Sunday, November 16, 2025
Homeព័ត៌មានជាតិលួចចូលគណនីជាង២០០ ក្នុងនោះអ្នកលេងហ្វេសប៊ុក៥០ ចាញ់បោកផ្ញើប្រាក់ឲ្យយុវជននេះ

លួចចូលគណនីជាង២០០ ក្នុងនោះអ្នកលេងហ្វេសប៊ុក៥០ ចាញ់បោកផ្ញើប្រាក់ឲ្យយុវជននេះ

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានលួច (Hack) ចូលគណនីអ្នកលេងហ្វេសប៊ុកជាង២០០គណនី រួចបានឆាតខ្ចីលុយគេ ក្នុងនោះគណនីចំនួន៥០ បានចាញ់បោក។

យុវជនម្នាក់នេះឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិខ្មែរ កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៧ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្លូវ១៩៨១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្លាំងនាយកដ្ឋានរបស់លោក ដោយដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានស្ថិតក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង រៀល សុភិន បានចាប់ខ្លួនយុវជនម្នាក់ខាងលើ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបន្តថា ការឃាត់ខ្លួនយុវជនរូបនេះ បន្ទាប់ពីដាក់ពាក្យបណ្ដឹងពីជនរងគ្រោះ ដែលបានបទប្រកាន់លួចចូលប្រើប្រាស់គណនី Facebook អ្នកដទៃ ដោយគ្មានការអនុញ្ញាតិ រួចឆាតទៅខ្ចីប្រាក់ពីមិត្តភក្តិនៅក្នុង Facebook ដោយតម្រូវឲ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរលុយ ដែលកន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹង ជាច្រើនពីជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានសារភាពថា រូបគេពិតជាធ្លាប់បានធ្វើការឆបោកប្រាក់ជាច្រើនសារ ហើយរូបគេបានលួចចូលគណនី Facebook បានប្រហែល២០០គណនី និងជាង៥០គណនី ទទួលបានប្រាក់ពីការឆបោក។

បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

RELATED ARTICLES