ភ្នំពេញ ៖ ករណីឃាតកម្មដ៏ឃោរឃៅ ដែលជនជាឃាតករបានវាយសំពងមិត្តភក្តិរួមការងារ ចំនួន៧បំពង់ទីប បណ្តាលឱ្យផុងលលាដ៍ក្បាលស្លាប់ កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចហាងថតរូបល្អពេញចិត្ត តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករ ដើម្បីនាំយកផ្តន្ទាទោសតាមច្បាប់ ខណៈដែលអំពើឃាតកម្មមួយនេះ ផ្តើមចេញពីរឿងជនបង្កប្រចណ្ឌប្រពន្ធជាមួយជនរងគ្រោះ។

ជនរងគ្រាះ ដែលត្រូវឃាតករលបវាយសម្លាប់យ៉ាងព្រៃផ្សៃ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាកម្មករក្នុងហាងថតរូបល្អពេញចិត្ត ស្ថិតនៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកជនដៃដល់ជាឃាតករ ត្រូវបានសាច់ញាតិជនរងគ្រោះ បញ្ចោញរូបភាពតាមហ្វេសប៊ុក និងបានបញ្ជាក់ថា មានឈ្មោះរី វួ ជាអ្នកធ្វើការងារនៅហាងថតរូបល្អពេញចិត្ត អូឡាំពិក ជាមួយជនរងគ្រោះ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតករវាយសម្លាប់នឹងបំពង់ទីប មានឈ្មោះផុន សាលីន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកហាងថតរូបល្អពេញចិត្ត ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រងរបួសផ្នែកក្បាលធ្ងន់ធ្ងរ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ ដោយឡែកជនដៃដល់មាន ឈ្មោះឈុន ឌឹម អាយុ២៦ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយជនរងគ្រោះ (រត់គេចខ្លួន)។

តាមសម្តីយុវតី អ៊ឹម ស្រីកែវ អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្នុងហាងថតរូបល្អពេញចិត្ត និងត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានឱ្យដឹងថា ជនដៃដល់បានប្រើបំពង់ទីបវាយលើជនរងគ្រោះ ដែលជាបងថ្លៃរបស់នាងនៅកន្លែងធ្វើការល្អពេញចិត្តផ្តិតរូប បណ្តាលឱ្យរងបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងរ ផ្នែកក្បាល ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែអកុសល ដឹកបានពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

យុវតីជាប្អូនថ្លៃស្រីរបស់ជនរងគ្រោះ បានបង្ហើបប្រាប់ថា មូលហេតុដែលនាំឱ្យជនសង្ស័យប្រើបំពង់ទីបវាយជនរងគ្រោះ រហូតដល់ស្លាប់បែបនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ ដោយជនដៃដល់ជាឃាតករបានប្រចណ្ឌជនរងគ្រោះជាមួយប្រពន្ធរបស់គេ (ជនដៃដល់់) ដែលសុទ្ធសឹងតែជាអ្នកធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ព្រោះកន្លងមក ប្រពន្ធរបស់ជនដៃដល់ឧស្សាហ៍លេងសើចជាមួយជនរងគ្រោះណាស់ និងហាក់មានសភាពស្និតស្នាលនឹងគ្នាទៀតផង ទើបធ្វើឱ្យជនដៃដល់មានចិត្តប្រចណ្ឌ ចេះតែកើតមានរឿងឈ្លោះប្រកែកជាមួយប្រពន្ធជាញឹកញាប់។ ជាក់ស្តែង នៅថ្ងៃកើតហេតុ ជនដៃដល់ និងប្រពន្ធ បានឈ្លោះប្រកែកគ្នា រហូតដល់ស្ត្រីជាប្រពន្ធជនដៃដល់ បានធ្វើដំណើរទៅស្រុកកំណើត ស្រាប់តែល្ងាចឡើង ក៏កើតមានករណីឃាតកម្មវ៉ៃសម្លាប់ជនរងគ្រោះបែបនេះតែម្តងទៅ។

ដោយឡែក យោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Prommony Mean ដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ បានបង្ហោះសារនៅក្រោយពេលកើតហេតុភ្លាមៗ ថា “នៅយប់នេះ ថ្ងៃទី២៧, ០៥, ២០១៩ អំពើសាហាវ ជនសង្ស័យនៅក្នុងរូបនេះ បានលួចវ៉ៃប្អូនប្រុសខ្ញុំ ដោយគេបានបិទភ្លើងវ៉ៃ ដូចគ្រោងធ្វើឃាតកម្មអ៊ីចឹង រឿងនេះកើតហេតុនៅក្នុងហាងថតរូបល្អពេញចិត្តម្តុំអូឡាំពិក រាជធានីភ្នំពេញ ពីព្រោះជនប្រព្រឹត្ត និងជនរងគ្រោះ ប្អូនខ្ញុំធ្វើការងារជាមួយគ្នានៅហាងខាងលើនេះ ជនដៃដល់បានរត់គេចខ្លួន។ ហើយប្អូនប្រុសរបស់ខ្ញុំ រងរបួសស្រាំលលាដ៍ក្បាលធ្ងន់ធ្ងរណាស់ ឥឡូវនេះ កំពុងតែសង្គ្រោះបន្ទាន់ ហើយពេលនេះមិនដឹងយ៉ាងណាទេ។ ខ្ញុំសូមប្តឹងដល់សមត្ថកិច្ចទាំងអស់គ្រប់ជាន់ថ្នាក់ មេត្តាជួយតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ផង! សូមជួយរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះផង! ខ្ញុំសូមអរគុណទុកជាមុន។ សូមបងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុក ជួយរកយុត្តិធម៌ ចែករំលែក Share ផង…”។

ម្ចាស់គណនីហ្វេសប៊ុក ដែលជាបងជីដូនមួយរបស់ជនរងគ្រោះ បានបន្ថែមថា “ប្អូនប្រុសខ្ញុំបានស្លាប់បង់បាត់ជីវិតហើយ ដោយស្នាដៃជនសង្ស័យឈ្មោះរី វួ ជាអ្នកធ្វើការងារនៅហាងថតរូបល្អពេញចិត្តអូឡាំពិកភ្នំពេញ ជាមួយគ្នា នឹងជនរងគ្រោះ ដោយជននេះបានលួចវ៉ៃសម្លាប់ នឹងដែកទីប រហូតដល់ផុងបែកស្រាំលលាដ៍ក្បាលធ្ងន់ធ្ងរខ្លាំងពេក មិនអាចសង្គ្រោះបានទេ កើតហេតុនៅថ្ងៃទី២៧,០៥,២០១៩ វេលាម៉ោង៥ល្ងាច គឺនៅចំពេលដែលបុគ្គលិកហាងថតរូបល្អ ពេញចិត្តអូឡាំពិកទាំងអស់ សំរាកទៅញ៉ាំបាយ នៅពេលនោះ ជនរងគ្រោះនៅម្នាក់ឯង ដូច្នេះឃាតករក៏ធ្វើសកម្មភាពវ៉ៃតែម្តង ហើយនៅពេលបុគ្គលិកខ្លះត្រឡប់មកវិញ ក៏បានឃើញជនរងគ្រោះនៅលើតុក្រញ៉ង់ៗ ហើយប្រឡាក់ឈាមជោកក្បាល ក៏នាំគ្នាប្រញាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ តែអកុសល ប្អូនប្រុសខ្ញុំបានស្លាប់ហើយ។ ខ្ញុំអំពាវអំនាវ សូមឱ្យសមត្ថកិច្ចយុត្តិធម៌ មេត្តាជួយតាមចាប់ជនដៃដល់ មកដាក់ទោសទណ្ឌតាមច្បាប់ផង សូមអរគុណទុកជាមុន…”។

ជុំវិញករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕