Sunday, November 16, 2025
Homeព័ត៌មានជាតិសង្សារអ្នកគ្រូកូរ៉េ គេរំលោភសម្លាប់ អំពាវនាវរកជំនួយព្យាបាលរបួស

សង្សារអ្នកគ្រូកូរ៉េ គេរំលោភសម្លាប់ អំពាវនាវរកជំនួយព្យាបាលរបួស

ខេត្តកំពង់ចាម ៖ យុវជនជាសង្សារអ្នកគ្រូក្រមុំបង្រៀនភាសាកូរ៉េ ដែលត្រូវឃាតករវាយសម្លាប់ទាំងអាក្រាត ចំណែកយុវជនជាសង្សារ ត្រូវឃាតករវាយបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចបរិវេណសាលាបឋមសិក្សាហ៊ុន ណេង ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯប្រទេសវៀតណាមនោះ ពេលនេះ បានដឹងខ្លួនឡើងវិញហើយ ប៉ុន្តែស្ថានភាពរបួសនៅធ្ងន់នៅឡើយ និងកំពុងខ្វះថវិកាព្យាបាលយ៉ាងច្រើន ខណៈដែលក្រុមគ្រួសារជនរងគ្រោះរូបនេះ មានជីវភាពទីទ័លក្រយ៉ាងខ្លាំង។

យុវជនរងគ្រោះខាងលើ មានឈ្មោះម៉ៅ សុខម៉ិញ អាយុ២១ឆ្នាំ មុខរបរជាជាងទង និងជាអ្នកមើលការខុសត្រូវ នៅក្នុងសាលាកូរ៉េ សេអ៊ូល អតីតអ៊ីឈុន មានទីតាំងស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ (រងរបួសធ្ងន់ កំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯប្រទេសវៀតណាម)។ ចំណែកនារីជាសង្សារយុវជនរងគ្រោះ ដែលត្រូវឃាតករសម្លាប់ទាំងអាក្រាតកាយ មានឈ្មោះហ៊ី ធាវិន អាយុ២៤ឆ្នាំ ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាសេអ៊ូល និងមានលំនៅក្នុងភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម។

ដោយមានការអាណិតអាសូរ យុវជនរងគ្រោះខាងលើ អ្នកស្រីស៊្រី ណារី ជាម្ចាស់សាលាភាសាកូរ៉េ អ៊ីឈុន បានសរសេរសារអំពាវនាវតាមគណនីហ្វេសប៊ុក ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការសង្គ្រោះព្យាបាលរបួស ជូនជនរងគ្រោះឈ្មោះម៉ៅ សុខម៉ិញ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ឯប្រទេសវៀតណាម។

អ្នកស្រី ស៊្រី ណារី បានសរសេរនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ថា “ជម្រាបសួរពុកម៉ែបងប្អូន ជនរួមជាតិទាំងអស់ក្នុងនឹងក្រៅប្រទេស ថ្ងៃនេះ នាងខ្ញុំសូមលើកម្រាមដៃដប់សំពះប្រកាសស្វែងរកជំនួយពីសំណាក់ពុកម៉ែ បងប្អូនមិត្តៗ ក៏ដូចជា ឯកឧត្តម លោកឧកញ៉ា និងលោកជំទាវ ដើម្បីជួយសម្រួលក្នុងការចំណាយថ្លៃព្យាបាលប្អូនប្រុស ម៉ៅ សុខម៉ិញ ដែលជួបគ្រោះថ្នាក់ករណីឃាតកម្ម (មិនបាត់បង់ជីវិត តែរងរបួសធ្ងន់) កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កន្លងនៅនេះ។ ឥឡូវនេះ ប្អូនប្រុសកំពុងទទួលការព្យាបាលនៅឯប្រទេសវៀតណាម ដោយត្រូវការថវិកាជាច្រើន ក្នុងការព្យាបាល តែអ្វីដែលសំខាន់នោះ គ្រួសារគាត់ក្រីក្រ ឪពុកម្តាយធ្វើសំណង់ រកមួយថ្ងៃ រស់មួយថ្ងៃ គ្មានលទ្ធភាពគ្រប់គ្រាន់នោះទេ។ សូមជួយគាត់ផង ព្រោះប្អូនប្រុសម៉ៅ សុខម៉ិញ គាត់ជាមនុស្សល្អ ចិត្តបុណ្យ សុភាព៘ ដូច្នេះហើយ ទើបនាងខ្ញុំប្រកាសស្វែងរកជំនួយ តាមរយៈសង្គម facebook តិចក្តីច្រើនក្តី តាមសទ្ធាជ្រះថ្លារបស់អ្នកទាំងអស់គ្នា។ បើមិនបានជួយជាថវិកា ត្រឹមជួយ like និង share ក៏បានដែរ។ អរគុណទុកមុនអ្នកទាំងអស់គ្នា។ ០៩៧ ៩៣៩៩ ៤៩៩ លេខរបស់នាងខ្ញុំផ្ទាល់…”។

អ្នកស្រី ស៊្រី ណារី ជាអតីតម្ចាស់សាលា កូរ៉េ អ៊ីឈុន បានបញ្ជាក់ប្រាប់ “នគរធំ“ នៅរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ ថា សាលាភាសាកូរ៉េរបស់គាត់ ដំបូងឡើយមានឈ្មោះអ៊ីឈុន តែក្រោយមក ដោយសារស្វាមីរបស់គាត់មានការមមាញឹក មិនមានពេលវេលាគ្រប់គ្រង ទើបសេងទៅឱ្យគេបន្ត ដោយសព្វថ្ងៃម្ចាស់ថ្មីដាក់ឈ្មោះថា សាលាកូរ៉េ សេអ៊ូល។ ចំណែកជនរងគ្រោះឈ្មោះម៉ៅ សុខម៉ិញ កាលដើមឡើយ បានចូលមករៀនភាសាកូរ៉េ នៅសាលារបស់គាត់ ដោយកាលណោះ ការសិក្សាមួយចប់ រហូតដល់ប្រឡងជាប់ទៅធ្វើការនៅប្រទេសកូរ៉េ មានតម្លៃ១៥០ដុល្លារ ប៉ុន្តែជីវភាពរបស់សុខម៉ិញ ក្រីក្រខ្លាំងណាស់ គ្មានប្រាក់បង់ថ្លៃសិក្សាពេញដូចគេនោះទេ។ ចំណែកគាត់ដោយឃើញអាណិត និងហាក់មាននិស្ស័យជាមួយក៏បានអនុគ្រោះឱ្យសុខម៉ិញ បង់ថ្លៃសិក្សាតាមលទ្ធភាព ពោលគឺខែខ្លះមាន១០ដុល្លារ ក៏បង់១០ដុល្លារ ទៅខែខ្លះមានត្រឹម៥ដុល្លារ ក៏បង់តាមនោះទៅ ប៉ុន្តែសុខម៉ិញ នៅតែប្រឹងរកលុយកាក់ តាមរយៈការងារជាជាងទងបណ្តើរ បង់ថ្លៃសិក្សា រហូតដល់គ្រប់។ បន្ទាប់មក ដោយសារតែគាត់ឃើញយុវជនសុខម៉ិញ ជាមនុស្សល្អ ស្លូតបូត និងមានភាពវ័យឆ្លាត ទើបគាត់បានប្រគល់សាលាកូរ៉េអ៊ីឈុន របស់គាត់ ទៅឱ្យយុវជនម៉ៅ សុខម៉ិញ ជាអ្នកគ្រប់គ្រង និងមើលការខុសត្រូវ រហូតដល់សេងសាលាថ្មី សុខម៉ិញ ក៏បន្តធ្វើការឱ្យម្ចាស់សាលាថ្មីទៀតទៅ។

អ្នកស្រី ស៊្រី ណារី បន្តថា ក្រោយមកក្នុងរង្វង់ប្រមាណជាង១០ថ្ងៃ មុនថ្ងៃកើតហេតុ យុវជនម៉ៅ សុខម៉ិញ បាននាំនារីម្នាក់ (នារីរងគ្រោះជាគ្រូបង្រៀនភាសាកូរ៉េ) មកណែនាំឱ្យគាត់ស្គាល់ និងប្រាប់ថា នាងជាសង្សាររបស់ខ្លួន។ ពេលនោះ គាត់ក៏បាននិយាយណែនាំអ្នកទាំង២ ថា បើពិតជាស្រលាញ់គ្នាមែន មើលចិត្តគ្នាឱ្យច្បាស់លាស់ទៅ ហើយបើឆាប់រៀបការ សាងអនាគតជាមួយគ្នាក៏ល្អដែរ ណាមួយងាយស្រួលសន្សំលុយផង។ ស្រាប់តែមិនបានប៉ុន្មានផង នៅថ្ងៃកើតហេតុ ក៏មានគេទូរស័ព្ទមកប្រាប់ថា ប្រទះឃើញយុវជនម៉ៅ សុខម៉ិញ ត្រូវគេវាយប៉ងសម្លាប់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។ ចំណែកអ្នកគ្រូកូរ៉េ ជាសង្សារនោះ បានស្លាប់បាត់ទៅហើយ ដោយសពមានសភាពអាក្រាតកាយទៀតផង។ ភ្លាមនោះ គាត់ក៏បានទៅមើលយុវជនសុខម៉ិញ ដល់មន្ទីរពេទ្យដែរ និងឃើញថា គេមានរបួសធ្ងន់ត្រង់ក្បាល ដោយមានឈាមកកក្នុងខួរក្បាលទៀតផង។ បន្ទាប់មក ក្រុមគ្រួសារក៏សម្រេចបញ្ជូនសុខម៉ិញ ទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ហើយមកដល់បច្ចុប្បន្ន ស្ថានភាពរបស់សុខម៉ិញ គឺបានធូរស្រាលខ្លះហើយ ដោយគេបានដឹងខ្លួន និងអាចក្រោកអង្គុយបាន ព្រមទាំងមានការចងចាំឡើងវិញ ១០០ភាគរយហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺស្ថានភាពរបួសនៅបន្តការព្យាបាលនៅឡើយ និងចំណាយថវិកាអស់ច្រើនទៀត ខណៈដែលគ្រួសាររបស់គេទីទ័លក្រខ្លាំងណាស់ សូម្បីតែម៉ូតូដែលសុខម៉ិញ ជិះទៅធ្វើការរាល់ថ្ងៃ ក៏បង់រំលស់ធនាគារ មិនទាន់ដាច់ផង តែក្រោយកើតមានរឿងរ៉ាវ ខាងធនាគារក៏បានជួយសម្រួលផងដែរ។ ហេតុនេះ ទើបគាត់បានព្យាយាមអំពាវនាវតាមហ្វេសប៊ុក ដើម្បីសុំឱ្យមានការជួយសង្គ្រោះដល់យុវជន ម៉ៅ សុខម៉ិញ ព្រោះយុវជនរូបនេះ គឺជាមនុស្សល្អ និងមិនធ្លាប់មានជម្លោះ ឬគំនុំជាមួយអ្នកណាម្នាក់ឡើយ។ រហូតមកដល់ពេលនេះ ជំនួយឧបត្ថម្ភដែលសប្បុរសជនផ្តល់មក គឺមានជាហូរហែ ១ថ្ងៃ ចាប់ពី១០ទៅ២០ដុល្លារ ប៉ុន្តែនៅមិនទាន់អាចបូកសរុបបាននៅឡើយ ហើយគាត់គ្រោងនឹងបូកសរុបប្រាក់ឧបត្ថម្ភនេះ នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ ដោយឡែក រឿងរ៉ាវដែលនាំឱ្យឈានដល់អំពើឃាតកម្មនេះ គាត់មិនបានដឹងទាល់តែសោះ និងទុកឱ្យសមត្ថកិច្ចជាអ្នកជួយស្រាវជ្រាវវែកមុខឃាតករ ដើម្បីផ្តល់យុត្តិធិម៌ដល់យុវជន ម៉ៅ សុខម៉ិញ និងនារីជាសង្សារដែលបាត់បង់ជីវិតគួរឱ្យសង្វេគ។

ដោយឡែក លោកអ៊ុំ សុគន្ធវាសនា ហៅ VS អាយុ២៧ឆ្នាំ រស់នៅស្រុកស្ទឹងត្រង់ និងជាម្ចាស់គណនីហ្វេសប៊ុកមួយ ដែលបានជួយអំពាវនាវរកជំនួយឧបត្ថម្ភសម្រាប់យុវជន ម៉ៅ សុខមិញ ដែរនោះ បានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ថា រវាងលោកនិងយុវជន សុខម៉ិញ គឺមិនដែលស្គាល់គ្នានោះទេ ប៉ុន្តែលោកទើបបានស្គាល់សុខម៉ិញ ក្រោយកើតរឿងហេតុឃាតកម្មលើរូបគេ និងនារីជាសង្សារ។ លុះក្រោយពីបានដឹងថា ស្ថានភាពជីវភាពរបស់យុវជន សុខម៉ិញ ក្រីក្រលំបាកតោកយ៉ាក និងថែមទាំងកំពុងជាប់ បំណុលធនាគារ ទាំងដែលខ្លួនកំពុងមានរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម ហេតុនេះ ទើបលោកសម្រេចបង្ហោះហ្វេសប៊ុក អំពាវនាវសុំជំនួយឧបត្ថម្ភពីសប្បុរសជនជិតឆ្ងាយ ដើម្បីជួយដល់យុវជនសុខម៉ិញ។ រហូតមកដល់ពេលនេះ លោកបានរកថវិកាសម្រាប់ផ្តល់ឱ្យយុវជនសុខម៉ិញ បានមួយចំនួនដែរ និងមានដៃគូម្នាក់ទៀត ក៏កំពុងស្វះស្វែងរកជំនួយជូនសុខម៉ិញ ដូចគ្នា។ ទោះបីជាលោកមិនដែលស្គាល់យុវជនសុខម៉ិញ និងគ្មានទំនាក់ទំនងអ្វីជាមួយយុវជននោះមែន ប៉ុន្តែលោកមានទឹកចិត្តអាណិតអាសូរ នៅពេលដែលដឹងថា យុវជនរូបនេះ មានប្រវត្តិតស៊ូ និងមានជីវភាពក្រីក្រ បែរជាមកជួបរឿងអកុសលបែបនេះទៀត ហើយអ្វីដែលលោកធ្វើនេះ គ្រាន់តែជាទង្វើសប្បុរសធម៌មួយផ្នែក ដែលលោកតែងធ្វើជាញឹកញាប់ តាំងពីមុនមក។ អ្វីដែលលោកចង់បាននៅពេលនេះ គឺជំនួយឧបត្ថម្ភ ដើម្បីជួយដល់យុវជនសុខម៉ិញ និងចង់ឱ្យយុវជនសុខម៉ិញ ដឹងខ្លួន វិលមករកសុខភាពល្អប្រក្រតីឡើងវិញ ពិសេសចង់ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាឃាតករឱ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះជាគូសង្សារអភ័ព្វខាងលើនេះ។

គួររំលឹកថា កាលពីចម្លោះម៉ោងប្រមាណ១០ទៅ១១យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាហ៊ុន ណេង ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដោយនារីក្រមុំជាគ្រូបង្រៀនភាសាកូរ៉េម្នាក់ ត្រូវឃាតករវាយសម្លាប់ ទាំងអាក្រាតយ៉ាងឃោរឃៅ ចំណែកយុវជនជាសង្សាររងរបួសយ៉ាង ធ្ងន់ត្រង់ក្បាល និងផ្ទៃមុខ ហើយត្រូវបានគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់ ឬអាចជាករណីស្នេហាត្រីកោណផងដែរ ខណៈដែលជនដៃដល់ជាឃាតករបានរត់គេចខ្លួនបាត់ស្រមោល។

តាមសម្តីស្ត្រីជាម្តាយ យុវជនរងគ្រោះឈ្មោះម៉ៅ សុខម៉ិញ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កូនប្រុសគាត់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ចេញពីផ្ទះ ដើម្បីទៅចូលរួមមង្គលការគេ។ ស្រាប់តែមកដល់យប់ជ្រៅទៅហើយ នៅតែមិនឃើញកូនប្រុសត្រឡប់មកផ្ទះវិញទៀត ទើបគាត់បានទូរស័ព្ទទៅកូនប្រុស ប៉ុន្តែទូរស័ព្ទចូល តែមិនមានអ្នកលើកនិយាយឡើយ។

ស្ត្រីជាម្តាយយុវជនរងគ្រោះ បានបន្តថា លុះមកដល់ព្រឹកព្រលឹមចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែមានសមត្ថកិច្ចបានទូរស័ព្ទមកប្រាប់គាត់ថា កូនប្រុសគាត់ត្រូវគេកាប់របួសធ្ងន់ចំក្បាល សន្លប់ និងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យស្រុកស្ទឹងត្រង់ ឮបែបនេះ គាត់ក៏ប្រញាប់ទៅមើលកូនប្រុសនៅមន្ទីរពេទ្យតែម្តង។

ស្ត្រីជាម្តាយ បានបន្ថែមថា កូនប្រុសគាត់រៀងរាល់ល្ងាចទំនេរ គឺតែងជិះម៉ូតូទៅរៀនភាសាកូរ៉េ ព្រោះបានត្រៀមដាក់ពាក្យចេញទៅធ្វើពលករនៅប្រទេសកូរ៉េខាងត្បូង។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងទៀតថា ករណីឃាតកម្មនេះ បើតាមការពិនិត្យនៅកន្លែងកើតហេតុ ឃើញមានបន្សល់ទុកដំបងឈើ ១កំណាត់ ប្រវែង៤តឹក ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ របស់នារីរងគ្រោះ ដែលស្លាប់ទាំងអាក្រាតកាយ ១គ្រឿង ដួលនៅក្បែរបង់អង្គុយលេង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងដុតដៃដុតជើងស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីតាមចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES