ខេត្តព្រៃវែង ៖ ជនដៃដល់ជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ក្មេងប្រុសស្រីតូចៗចំនួន២នាក់បងប្អូន កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នោះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបាន កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះក្បឿងមួយកន្លែង ក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ដែលជាស្រុកកំណើតរបស់ជនសង្ស័យជាឃាតករ។
យោងតាមចម្លើយសារភាពរបស់ឃាតករល្មោភកាមដៃឆៅនេះ ធ្វើឱ្យមហាជនវាយតម្លៃថា ជនសង្ស័យជាមនុស្សសាហាវឃោរឃៅជាងតិរច្ឆានទៅទៀត ដែលហ៊ានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃទៅលើក្មេងស្រីប្រុស២នាក់បងប្អូន ដោយរំលោភសម្លាប់យ៉ាងឃៅរឃៅបំផុត។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមាង វិចិត្រ អាយុ២៦ ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង មានប្រពន្ធឈ្មោះសំ សូរិយា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (ឃាត់ខ្លួនទាំង២នាក់)។
លោកស៊ិន សារ៉ាត់ មេប៉ុស្តិ៍ស្តីទីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង បានបញ្ជាក់ប្រាប់ថា ជនសង្ស័យ និងប្រពន្ធ លួចចូលស្រុកវិញ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លុះស្អែកឡើង ថ្ងៃទី៣១ ឧសភា សមត្ថកិច្ចក៏បានទៅហៅជនសង្ស័យឱ្យទៅប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរ ប៉ុន្តែបាត់មិនឃើញអ្នកទាំង២ ហើយបងប្រុសរបស់គេបានប្រាប់ថា គេទៅវិញអស់ហើយ។ ដោយមិនទាន់ជឿជាក់ទាំងស្រុង ទើបសមត្ថកិច្ចនៅតាមឃ្លាំមើលក្បែៗផ្ទះរបស់គេ អស់រយៈពេល២ថ្ងៃ ទើបដឹងថា ជនសង្ស័យនិងប្រពន្ធ កំពុងលាក់ខ្លួននៅក្នុងផ្ទះអ្នកជិតខាង ដែលម្ចាស់មិននៅ ទើបសមត្ថកិច្ចរាយកម្លាំងចូលព័ទ្ធចាប់ជនសង្ស័យ និងប្រពន្ធបាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នេះតែម្តង ដោយមានកិច្ចសហការចូលរួមពីកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

ក្រោយចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបញ្ជូនទៅដល់ខេត្តព្រះសីហនុ នៅវេលាម៉ោង០១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០១៩។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភ និងសម្លាប់ក្មេងទាំង២នាក់បងប្អូននោះមែន។ មូលហេតុមកពីរូបគេស្រវឹងស្រា ហើយមានសារធាតុថ្នាំញៀននៅក្នុងខ្លួនផង ទើបបណ្តាលឱ្យគេមានចិត្តឃោរឃៅប្រព្រឹត្តទៅលើ ក្មេងទាំងពីរនាក់បែបនេះ។

ជនសង្ស័យបានឆ្លើយសារភាពទៀតថា នៅមុនពេលកើតហេតុ រូបគេបានទៅទិញថ្នាំញៀន ពីបុរសម្នាក់ឈ្មោះសាលា នៅឆ្នេរអូរឈើទាល។ បន្ទាប់មក ក៏ទៅទិញស្រាថ្នាំយកមកអង្គុយផឹកក្នុងបន្ទប់ជួល។ ពេលផឹកស្រាមិនទាន់អស់ គេក៏ដើរចេញពីក្នុងបន្ទប់កាត់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះ លុះឃើញក្មេងស្រីកំពុងតែលេងម្នាក់ឯង គេក៏ចូលទៅប្រលែងលេងជាមួយ និងលូកស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះរហូត ធ្វើឱ្យគេមានអារម្មណ៍ផ្លូវភេទ ទើបរូបគេបានយកខ្នើយមកខ្ទប់មុខក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភ រហូតដល់ក្មេងស្រីរងគ្រោះសន្លប់បាត់ស្មារតី។ ស្រាប់តែក្រោយមក ប្អូនប្រុសក្មេងស្រីរងគ្រោះបានដើរចូលមកដល់ឃើញ ហើយខ្លួនខ្លាចបែកការណ៍ ក៏ស្ទុះទៅទះកំផ្លៀងក្មេងប្រុសនោះ៦ដៃ ហើយទាត់មួយជើងទៅផ្ទប់នឹងជញ្ជាំង បណ្តាលឱ្យក្មេងប្រុសរងគ្រោះស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់មក រូបគេក៏រត់មកផ្ទះជួលវិញ ហើយបបួលប្រពន្ធរបស់គេទៅស្រុកកំណើតវិញតែម្តង។
យ៉ាងណាក្តី មកទល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តទៀតលើករណីនេះ។

ដោយឡែក លោកសៀង យាន ជាមេភូមិគ្រើល ដែលជាស្រុកកំណើតរបស់ជនសង្ស័យជាឃាតករ បានរៀបរាប់ប្រាប់ពីប្រវត្តិដ៏សាហាវយង់ឃ្នងរបស់ជននេះថា ជនសង្ស័យគឺជាកូនទី៣ នៅក្នុងចំណោមបងប្អូន៣នាក់ ដែលមានឪពុកឈ្មោះម៉ុច មាង អាយុ៦៥ឆ្នាំ ជាជនពិការ ម្តាយឈ្មោះផី បានស្លាប់តាំងពីជនសង្ស័យ មានអាយុជាងមួយខួបមកម៉្លេះ។
លោកមេភូមិបានបញ្ជាក់ថា កាលពីគេ (ឃាតករ) អាយុបាន១៥ទៅ១៦ឆ្នាំ ក្នុងពេលដែលចេញទៅមើលក្របីនៅវាលស្រែចុងភូមិ ជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភកូនស្រីអ្នកភូមិ ដែលទៅមើលក្របីជិតគ្នា តែមិនបានសម្រេច ដោយមានការប្រតាយប្រតប់គ្នាចុះឡើង រហូតមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ទើបធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ហើយក៏រត់ចោលស្រុកតាំងពីពេលនោះមក។

ក្រោយពីនោះ រយៈពេល២ទៅ៣ឆ្នាំ ជនសង្ស័យបានលួចចូលស្រុកម្តង តែត្រូវប៉ូលិសតាមចាប់ ទើបគេរត់គេចខ្លួនម្តងទៀត ហើយកាលពីជាង១ឆ្នាំមុននះ គេបានលួចចូលស្រុកម្តងទៀត ដោយបាននាំយកទាំងប្រពន្ធជាជនជាតិឡាវ ដែលមិនចេះខ្មែរ សូម្បីតែមួយម៉ាត់ ឱ្យមកនៅជាមួយឪពុក ឯរូបគេមិននៅជាមួយទេ គឺគេចទៅវិញបាត់ រហូតជិត២ខែ ទើបមកយកប្រពន្ធទៅវិញ ដោយប្រាប់ថា ទៅរកស៊ីនៅភ្នំពេញ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី៣០ ខែឧសភា ថ្មីៗនេះ ស្រាប់តែឃើញគេលួចចូលស្រុកវិញ ដោយយកទាំងប្រពន្ធថ្មីមកជាមួយផង ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ តែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៣និង១៥ នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ បានឱ្យដឹងថា កូនគាត់ទាំង២នាក់ដែលរងគ្រោះនេះ ម្នាក់ស្រីឈ្មោះផា ស្រីលក្ខ័ អាយុ១០ឆ្នាំ និងម្នាក់ទៀតប្រុសឈ្មោះ ផា សុខលី អាយុជាង២ឆ្នាំ។ គាត់ថា ហេតុការណ៍នេះកើតឡើងពេលដែលមិនមានមនុស្សចាស់ ដោយសារចេញទៅធ្វើការខាងក្រៅអស់ មានតែក្មេងៗនៅក្នុងផ្ទះប៉ុណ្ណោះ។

ចំណែកលោកអ៊ួន ផា ត្រូវជាឪពុកក្មេងរងគ្រោះ បានរៀបរាប់ថា ក្រុមគ្រួសារគាត់មិនមែនជាអ្នករស់នៅទីតាំងកើតហេតុនេះទេ គឺមានស្រុកកំណើតស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានមកធ្វើការសំណង់នៅក្បែរកន្លែងកើតហេតុ ទើបតែប្រហែលមួយសប្តាហ៍តែប៉ុណ្ណោះ។ ប្រពន្ធគាត់ជាកូនកាំបិតនៅហាងចិន ឯរូបគាត់ធ្វើសំណង់ ដោយស្នាក់នៅផ្ទះជាមួយមេជាងសំណង់ (ផ្ទះកើតហេតុ)។ នៅថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការសំណង់ តាំងពីម៉ោង១រសៀល រហូតម៉ោងប្រហែល២ជាង ប្អូនប្រុសគាត់ដែលនៅក្បែរនោះ បានមកសួរគាត់ថា ថ្ងៃនេះបាត់អាលី និងអាល័ក្ខ (ក្មេងប្រុសស្រីរងគ្រោះ)ទៅណា អត់ឃើញមកលេងផ្ទះ? បន្ទាប់មក ប្អូនប្រុសគាត់ក៏ដើរសំដៅទៅផ្ទះគាត់ ក៏ឃើញកូនគាត់ទាំងពីរនាក់ ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះនៅមានដង្ហើមនៅឡើយ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត រួចក៏បន្តមកមន្ទីរពេទ្យរាជធានីភ្នំពេញ ទៀត តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ក្មេងស្រីរងគ្រោះ មានសភាពធ្ងន់ខ្លាំងពេក ទើបក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះ នៅវេលាម៉ោង៨យប់ ថ្ងៃដដែល៕