ខេត្តសៀមរាប ៖ វ៉ាលីសពណ៌ខ្មៅធំមួយ ត្រូវបានគេប្រទះឃើញ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ធ្វើឱ្យកើតមានការផ្អើលឆោឡោ ដល់សមត្ថកិច្ចខេត្តសៀមរាបចុះអន្តរាគមន៍ និងរាយការណ៍សុំជំនួយពីខាងជំនាញ ដោយសង្ស័យថាជាគ្រាប់បែកបង្កៃ ខណៈ ដែលធាតុពិត គ្រាន់តែជាវ៉ាលីសដាក់ខោអាវធម្មតាៗ របស់បុរសជនជាតិចិនមួយរូប ដែលខឹងរឿងគេគិតថ្លៃអីវ៉ាន់លើសចំនួន៨០ដុល្លារ ក៏បោះចោលវ៉ាលីសក្នុងព្រលានយន្តហោះសោះ។

យោងតាមការចុះពិនិត្យជាក់ស្តែងរបស់មន្ត្រីនគរបាលជំនាញ និងមន្ត្រីស៊ីម៉ាក់នោះ លទ្ធផលបង្ហាញថា នៅក្នុងវ៉ាលីសនោះ មានតែសម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមែនជាម្សៅដែលបង្កឱ្យមានជាតិផ្ទុះនោះឡើយ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា បុរសជនជាតិចិនរូបនេះ ត្រូវបានឃាត់សួរនាំ ក្រោយបោះចោលវ៉ាលីសរបស់ខ្លួនមួយនៅព្រលានយន្តហោះ ហើយនៅក្នុងវ៉ាលីសនោះ មានសម្លៀកបំពាក់ និងកាហ្វេ ហើយត្រូវបានមន្ត្រីស៊ីម៉ាក់យកទៅពិនិត្យមើលបន្ត។

បន្ថែមលើនេះ មន្ត្រីនគរបាលម្នាក់នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក៏បានបញ្ជាក់ផងដែរថា ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹក ដែលបង្កឡើងដោយជនជាតិចិនម្នាក់ រៀបឡើងយន្តហោះទៅម៉ាកាវវិញ ប៉ុន្តែដោយសារអីវ៉ាន់លើស ខាងព្រលានតម្រូវឱ្យបង់លុយ៨០ដុល្លារទៀត រូបគេក៏ទុកវ៉ាលីសចោលតែម្តង។

មន្ត្រីនគរបាលរូបនេះបានបន្តទៀតថា ក្រោយពីជនជាតិចិនដាក់វ៉ាលីចោល សមត្ថកិច្ចរួមជាមួយមន្ត្រីស៊ីម៉ាក់ បានទៅពិនិត្យមើល ឃើញតែសម្លៀកបំពាក់ និងកញ្ចប់កាហ្វេ មិនមែនជាការដាក់បង្កៃគ្រាប់បែកនោះឡើយ៕


