ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ជាសមាជិកក្រុមប្រឹក្សាឃុំម្នាក់ ត្រូវបានប្រពន្ធកូន អះអាងថា មិនទាន់បានលែងលះជាមួយប្រពន្ធដើមដាច់ស្រេចនៅឡើយ ស្រាប់តែលួចលាក់សែនព្រេនជាមួយនឹងស្រីថ្មី លុះប្រពន្ធកូនតាមទាន់ កំពុងរៀបចំពិធីសែនព្រេន បែរជាពន្យុះឱ្យប្រពន្ធចង់ប្តឹងដល់ណា ក៏ប្តឹងទៅ សំខាន់ថ្ងៃនេះត្រូវសែនព្រេនយកគ្នាជាប្តីប្រពន្ធឱ្យទាល់តែបាន ព្រោះដេញបានពេលាល្អ ជាហេតុធ្វើឱ្យប្រពន្ធកូនកើតទុក្ខមិនសុខចិត្ត អំពាវនាវរកយុត្តិធម៌ពីថ្នាក់ដឹកនាំខេត្ត។

បុរសដែលបានលួចលាក់សែនព្រេនប្រពន្ធ ថ្មី និងត្រូវប្រពន្ធដើមនិងកូនៗតាមទាន់នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែត្រូវកូនៗបង្ហើបឱ្យដឹងថា បុរសរូបនេះមានតួនាទីជាអនុស្តីទីប្រឹក្សាឃុំកៀនជ្រៃ ស្រុកកំពង់សៀម។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Hea Ra ដែលអះអាងថា ត្រូវជាកូនប្រុសទី២របស់ឪពុក ដែលកំពុងលួចលាក់សម្ងំសែនព្រេនយកប្រពន្ធថ្មី កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៩ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួមនឹងវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពដែលខ្លួនរួមនឹងម្តាយព្រមទាំងសាច់ញាតិ បាននាំគ្នាតាមទៅទាន់បុរសជាឪពុក និងជាប្តី កំពុងរៀបចំពិធីសែនព្រេនយកប្រពន្ធថ្មី នៅក្នុងភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។

ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុក Hea Ra បានបង្ហោះសារភ្ជាប់ជាមួយថា “បងប្អូនជួយមើល អ្នកធ្វើការរៀនច្បាប់ តែអង្គុយលើច្បាប់ ចុះចោលប្រពន្ធកូន ទៅលួចសាហាយស្មន់ជាមួយស្រីផ្សេង ទាំងខ្លួនមិនទាន់ផ្តិតមេដៃលែងលះជាមួយប្រពន្ធដើម តែថ្ងៃនេះ គាត់បានលួចសែន តែប្រពន្ធកូនតាមទៅទាន់នៅកន្លែង កំពុងតែសែន ហើយគាត់និយាយថា ឱ្យអ្នកម្តាយខ្ញុំទៅប្តឹងនៅណាទៅៗ ដាច់ខាតថ្ងៃនេះគាត់ត្រូវតែសែនយកគ្នាជាប្តីប្រពន្ធ ក្នុងនាមខ្ញុំជាកូនប្រុសទីពីរ ខ្ញុំមិនសុខចិត្តនឹងទង្វើដែលគាត់ធ្វើមកលើអ្នកម្តាយខ្ញុំឡើយ សូមសមត្ថកិច្ចជួយដោះស្រាយ និងអន្តរាគមន៍ចំពោះបុគ្គលម្នាក់នេះផង កន្លែងកើតហេតុ នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ័ស្តុតាងមានគ្រប់គ្រាន់ហើយ សូមឯកឧត្តមអភិបាលខេត្ត ជួយមើលបុគ្គលម្នាក់នេះផង សព្វថ្ងៃ គាត់មានមុខតំណែងជាអនុស្តីទីប្រឹក្សាឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមបងប្អូនជួយស៊ែរម្នាក់មួយផង ដើម្បីឱ្យថ្នាក់លើមើលកូនចៅ ដែលក្អេងក្អាងម្នាក់នេះផង មានទាំងបងប្អូនមកចូលរួមទៀតផង…”។

ជុំវិញរឿងរ៉ាវ ដ៏ចម្រូងចម្រាស់ខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមពីភាគីប្រពន្ធ និងកូនៗបុរសខាងលើ បាននៅឡើយទេ។ ចំណែកបុរសជាសាមីខ្លួន ដែលត្រូវប្រពន្ធកូនអះអាងថា បានលួចលាក់សែន យកប្រពន្ធថ្មី ទាំងមិនទាន់លែងលះប្រពន្ធដើមដាច់ស្រេចនោះ “នគរធំ“ មិនអាចទាក់ទងសុំការបំភ្លឺបានដូចគ្នា ដោយសារតែគ្មានលេខទូរស័ព្ទទំនាក់ទំនង។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕