ខេត្តកំពង់ចាម ៖ បុរសម្នាក់ ជិះម៉ូតូទៅស៊ីការអ្នកភូមិ លុះចេញមកវិញ រកម៉ូតូមិនឃើញ ក៏ឆោឡោថាចោរលួច ក៏ប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរកផ្អើលរោងការ ទើបដឹងថា មានអ្នកទៅស៊ីការនៅរោងជាមួយស្រវឹងធ្លាក់ភ្នែក ច្រឡំជិះចេញទៅផ្ទះបាត់។

ករណីនេះ បើតាមមន្ត្រីប៉ូលិសបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះសំរោង បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះជេ ម៉េងឡុង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថា បានបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-8808 លេខតួ៨៤១៦២៦៨ លេខម៉ាស៊ីន៨៤១៦៦៨ បាត់នៅចំណុចក្រោមសំយាបផ្ទះឈ្មោះខឹម ចាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិទី៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពដដែលឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ បុរសខាងលើ បានជិះម៉ូតូទៅស៊ីការគេនៅក្បែរនោះ ដោយទុកម៉ូតូនៅកន្លែងផ្ទះឈ្មោះខឹម ចាន់ណា ក្បែររោងការ ហើយដើរចូលទៅស៊ីការធម្មតា។ លុះពេលត្រឡប់មកវិញ ស្រាប់តែបាត់ម៉ូតូរកមិនឃើញ ក៏ផ្អើលឆោឡោឡើង និងរាយការណ៍ទៅសមត្ថកិច្ចថា ចោរលួចឱ្យជួយអន្តរាគមន៍ស្រាវជ្រាវរក។

ប៉ូលិសបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកោះសំរោង ចុះដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវឃើញថា មិនមែនជាករណីលិចួម៉ូតូនោះទេ គឺមានការច្រឡំម៉ូតូរបស់ជនរងគ្រោះ ដោយភ្ញៀវដែលមកពីស៊ីការស្រវឹងធ្លាក់ភ្នែក ក៏ច្រឡំជិះយកទៅ។ បន្ទាប់មក ភ្ញៀវដែលច្រឡំម៉ូតូនោះបានយកម៉ូតូមកដូរវិញហើយ សមត្ថកិច្ចបានយកមកប្រគល់ជូនម្ចាស់ដើមវិញហើយ៕