Sunday, November 16, 2025
Homeព័ត៌មានជាតិកូនក្រមុំជិតចូលរោងការ ចងកស្លាប់ ម៉ែសង្ស័យកូនកំលោះធ្វើទារុណកម្ម

កូនក្រមុំជិតចូលរោងការ ចងកស្លាប់ ម៉ែសង្ស័យកូនកំលោះធ្វើទារុណកម្ម

ខេត្តសៀមរាប ៖ នារីម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហើយ ក៏ស្រាប់តែត្រូវបានគេប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ដេកក្នុងផ្ទះរបស់គូដណ្តឹង និងត្រូវសមត្ថកិច្ចសន្និដ្ឋានថា ជាករណីអត្តឃាត ប៉ុន្តែក្រោយពីដឹកសាកសពមកដល់ផ្ទះខាងស្រីវិញ ក៏ត្រូវសាច់ញាតិ និងក្រុមគ្រួសារប្រទះឃើញខ្លួនប្រាណសពមានស្លាកស្នាមមួយចំនួនមិនប្រក្រតី ទើបយល់ឃើញថា អាចជាករណីមិនប្រក្រតី សង្ស័យជាអំពើឃាតកម្ម ឬអាចទទួលរងទារុណកម្មពីភាគីកូនកំលោះ រហូតដល់ស្លាប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះបុរសជាគូដណ្តឹង ស្ថិតនៅភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប។

នារីរងគ្រោះមានឈ្មោះសុខ វិច្ឆិកា អាយុ២៨ឆ្នាំ កំពុងមានផ្ទៃពោះ៤ខែ និងជិតដល់ថ្ងៃចូលរោងការទៅហើយ មានស្រុកកំណើតនៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា មានករណីចងកសម្លាប់ខ្លួនបានកើតឡើង។ ភ្លាមនោះ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើកន្សែងពណ៌ សាច់ចងកភ្ជាប់នឹងចម្រឹងបង្អួច ដែលមានកម្ពស់២ម៉ែត្រ។ មូលហេតុដោយសារតែកើតមា ទំនាស់ពាក្យសម្តីជាមួយួនឹងគូដណ្តឹង។

ក្រោយបញ្ចប់ការធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់សពទៅឱ្យសាច់ញាតិ ក្រុមគ្រួសារនារីរងគ្រោះ ដឹកសពទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ប៉ុន្តែក្រោយពីដឹកសាកសពទៅដល់ផ្ទះ សាច់ញាតិនារីរងគ្រោះ បានប្រទះឃើញស្លាកស្នាមមិនប្រក្រតីមួយចំនួននៅលើដងខ្លួនសាកសព រួមមាន នៅលើក្បាល និងខ្លួនប្រាណ ជាហេតុធ្វើឱ្យក្រុមគ្រួសារនារីរងគ្រោះ យល់ថា ករណីនេះហាក់មិនប្រក្រតីទៅវិញ។

តាមសម្តីយុវតីឈ្មោះសុខ ស្រីណុច ត្រូវជាប្អូនស្រីបង្កើតរបស់នារីរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ បងស្រីរបស់នាង ឈ្មោះសុខ វិច្ឆិកា បានប្រាប់នាងថា គូដណ្តឹងរបស់គាត់បានវាយធ្វើបាបយ៉ាងដំណំ វាយក្បាលផង គុម្ពត្រចៀកផង ទាំងដែលពួកគាត់ត្រៀមចូលរោងការជាមួយគ្នានៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះទៅហើយ ហើយខណៈនោះ បងស្រីថែមទាំងបានត្អូញប្រាប់នាងទៀតថា គាត់មានអាការឈឺក្បាល និងវិលមុខយ៉ាងខ្លាំង ស្រាប់តែមិនបានប៉ុន្មាន ក៏ទទួលបានព័ត៌មានមកថា បងស្រីរបស់នាងបានចងកសម្លាប់ខ្លួនទៅវិញ។

គ្រួសារនារីរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ពួកគាត់នឹងធ្វើដំណើរទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីស្នើសុំបើកការស៊ើបអង្កេត និងកោសល្យវិច័យសពឡើងវិញ ព្រោះពួកគាត់យល់ថា ការស្លាប់របស់កូនស្រីគាត់នេះ ហាក់មានភាពមិនប្រក្រតីជាច្រើន ដោយសង្ស័យថា ជាអំពើឃាតកម្ម ឬទទួលរងទារុណកម្មឈានដល់ការបាត់បង់ជីវិត។ យ៉ាងណាក្តី គ្រួសារនារីរងគ្រោះបានអំពាវនាវសុំយ៉ាងទទូចដល់សមត្ថកិច្ចនគរបាលខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌ ដើម្បីបញ្ជាក់ការពិតជូនកូនស្រីរបស់ពួកគាត់ ដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចសុំការបកស្រាយពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននៅឡើយទេ។ ចំណែកបុរសជាគូដណ្តឹង រួមនឹងសាច់ញាតិក្រុមគ្រួសារខាងប្រុស ក៏មិនទាន់អាចសុំការបំភ្លឺបានដែរ ដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនង។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES