Sunday, November 16, 2025
Homeព័ត៌មានជាតិស្រលាញ់មិនហ៊ានសារភាព ស្រីរៀបការជាមួយប្រុសផ្សេង ប្រុសខឹងកាប់ប្តីប៊ិះស្លាប់

ស្រលាញ់មិនហ៊ានសារភាព ស្រីរៀបការជាមួយប្រុសផ្សេង ប្រុសខឹងកាប់ប្តីប៊ិះស្លាប់

កណ្តាល៖ បុរសម្នាក់បានលួចស្រលាញ់នារីម្នាក់ តែមិនហ៊ានសារភាពនោះទេ លុះដល់ពេលនារីនោះចូលរោងការជាមួយបុរសផ្សេង ក៏កើតក្តីខឹងសម្បាទាញកាំបិតចាក់បុរសជាប្តីនារីដែលរូបគេលួចស្រលាញ់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ លុះរំលងបាន១ថ្ងៃ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

ហេតុការណ៍ហិង្សាខាងលើនេះ បានកើតឡើងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃុំសំរោងលើ ស្រុកអង្គស្នួល។

ជនរងគ្រោះមានឈ្មោះ សាវន ជីវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល (រងរបួសចំទ្រូងផ្នែកខាងស្តាំ និងក្បាលផ្នែកខាងក្រោយ មានហូរឈាម ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ)។ ជនសង្ស័យមានឈ្មោះ ជួប កុងតាំង ហៅ រ៉ានី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យបានលួចស្រលាញ់នារីម្នាក់ តែមិនហ៊ានសារភាពនោះទេ ដោយលាក់ទុកក្នុងចិត្ត។ ចំណែកនារីម្នាក់នោះក៏បានរៀបការជាមួយបុរសផ្សេង ធ្វើឲ្យជនសង្ស័យមានចិត្តខឹងគុំកួនយ៉ាងខ្លាំង។

សមត្ថកិច្ចបានបន្តថា លុះមកដល់ថ្ងៃកើតហេតុ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចូលទៅទិញកូនកាំបិត០១ដើម ដាក់ជាប់ខ្លួន ក្នុងបំណងចាក់សម្លាប់ជនរងគ្រោះ។ រហូតដល់ម៉ោងជាង៦យប់ ជនសង្ស័យបានទៅរកជនរងគ្រោះដល់ផ្ទះ តែជនរងគ្រោះមិននៅផ្ទះទេ រួចជនសង្ស័យបានជិះម៉ូតូដើររកមើលតាមផ្លូវដែលជនរងគ្រោះធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ។

សមត្ថកិច្ចបានបន្តទៀតថា ពេលកំពុងជិះតាមផ្លូវក៏បានជួបនារីដែលខ្លួនស្រលាញ់ (ប្រពន្ធជនរងគ្រោះ) តែប្រពន្ធជនរងគ្រោះមិនបាននិយាយរកជនសង្ស័យឡើយ ហើយនាងបានតេហៅប្តី (ជនរងគ្រោះ)។ មួយសន្ទុះក្រោយមក ជនរងគ្រោះបានជិះមកដល់កន្លែងកើតហេតុ ជនសង្ស័យមិនបានជជែកគ្នាឡើយ ស្រាប់តែទាញកាំស្រួចចាក់មកលើជនរងគ្រោះ បណ្តាលឲ្យហូរឈាម រួចបានរត់គេចខ្លួន។

ក្រោយទទួលដំណឹងថា មានករណីហិង្សាកើតឡើង លោកឧត្តមសេនីយ៍
សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំង និងសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ យ៉ាងយយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យយបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារប្រពន្ធរបស់ជនរងគ្រោះ គឺរូបគេបានស្រលាញ់ ជាខ្លាំង ប៉ុន្តែនាងបានរៀបការជាមួយជនរងគ្រោះ ធ្វើឲ្យរូបគេខឹងគុំគួន ក៏ក្លាយជារឿងហិង្សានេះទៅ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ បន្តតាមនីតិវិធី៕

RELATED ARTICLES