សៀមរាប៖ គម្រោងបុរីផ្ទះល្វែងមួយចំនួន ដែលកំពុងសាងសង់នៅក្នុងស្រុកបន្ទាយស្រី ត្រូវបានអាជ្ញាធរចុះត្រួតពិនិត្យ និងផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយអះអាងថា ម្ចាស់បុរីទាំងនោះមិនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។
ការចុះត្រួតពិនិត្យ និងផ្អាកសកម្មភាពនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩នេះ ដោយដឹកនាំដោយលោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត រួមនឹងក្រុមការងារចម្រុះ។

លោក សួស សុខចាន់ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញថា គម្រោងបុរីនៅក្នុងស្រុកបន្ទាយស្រី គឺមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវនៅឡើយ។

លោកសួស សុខចាន់ បានបញ្ជាក់ថា “គ្រប់បុរីដែលមិនមានច្បាប់អនុញ្ញាត ត្រូវបានក្រុមការងារសម្រេចឲ្យម្ចាស់ ឬតំណាង ត្រូវតែបញ្ឈប់សកម្មភាពទាំងឡាយ ដូចជា សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាព , បញ្ឈប់ការសាងសង់សំណង់នានាក្នុងទីតាំងគម្រោង។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានតម្រូវឲ្យម្ចាស់គម្រោងបុរីទាំងនោះ ត្រូវតែសុំការអនុញ្ញាតច្បាប់ពីមន្ត្រីជំនាញឲ្យបានត្រឹមត្រូវ មុននឹងដំណើរការធ្វើអាជីវកម្មរបស់ខ្លួន។

គម្រោងបុរីដែលត្រូវអាជ្ញាធរចុះផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ននោះ មានដូចជា គម្រោងបុរីរបស់ក្រុមហ៊ុនអង្គរលែន ម៉ាក្ស បន្ទាយស្រី ស្ថិតក្នុងភូមិខ្នារ , គម្រោងបុរីមហាមន្ទីរ ( MAHA MONTY ) ស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ និងគម្រោងបុរីមួយកន្លែងទៀត នៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ។

ដោយឡែក លោកស្ងួន ណារិន តំណាងបុរីអង្គរលែន ម៉ាក្ស បន្ទាយស្រី បានឲ្យដឹងថា គម្រោងអាជីវកម្មរបស់លោកមានច្បាប់អនុញ្ញាតពីអាជ្ញាធរស្រុក ប៉ុន្តែលោកទទួលស្គាល់ថា ច្បាប់នោះមានភាពខ្វះចន្លោះខ្លះ ដូច្នេះលោកសូមសម្តែងនូវការអរគុណចំពោះក្រុមការងាររបស់រដ្ឋបាលខេត្ត ដែលបានចុះមកណែនាំលោកឲ្យយល់អំពីផ្លូវច្បាប់ ហើយក្រុមហ៊ុននឹងខិតខំបំពេញនូវចំណុចខ្វះខាតទាំងឡាយ ដែលជាតម្រូវការផ្នែកផ្លូវច្បាប់ ដើម្បីជាការងាយស្រួលសម្រាប់អាជីវកម្ម ៕