Sunday, November 16, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចប្រើពេល១ខែ ទើបដឹងមុខរបរនាងច្បាស់ ពេលនេះវ៉ៃខ្នោះទាំង២

សមត្ថកិច្ចប្រើពេល១ខែ ទើបដឹងមុខរបរនាងច្បាស់ ពេលនេះវ៉ៃខ្នោះទាំង២

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលនារីរូបស្រស់ជនជាតិខ្មែរ-អ៊ីស្លាម ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាមួយនឹងថ្នាំញៀនជាង៧គីឡូក្រាម ប៉ុន្តែអ្វីដែលកាន់តែកាន់តែភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺបន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការសាកសួរ នារីសង្ស័យទាំង២នាក់ខាងលើ បានអះអាងថា ពួកនាងជួញដូរគ្រឿងញៀននេះ អស់រយៈពេលជាង១ខែមកហើយ ដោយក្នុង១ថ្ងៃ ពួកនាងលក់ចេញយ៉ាងហោចណាស់២គីឡូក្រាម។

ប្រតិបត្តិការបំបែកសម្បុកលក់ថ្នាំញៀនដ៏ធំខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

នារីសង្ស័យជាឈ្មួញជួញដូរថ្នាំញៀនដ៏ធំទាំង២នាក់ ដែលត្រូវសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហ៊ីម ពៅ អាយុ២៥ឆ្នាំ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងទី២-ឈ្មោះហ៊ីម ជុ អាយុ៣១ឆ្នាំ ស្នាក់នៅជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យទាំងពីរខាងលើ បានឆ្លើយសារភាពថា ពួកគេបានធ្វើចរាចរណ៍គ្រឿងញៀននេះ រយៈជាងមួយខែមកហើយ ដោយក្នុងមួយថ្ងៃ ពួកនាងបានលក់ចេញយ៉ាងទាបបំផុត២គីឡូក្រាម។ ចម្លើយសារភាពបន្តទៀតថា គ្រឿងញៀនរាប់គីឡូនេះ ដែលពួកនាងបានយកមកលក់ និងចែកចាយនៅលើទីផ្សារងងឹតក្នុងរាជធានីភ្នំពេញនេះ គឺបានទិញបន្តពីមនុស្សម្នាក់យកមកលក់ឱ្យ ដែលមនុស្សម្នាក់នោះ ពួកនាងមិនបានស្គាល់ឈ្មោះ និងអាសយដ្ឋានច្បាស់លាស់ទេ។

គួរបញ្ជាក់ថា នារីសង្ស័យជាជនជាតិខ្មែរ-អ៊ីស្លាម ទាំងពីរនាក់ខាងលើ រួមនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ជាង៧គីឡូក្រាម ព្រមទាំងសម្ភារវេចខ្ចប់មួយចំនួនផង ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិឃាត់បាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបាននាំមកបង្ហាញខ្លួន ខណៈថ្នាំញៀនទាំងមានតម្លៃជិត១០ម៉ឺនដុល្លារឯណោះ។

លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ បានឱ្យដឹងថា ក្រោយពីមានបទបញ្ជាពីលោកនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសហការពីប្រជាពលរដ្ឋផងនោះ ក៏ត្រូវនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានស៊ើបអង្កេតអស់រយៈពេល១ខែ ទើបឈានដល់ឃាត់ខ្លួនស្ត្រីទាំង២នាក់ និងគ្រឿងញៀនជាង៧គីឡូក្រាមនេះ កាលពីថ្ងៃទី២៦ ឧសភា។

ទាក់ទិនការបង្ក្រាបគ្រឿងញៀនលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងដែរថា ករណីខាងលើនេះ សមត្តកិច្ចយើងបានធ្វើការស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួននៅផ្ទះជនសង្ស័យតែម្តង ដែលពួកគេរក្សាទុកក្នុងគោលបំណងយកទៅលក់ និងចែកចាយបន្តទៀត ។

ស្ត្រីសង្ស័យទាំង២នាក់ និងថ្នាំញៀនជាង៧គីឡូក្រាមដែលដកហូតបាន ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES