Sunday, November 16, 2025
Homeព័ត៌មានជាតិឱក សុគន្ធកញ្ញា មេធំ ចេញថ្លៃដំណើរក្រេបចន្ទទឹកឃ្មុំ ?

ឱក សុគន្ធកញ្ញា មេធំ ចេញថ្លៃដំណើរក្រេបចន្ទទឹកឃ្មុំ ?

តារាចម្រៀងឱក សុគន្ធកញ្ញា និងប្តី លោកអ៊ឹង សុខលី បានធ្វើដំណើរទៅក្រេបចន្ទទឹកឃ្មុំ (HoneyMoon) ដល់ទៅ3ប្រទេស គឺបារាំង, បែលហ្ស៊ិក និងហូឡង់ដ៍ ដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារបន្ថែមពីលើមង្គលការ កាលពីថ្ងៃទី16 ឧសភា ដែលបានចំណាយប្រាក់ដល់ទៅជាង10ម៉ឺនដុល្លារ សម្រាប់ការជប់លៀងនៅសណ្ឋាគារសុខាភ្នំពេញ ដោយរៀបចំ 200តុនោះ។

យ៉ាងណា តាមព័ត៌មានថា ការទៅក្រេបចន្ទទឹកឃ្មុំរបស់សុគន្ធកញ្ញា ជាមួយស្វាមី ត្រូវបានអ្នកគ្រង់គ្រងក្រុមហ៊ុនទូរស័ព្ទដៃ Huawei ប្រចាំប្រទេសកម្ពុជា ជាអ្នកចំណាយប្រាក់ទាំងអស់ ព្រោះការដើរកម្សាន្តរបស់គូស្នេហ៍នេះជាការផ្សព្វផ្សាយពីគុណភាពនៃការថតរូបភាពរបស់ទូរស័ព្ទ Huawei  ដែលកំពុងតែមានទីផ្សារធ្លាក់ចុះដោយសារអាមេរិក បានដាក់ចូលក្នុងបញ្ជីខ្មៅនោះ។

ប្រភពពីតំណាង Hauwei ប្រចាំប្រទេសកម្ពុជា សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមហ៊ុនលោកមិនបានចេញលុយឱ្យឱក សុគន្ធកញ្ញា និងស្វាមី សម្រាប់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំក្រៅប្រទេសទេ តែក្រុមហ៊ុនលោកបានជូនជាកាដូធំដល់សុគន្ធកញ្ញា ក្នុងថ្ងៃអាពាហ៍ពិពាហ៍ហើយ។

តំណាង Hauwei រូបនេះ បានបញ្ជាក់ថា “ក្រុមហ៊ុនយើងមិនបានចេញលុយឱ្យគាត់សម្រាប់ដំណើរទៅក្រេបចន្ទទឹកឃ្មុំហ្នឹងទេ គាត់ចេញលុយខ្លួនឯងតើ។ ប៉ុន្តែនៅថ្ងៃរៀបការ Huawei បានជូនកាដូធំដល់សុគន្ធកញ្ញា និងស្វាមី តាមរយៈការជូនទូរស័ព្ទ, នាឡិកា និងវត្ថុអនុស្សារីយ៍មួយចំនួនទៀត”។

តំណាង Hauwei រូបនេះ បន្តថា ឱក សុគន្ធកញ្ញា នឹងមានការងារជាច្រើនជាមួយ Huawei នៅពេលដែលគាត់វិលត្រឡប់ពីដំណើរក្រេបចន្ទទឹកឃ្មុំនេះ តែលោកសុំមិនទាន់បង្ហើបឱ្យដឹងមុនឡើយ។

ឱក សុគន្ធកញ្ញា បានក្លាយទៅជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន Huawei ជំនួសតំណែងរបស់មាស សុខសោភា ដែលធ្លាប់ធ្វើការនេះរយៈពេលជាច្រើនឆ្នាំមកហើយ។

អ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ Huawei ម្នាក់ផ្សេងទៀត បាននិយាយសុំមិនឱ្យដាក់ឈ្មោះថា សុគន្ធកញ្ញា ស៊ីថ្លៃ1ជា2 បើប្រៀបធៀបជាមួយសុខសោភា តែលោកសុំមិនប្រាប់ពីតម្លៃខ្លួននោះឡើយ។ យ៉ាងណា លោកថា សុគន្ធកញ្ញា មានកុងត្រាជាមួយ Huawei 2ឆ្នាំ នឹងបន្ថែម2ឆ្នាំទៀត សរុប4ឆ្នាំ។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ក្រោយពីនាងបានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃ16 ខែឧសភា ឆ្នាំ2019 ដោយមានវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមផងដែរ។

ក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នេះ សុគន្ធកញ្ញា ត្រូវបានគេរំពឹងថា នាងមានអំណាចជាងគេក្នុងចំណោមតារាចម្រៀងស្រីនៅហង្សមាស ព្រោះផលិតកម្មមួយនេះនឹងមិនលើកតារាណាផ្សេងឱ្យលេចធ្លោជាងសុគន្ធកញ្ញា ឡើយ ខណៈដែលមជ្ឈដ្ឋានមួយចំនួនទៀតលើកឡើងថា សុគន្ធកញ្ញា ក្រោយពេលមានប្តី នឹងប្រឈមការចុះខ្សោយជាងនៅ ក្រមុំជាមិនខាន។

ប៉ុន្តែម្តាយរបស់សុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច អះអាងថា កូនស្រីរបស់គាត់រៀបការដោយមិនខ្លាចធ្លាក់កូដទេ ហើយអ្នកស្រីយល់ថា កូនស្រីនៅតែល្បីតទៅទៀតបានប៉ុនណានោះ គឺនៅលើសមត្ថភាព ហើយមហាជននឹងវាយតម្លៃទៅតាមនោះ មិនមែនឱ្យតែមានប្តីហើយ គេលែងគាំទ្រទេ៕

RELATED ARTICLES