ភ្នំពេញ៖ គូស្នេហ៍គូបានសម្រេចចិត្តយកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការនោះទេ លុះនៅថ្ងៃកើតហេតុ បុរសជាសង្សារបានបបួលនារីជាទីស្រលាញ់ទៅផ្ទះ តែនាងមិនព្រម ក៏ទាស់ពាក្យសម្តីគ្នា រហូតបុរសជាសង្សារវាយមួយដៃចំកណ្តាលមុខ ដួលសន្លប់ស្តូកស្តឹង។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១នឹង០៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥១ នៅចំណុចក្បែរនឹងសណ្ឋាគារសាន់វ៉ៃ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

គូស្នេហ៍មួយគូដែលផ្ទុះហិង្សារកណ្តាលផ្លូវនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងដឹងថា មុនពេលកើតហេតុ គេបានឃើញគូស្នេហ៍១គូនេះ ទាស់ពាក្យសម្តីគ្នា តែមិនដឹងថា មានរឿងអីនឹងគ្នានោះទេ ពេលនោះស្រាប់តែបុរសជាសង្សារបានវាយនារីរងគ្រោះមួយដៃចំកណ្តាលមុខ ទាំងនៅកណ្តាលផ្លូវ បណ្តាលឲ្យដួលសន្លប់ឈឹងនៅនឹងកន្លែង ដោយបានហើមមុខមួយចំហៀងខាងឆ្វេង។

ដោយឡែកបើតាមសម្តីបុរសជាគូស្នេហ៍នារីរងគ្រោះ បានប្រាប់ថា លោកនិងនារីសង្សារបានរួមរស់ជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ តែមិនបានរៀបការនោះទេ។ លុះនៅពេលកើតហេតុ គាត់បានបបួលនារីជាសង្សារទៅផ្ទះ ដោយឃើញមានអាការៈស្រវឹងទៅហើយ តែនាងមិនព្រម និយាយក៏មិនព្រមស្តាប់គ្នាទៀត ថែមទាំងវាយកុងទ័រម៉ូតូរបស់គាត់ បណ្តាលឲ្យស្រាំ លុះទ្រាំមិនបាន គាត់បានវាយមួយដៃតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានដឹងខ្លួន ហើយក៏បានឡើងជិះម៉ូតូជាមួយបុរសជាសង្សារ ចេញបាត់ពីកន្លែងកើតហេតុបាត់ស្រមោលទៅ៕