Sunday, November 16, 2025
Homeព័ត៌មានជាតិអបអរសាទរ!!! ស្រីស្អាតណូម័រ ចូលរោងការហើយ ថ្ងៃទី28 ខែឧសភា នេះ

អបអរសាទរ!!! ស្រីស្អាតណូម័រ ចូលរោងការហើយ ថ្ងៃទី28 ខែឧសភា នេះ

តារាសម្តែង និងពិធីការិនី ស្រីស្អាតណូម័រ បានសម្រេចចិត្តដឹកដៃកំពូលស្នេហ៍វីជេ សុភា ចូលរោងការនៅថ្ងៃទី28 ខែឧសភា នេះ ហើយដែលកម្មវិធីជប់លៀងធំរៀបចំនៅមជ្ឈមណ្ឌល Capital Wedding Hall សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ ស្រីស្អាតណូម័រ អះអាងថា តាមពិតនាងបានចុះអេតាស៊ីវិល ជាមួយគូដណ្តឹងរបស់នាង វីជេ សុភា តាំងពីមុនរៀបការម៉្លេះ។

តារាសម្តែងតូចច្រឡឹងរូបនេះ វាចាថា “ខ្ញុំបានចុះអេតាស៊ីវិលជាមួយបងសុភា តាំងពីមុនយើងគិតគូររឿងរៀបការហ្នឹងម៉្លេះបង ព្រោះអីពួកយើងត្រូវទិញផ្ទះរួមគ្នា។ ខ្ញុំនិងគាត់បានស្រលាញ់គ្នា5ឆ្នាំមកហើយ តែទើបកំណត់ពេលរៀបការនៅពេលនេះ ដោយសារតាអាចារ្យដេញពេលាបានល្អនៅថ្ងៃហ្នឹង។ មង្គលការរបស់ខ្ញុំរៀបចំធ្វើពិធីជប់លៀង70តុ ហើយក្នុងនោះ ខ្ញុំបានហៅតារាសិល្បៈរួមអាជីពចូលរួមច្រើនដែរ”។

ណូម័រ បញ្ជាក់ថា មូលហេតុដែលនាងជ្រើសរើសតារាដូចគ្នាជាគូស្នេហ៍ ដោយសារនាងគិតថា មានតែអ្នកសិល្បៈដូចគ្នាទេ ទើបចេះយល់ចិត្តគ្នា។

ដោយឡែក ក្រោយរៀបការហើយវិញ ស្រីស្រស់ណូម័រ ថា នាងនិងស្វាមី មិនព្រួយបារម្ភចំពោះការភ័យខ្លាចធ្លាក់កូដ បាត់បង់ការងារសិល្បៈឡើយ ដោយនាងសំអាងថា មហាជនគាំទ្រតារានៅលើសមត្ថភាពទេ មិនមែនមានប្តីឬកូនហើយ គេលែងគាំទ្រនោះឡើយ។

នេះជាគូស្នេហ៍ទី4ហើយ សម្រាប់តារាដែលបានរៀបការនៅឆ្នាំនេះ បន្ទាប់ពីនាងរីយ៉ា បានរៀបការប្តីខ្មែរ-ឥស្លាម, កុល ដាវី រៀបការជាមួយលោកសុខ រក្សា និងឱក សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី។

ចំពោះណូម័រ វិញ បញ្ជាក់ថា ក្រោយរៀបអាពាហ៍ពិពាហ៍ហើយ នាងនិងស្វាមី នៅតែបន្តប្រឡូកការងារសិល្បដូចដើម៕

RELATED ARTICLES