ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ មានវ័យ៧០ឆ្នាំប្លាយទៅហើយ តែនៅមានកម្លាំងដើរហើរ សប្បាយផ្តាំចាស់ រហូតលួចលាក់មានស្នេហាជាមួយមេម៉ាយកូន១ម្នាក់ ដែលទើបនឹងមានវ័យជាង៣០ឆ្នាំ និងតែងលួចលាក់ជួបគ្នា បង្កាត់ភ្លើងស្នេហ៍ឆក់កណ្តៀតជាញឹកញាប់ លុះចុងក្រោយ បន្ទាប់ពីស្កាត់ទៅជួបស្រីស្នេហ៍ប្រឹងរួមរ័កពេញ១យប់ ស្រាប់តែគោចាស់ប៉ះស្មៅខ្ចី គាំងបេះដូងស្លាប់ (ស្លាប់លើបង្គង) យ៉ាងអាណោចអាធ័ម ដោយនារីជាគូស្នេហ៍បានប្រាប់ថា ដោយសារតែលោកតាមានអារម្មណ៍ពុះកញ្ជ្រោលរោលរាលខ្លាំងពេក ទើបគាំងបេះដូងស្លាប់។

ហេតុការណ៍លោកតាវ័យ៧១ឆ្នាំស្លាប់ លើបង្គងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ ជួល១កន្លែង លេខ៦អា ជាន់ទី១ ផ្លូវលំ ក្រុម ទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
លោកតាដែលរួមរ័កស្រីស្នេហ៍ ស្លាប់លើបង្គងនោះ មានឈ្មោះស៊ុ លន់ អាយុ៧១ឆ្នាំ ស្នាក់នៅជាមួយកូនៗ (ម្តងនៅផ្ទះកូននេះ ម្តងនៅផ្ទះកូននោះ) និងមានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីជាគូស្នេហ៍ មានឈ្មោះ ឆុំ សុផល អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាស្ត្រីមេម៉ាយកូន១ មានកូនប្រុសម្នាក់ អាយុ៧ឆ្នាំ។

តាមប្រភពពីប្អូនស្រីបង្កើតរបស់ស្ត្រីជាគូស្នេហ៍របស់លោកតារងគ្រោះខាងលើ បានឱ្យដឹងថា លោកតារងគ្រោះ និងបងស្រីរបស់នាង បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា រយៈពេល៤ខែមកហើយ ពោលគឺអ្នកទាំងពីរបានទាក់ទងគ្នាតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ មកម៉្លេះ និងឧស្សាហ៍ជួបគ្នានៅក្នុងបន្ទប់ជួលខាងលើជាបន្តបន្ទាប់ ប៉ុន្តែកន្លងមក លោកតាគ្រាន់តែមកមួយភ្លែតៗបែបឆក់កណ្តៀតប៉ុណ្ណោះ រួចក៏ទៅវិញបាត់ មិនដែលនៅដេកជាមួយគ្នាពេញ ១យប់ ដូចលើកចុងក្រោយនេះឡើយ។
ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានដំណឹងថា បងស្រីរបស់នាងមិនស្រួលខ្លួន លោកតាក៏បានមកមើល និងផ្តល់កម្លាំងចិត្តដល់បងស្រីនាង រហូតដល់ល្ងាចទៅហើយ លោកតានៅតែមិនបានចាកចេញទៅផ្ទះវិញឡើយ ដោយប្រាប់ថា យប់នេះគាត់ចង់ដេកកំដរ គ្រាន់បានជាគ្នាពេលយប់ព្រលប់។ យប់នោះនៅក្នុងបន្ទប់ដេកមានគ្នា៣នាក់ ក្នុងនោះ រួមមានបងស្រីរបស់នាង លោកតាជាគូស្នេហ៍ រួមនឹងរូបនាងម្នាក់ផង។ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បងស្រីបានប្រាប់នាងថា គាត់មិនបានទៅធ្វើការនោះទេ ព្រោះមិនសូវស្រួលខ្លួន។ លុះឮបងស្រីប្រាប់បែបនេះ នាងក៏ចុះដើរទៅធ្វើការរោងចក្រតែម្នាក់ឯងទៅ ដោយនៅក្នុងបន្ទប់ មានតែបងស្រី និងតាស៊ុ លន់ ជាគូស្នេហ៍វ័យចំណាស់នោះប៉ុណ្ណោះ ស្រាប់តែមិនបានប៉ុន្មានផង មិនដឹងថា អ្នកទាំងពីរធ្វើអ្វីខ្លះ ក៏កើតមានរឿងអកុសលបែបនេះតែម្តង។

ប្អូនស្រីរបស់ស្រីស្នេហ៍តារងគ្រោះ បានឱ្យដឹងបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ បងស្រីបានទូរស័ព្ទមកប្រាប់នាងថា លោកតាជាគូស្នេហ៍របស់គាត់ដូចជាមិនស្រួលទេ សន្លប់បាត់មាត់បាត់កហើយ។ ភ្លាមនោះ នាងក៏ប្រញាប់វិលទៅបន្ទប់ជួលវិញ លុះទៅដល់ ឃើញលោកតាដេកស្តូកស្តឹង ក៏ឆោឡោហៅម៉ូតូកង់បី មកដឹកលោកតាទៅកាន់មន្ទីរពេទ្យដែរ តែជាអកុសល លោកតាបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ដោយឡែកតាមសម្តីស្ត្រីជាគូស្នេហ៍លោកតារងគ្រោះ បានឱ្យដឹងយ៉ាងខ្លីទាំងអៀនផងភ័យផងថា លោកតាញាប់ញ័រខ្លាំងពេក រហូតទន់ដៃជើង រួចក៏សន្លប់ស្តូកស្តឹងតែម្តងទៅ។

ក្រោយកើតរឿងរ៉ាវខាងលើនេះ ប្រជាពលរដ្ឋ មេភូមិ បានតាមស្វែងរកសាច់ញាតិ កូន ចៅសព ហើយបានហៅកូនប្រុសលោកតារងគ្រោះ ឈ្មោះលន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ មកដល់កន្លែងកើតហេតុ។ បន្ទាប់ពីកូនៗរបស់លោកតារងគ្រោះបានទៅដល់ ហើយបានអះអាងថា មិនធ្វើការប្តឹងផ្តល់អ្វីទេ ព្រោះពួកគាត់បានដឹងយ៉ាងច្បាស់ពីអារម្មណ៍របស់ឪពុក ដែលកន្លងមក ឪពុករបស់ពួកគាត់ចូលចិត្តដើរបែបនេះ គ្មាននរណាបង្ខំគាត់ឡើយ ហេតុនេះ គ្រាន់តែស្នើឱ្យប៉ូលិសជួយធ្វើលិខិតមរណភាព សម្រាប់ដឹកសពទៅធ្វើបុណ្យនៅវត្តពោធិ៍ចិនតុង។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យ វិច័យសពរួច បានបញ្ជាក់ថា់ លោកតារងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង។

សពលោកតារងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យកូនៗ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕