ខេត្តព្រះសីហនុ ៖ ក្មេងប្រុសស្រី២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីជនសង្ស័យម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជាបង ពេលនោះប្អូនប្រុសបានឃើញសកម្មភាព ទំនងជាជនសង្ស័យខ្លាចក្មេងប្រុសរងគ្រោះយករឿងនេះប្រាប់ម្តាយឪពុក ក៏បានសម្លាប់ចោលតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនក្មេងស្រីរងគ្រោះជាបងទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏បានស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកើតហេតុ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

ក្មេងប្រុសស្រីទាំង២នាក់បងប្អូន មានឈ្មោះផ.ស.ល ភេទប្រុស អាយុ២ឆ្នាំកន្លះ បានស្លាប់នៅផ្ទះកើតហេតុ និងឈ្មោះ ផ.ស.ល ភេទស្រី អាយុ១០ឆ្នាំ។

សមត្ថកិច្ចជំនាញស្រុកព្រៃនប់ បានឲ្យដឹងថា នៅម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ក្មេងស្រីរងគ្រោះបានស្លាប់ហើយនៅតាមផ្លូវ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក គឺស្លាប់នៅលើរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានឃាតកម្មមួយ បានកើតឡើងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឃាតកម្មខាងលើនេះ ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់អត្តសញ្ញាណ បណ្តាលឲ្យក្មេងប្រុសស្រី២នាក់បងប្អូនបង្កើតស្លាប់ទាំង២នាក់តែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ក៏ដូចជាកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងចុះស្រាវជ្រាវ ដើម្បីឈានទៅនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

