ខេត្តបាត់ដំបង ៖ សាមណេរចំនួន២អង្គ រួមនឹងក្មេងស្ទាវ២នាក់ទៀត តែងនាំគ្នាសម្ងំជក់ថ្នាំញៀននៅក្នុងកុដិជាញឹកញាប់ លុះព្រះសង្ឃ គង់នៅក្នុងវត្ត រួមនឹងពុទ្ធបរិស័ទ តាមដានដឹង ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួននេនទាំង២អង្គ ប្រគល់ឱ្យចៅអធិការវត្ត ធ្វើការផ្សឹកភ្លាមៗ និងយុវជន២នាក់ទៀត គ្រាន់តែធ្វើការអប់រំ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចកុដិក្នុងវត្តក្តុល ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បាននិយាយនៅក្នុងរបាយការណ៍ថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្តុលដូនទាវ អាជ្ញាធរដែនដី រួមទាំង គណៈកម្មការវត្តក្តុលផង បានចុះត្រួតពិនិត្យកុដិលេខ៥ និងលេខ៨ ដែលសង្ស័យថា លោកនេន២អង្គ និងយុវជន២នាក់ កំពុងសំងំប្រើប្រាស់ថ្នាំញៀន ហើយក៏បានឃាត់ខ្លួននេន២អង្គ និងយុវជន២នាក់ ជាមួយនឹងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។

ប្រភពបន្តថា គ្រហស្ថ និងលោកនេន ដែលសំងំប្រើប្រាស់គ្រឿងញៀន រួមមាន ឈ្មោះផន សំរេច អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងវត្តបាក់អំរេក ស្រុកឯកភ្នំ និងឈ្មោះហៀង ទិត្យ អាយុ១៧ឆ្នាំ នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ដោយឡែក លោកនេនទាំង២អង្គ ដែលបំផ្លាញសាសនា ដោយសារសម្ងំជក់ថ្នាំញៀន រួមមានព្រះនាមផន សុភាព ហៅកណ្តុរ អាយុ១៩ឆ្នាំ និងមុត យឿម អាយុ២៣ឆ្នាំ បួសរៀន និងគង់នៅក្នុងវត្តក្តុល។

តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវជនទាំង២នាក់នេះ តែងនាំគ្នាទៅសំងំក្នុងកុដិទាំង២ ជាមួយលោកនេន២អង្គនោះជាញឹកញាប់ ធ្វើឱ្យអ្នកភូមិ និងព្រះសង្ឃនានានៅក្នុងវត្តមានការសង្ស័យជាខ្លាំង។

ប្រភពដដែលបន្តថា ប៉ុន្មានខែចុងក្រោយនេះ គេមិនឃើញលោកនេន២អង្គចេញពីកុដិ ឬចេញទៅបិណ្ឌបាតចង្ហាន់។ រីឯយុវជន២នាក់នោះ ក៏តែងឃើញទៅលេងកុដិទាំង២នោះជាញឹកញាប់ទៀត។ ពេលជួបគ្នាម្តងៗ ពួកគេសម្ងំនៅក្នុងកុដិ រហូតមិនចេញទៅណាទេ។ ប៉ុន្តែដោយសារតែមានការសង្ស័យ ទើបព្រះសង្ឃនៅក្នុងវត្ត និងអ្នកភូមិផង បានតាមដានរហូតដឹងការពិត ដែលពួកគេទាំងសង្ឃ ទាំងគ្រហស្ថ នាំគ្នាសម្ងំប្រើ ប្រាស់ថ្នាំញៀនស្ទើររាល់ថ្ងៃ ហើយក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីមានវិធានការតែម្តង។

ពាក់ព័ន្ធនឹងករណីនេះ លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានឱ្យដឹងថា គោលការណ៍របស់លោកស្នងការខេត្ត មិនបានចាត់ការក្រុមនេះតាមផ្លូវច្បាប់ទេ ដោយគ្រាន់តែធ្វើការអប់រំដល់យុវជន២នាក់នោះតែប៉ុណ្ណោះ។ ដោយឡែក លោកនេនសេពថ្នាំញៀន២អង្គនោះ ត្រូវបានប្រគល់ជូនចៅអធិការវត្តចាត់ការតាមវិន័យសង្ឃ។

ប៉ុន្តែបើតាមក្រុមគណៈកម្មការវត្តក្តុល ខាងលើនេះ បានឱ្យដឹងថា ដោយមានការអនុញ្ញាត ពីលោកគ្រូមេគណខេត្ត និងមន្ទីរធម្មការខេត្តផង លោកគ្រូចៅអធិការវត្តក្តុល រួមទាំងក្រុមគណៈកម្មការវត្ត បានសម្រេចធ្វើការផ្សឹកលោកនេនញៀនថ្នាំទាំង២អង្គនេះហើយ។

ប្រភពដដែលបានបញ្ជាក់ថា ការបកស្បង់ចីវរសង្ឃញៀនថ្នាំនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីសមត្ថកិច្ចបង្ក្រាបបាន និងប្រគល់ឱ្យចៅអធិការវត្តចាត់ចែង៕