Sunday, November 16, 2025
Homeព័ត៌មានជាតិរកឃើញបង្គាចាក់ចាហួយ ជាង៤០គីឡូក្រាម នៅផ្សារលើ ខេត្តព្រះសីហនុ

រកឃើញបង្គាចាក់ចាហួយ ជាង៤០គីឡូក្រាម នៅផ្សារលើ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ ជាង៤០គីឡូក្រាម ដែលកំពុងត្រូវបានអាជីវករដាក់លក់នៅក្នុងផ្សារលើ កណ្តាលក្រុងព្រះសីហនុ។ បន្ទាប់ពីរកឃើញ ខាងជំនាញបានសម្រេចធ្វើការដកហូត ដើម្បីដុតកម្ទេចចោល ព្រមទាំងតម្រូវឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបែបនេះបន្តទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពីមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋម រួមមាន បង្គា មឹកស្រស់ ជ្រក់ឪឡឹក បន្លែ ប្រហិត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ សរុបចំនួន៤៣,៥០គីឡូក្រាម។ បន្ទាប់មកមន្ត្រី ជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។

ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

RELATED ARTICLES