Sunday, November 16, 2025
Homeព័ត៌មានជាតិខ្មាន់កាំភ្លើងបាញ់នារីម្នាក់បាក់ភ្លៅ ត្រូវបានម្តាយនាំខ្លួនមកសារភាពទោសកំហុស

ខ្មាន់កាំភ្លើងបាញ់នារីម្នាក់បាក់ភ្លៅ ត្រូវបានម្តាយនាំខ្លួនមកសារភាពទោសកំហុស

​ភ្នំពេញ ​៖ ជនបង្កដែលបានផ្ទុះអាវុធនៅ​ក្លឹប​កម្សាន្តលុច​សារី បណ្តាល​ឲ្យ​នារី​ម្នាក់​របួស​ភ្លៅ ត្រូវបានលោកជំទាវញ៉ែម មរកត ដែលត្រូវជាម្តាយ បាននាំខ្លួនចូលមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយកាលពីវេលា១៦​និង​០០នាទី ថ្ងៃទី​ ២៩ ខែឧសភា ឆ្នាំ​២០១៩។

ជនសង្ស័យមាន​ឈ្មោះ វីន សុក្រ​បញ្ញា អាយុ​២៧​ឆ្នាំ​ កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។​

គួរបញ្ជាក់ថា ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យ២នាក់ ដកកាំភ្លើងបាញ់ បណ្តាលឱ្យរងរបួសធ្ងន់ធ្លាយភ្លៅ សង្ស័យផ្តើមចេញពីរឿងប្រចណ្ឌ ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងក្លឹបលុច្សសារី ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសនៅក្នុងក្លឹបលុច្សសារី។ ភ្លាមនោះ កម្លាំងជំនាញបានចុះដល់មន្ទីរពេទ្យកាល់ម៉ែត ជួបជនរងគ្រោះ និងបានបំភ្លឺជាបន្តបន្ទាប់។

ជនរងគ្រោះឈ្មោះនឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រងរបួសចំភ្លៅខាងស្តាំចំនួន១គ្រាប់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកជនសង្ស័យមានគ្នា២នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន២ដើម (ម្នាក់១ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ។

តាមការឆ្លើយបំភ្លឺរបស់នារីរងគ្រោះ បានឱ្យដឹងថា ករណីផ្ទុះអាវុធបណ្តាលរងរបួសនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងកំពុង​កសាង​សំណុំរឿង​បញ្ជូនខ្លួនទៅកាន់តុលាការ បន្តនិតិ​វិធី​ច្បាប់៕

RELATED ARTICLES