាប់តែនៅសុខៗ ក៏ត្រូវជនដៃដល់ ទាញកាំបិតលបកាប់ប្រហារចំនួន២កាំបិត ដោយ១កាំបិតចំក្បាលផ្នែកខាងក្រោយ និង១កាំបិតទៀត ចំកណ្តាលថ្ងាស សើយសាច់ឡើង បណ្តាលឱ្យជនរងគ្រោះដួលសន្លប់នៅនឹងកន្លែងតែម្តង និងត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្វាយអន្ទរ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល  ពេលដឹកទៅដល់មន្ទីរពេទ្យ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕

RELATED ARTICLES