ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដែលបានចេញមុខបកអាក្រាតប្តីរបស់ខ្លួន ដែលមានតួនាទីជាអភិបាលរងស្រុក ថាបានលួចសែនព្រេនជាមួយស្រីថ្មី ទាំងមិនទាន់លែងលះប្រពន្ធដាច់ស្រេច និងថែមទាំងប្រើអំពើហិង្សាវាយដំ បណ្តេញប្រពន្ធចេញពីផ្ទះទៀតនោះ បានបកអាក្រាតបន្ថែមថា បន្ទាប់ពីគាត់បានទម្លាយរឿងនេះ ស្រាប់តែបុរសជាប្តីបានចោទប្រកាន់ថា គាត់និយាយមួលបង្កាច់ ថែមទាំងបើកឱ្យស្រីក្មេងជាប្រពន្ធចុង វាយបកមកលើគាត់ជាប្រពន្ធដើមស្របច្បាប់ទៀតផង។

ស្ត្រីដែលអះអាងថា ត្រូវប្តីវ៉ៃបណ្តេញចេញពីផ្ទះនោះ មានឈ្មោះគី គឹមហេង អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកបុរសជាប្តី មានឈ្មោះសំ ចន្ថា អាយុ៥២ឆ្នាំ មានតួនាទីជាអភិបាលរងស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រុមគ្រួសារខាងលើ មានកូនប្រុសស្រី២នាក់ក្នុងបន្ទុក ដោយកូនស្រីច្បង មានឈ្មោះនី គឹមអេង អាយុ២៣ឆ្នាំ ចំណែកកូនប្រុសពៅ មានឈ្មោះនី លីម៉េង អាយុ១៦ឆ្នាំ និងមានលំនៅក្នុងភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ។

យោងតាមគណនីហ្វេសប៊ុករបស់ស្ត្រីជាប្រពន្ធ ឈ្មោះ គឹមហេង កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៩ បានសរសេរបន្ថែមតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “លោក សំ ចន្ថា បើកដៃឱ្យស្រីក្មេង និងរួមគំនិតបរិហារកេរ្តិ៍ ដោយពាក្យមិនពិត តើនាងមានសិទ្ធិអីចេញមុខបកស្រាយ នាងកំពុងតែមានទោសលួចប្តីគេ។ តើលោកសំ ចន្ថា មានសតិជាមនុស្សទេ ទើបហ៊ានធ្វើបែបហ្នឹង បើខ្ញុំចង់បានទ្រព្យរបស់លោកមែន ចឹងខ្ញុំជាជនឆបោកហើយ ចឹងលោកមកចាត់ការខ្ញុំតាមផ្លូវច្បាប់ទៅ ខ្ញុំមិនរត់ទៅណាទេ រង់ចាំជានិច្ច…”។

ស្ត្រីជាប្រពន្ធដើមរូបនេះបន្ថែមថា “បើ សំ ចន្ថា ឯងថា ខ្ញុំនិយាយមួលបង្កាច់លោកឯង មិនប្តឹងខ្ញុំទៅ ខ្ញុំរង់ចាំពាក្យបណ្តឹងរបស់លោក…”។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីឈ្មោះ គី គឹមហេង ជាប្រពន្ធដើមលោកសំ ចន្ថា អភិបាលរងស្រុកបាណន់ បានទម្លាយរឿងប្តីមានស្រីថ្មី លួចសែនព្រេន ហើយនាំស្រីក្មេងចូលផ្ទះ បណ្តេញប្រពន្ធឱ្យចុះចេញ។

ស្ត្រីជាប្រពន្ធដើម បានសរសេរគណនីក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “លោកសំ ចន្ថា ងារជាអភិបាលរងស្រុកបាណន់ មានស្រីខាងក្រៅ នាងខ្ញុំជាប្រពន្ធ តែងតែទុកពេលឱ្យកែខ្លួន តែនៅមិនព្រមកែ។ ថែមទាំងលួចទៅសែនព្រេនជាមួយស្រីក្មេង មិនតែប៉ុណ្ណោះ តែងតែមកធ្វើបាបនាងខ្ញុំ ដោយអំពើហិង្សាគ្រប់រូបភាព មានទាំងធ្ងន់ មានទាំងស្រាល។ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងដែរ តែបានតែការសម្របសម្រួល ហើយលោកម្នាក់នេះ បានស្រែកថា គ្មានអ្នកអ្នកណាធ្វើអ្វីគេបានទេ។ ពេលខ្លះ នាងខ្ញុំឈឺដើរអត់រួច ហៅពេទ្យមកព្យួរសេរ៉ូម ពេលលោកនេះមកដល់ ទារលុយខ្ញុំអត់បាន ទាញសេរ៉ូមដាច់ ហើយថែមទាំងវាយធ្វើបាបនាងខ្ញុំ ពេលកំពុងឈឺ បិទទ្វារជិត នាងខ្ញុំស្រែកហៅអ្នកជិតខាងឱ្យជួយ តែគ្មានអ្នកណាឮ។ រួចបណ្តេញនាងខ្ញុំចេញពីផ្ទះ គេត្រូវយកបងប្អូនគេ និងស្រីក្មេងគេមកនៅ។ មិនតែប៉ុណ្ណោះ ថែមទាំងបើកដៃឱ្យស្រីក្មេងរបស់គេ ជេរប្រមាថនាងខ្ញុំ នូវពាក្យអសុរោះ។ បន្ទាប់មក យកបងប្រុសដែលជាមន្ត្រីប៉ូលិសម្នាក់ មកជេរដៀលនាងខ្ញុំនូវពាក្យអាសអាភាស នាងខ្ញុំមានពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រាប់។ ដីផ្ទះដែលនាងខ្ញុំរស់ នៅរាល់ថ្ងៃនេះ បានធ្វើរួមគ្នា តែលោកម្នាក់នេះ បានរៀបចំក្លែងបន្លំឯកសារលួចចុះឈ្មោះ ម្នាក់ឯងដោយមិនឱ្យនាងខ្ញុំដឹង នាងខ្ញុំមានសាក្សី និងភ័ស្តុតាងមួយចំនួនពាក់ព័ន្ធនឹងដីផ្ទះនេះ។ ពាក្យដែលខ្ញុំនិយាយទាំងប៉ុន្មាន គឺជាពាក្យពិតទាំងអស់ នាងខ្ញុំកាន់ព្រះពុទ្ធសាសនា នាងខ្ញុំមិននិយាយពាក្យមិនពិតទេ ហើយនាងខ្ញុំមិនបានទាមទារឱ្យគេវិលមកវិញទេ ឱ្យគេនៅឱ្យបានសុខចុះ នាងខ្ញុំក៏មិនបានទៅរករឿងរំខានក្តីសុខ គេម្តងណាទេ តែសូមឱ្យគេចូលខ្លួនមកបញ្ចប់បញ្ហា និងផ្តល់សេរីភាពឱ្យគ្នារៀងៗខ្លួន។ បើនៅតែមិនចូលខ្លួនមកបញ្ចប់បញ្ហាទេ នាងខ្ញុំនឹងទៅដល់សាលាស្រុកបាណន់ បើនៅតែគ្មានដំណោះស្រាយទេ នាងខ្ញុំរកវិធីផ្សេងទៀត។ ដូច្នេះសូមបងប្អូនក្នុងសង្គម មេត្តាអធ្យាស្រ័យ ជួយ share ព័ត៌មាននេះឱ្យបានជ្រាបដល់ថ្នាក់ដឹកនាំខាងលើ ឱ្យលោកបានជ្រាបផង។ ខ្ញុំនិយាយនេះ នាងខ្ញុំក៏ខ្មាសគេដែរ តែទ្រាំលែងបានហើយ អស់រយៈពេលពីរឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ។ រាល់ពាក្យពេចន៍ ដែលខ្ញុំនិយាយខាង លើជាពាក្យពិត បើមិនពិតដោយប្រការណាមួយ នាងខ្ញុំហ៊ានទទួលខុសត្រូវ ចំពោះមុខច្បាប់…”។

ទោះជាយ៉ាងណា ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោក សំ ចន្ថា អភិបាលរងស្រុកបាណន់ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕