ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានតភ្លើងនៅក្នុងផ្ទះរបស់ខ្លួន ទាំងមិនមានជំនាញទាល់តែសោះ និងថែមទាំងមានការធ្វេសប្រហែស ដោយមិនបានបិទបារ៉ែតភ្លើងទៀតផង ជាហេតុធ្វើឱ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់មួយរំពេចនៅនឹងកន្លែង។

ករណីឆក់ខ្សែភ្លើងស្លាប់ខាងលើនេះ បានបង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង។
បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសុត សំអាត អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែ ភ្លើងនៅក្នុងផ្ទះរបស់ខ្លួន ដែលតាមពិត ជនរងគ្រោះមិនមានជំនាញខាងអគ្គិសនីទាល់តែសោះ លុះពេលរៀបចំតភ្លើងនោះ ថែមទាំងភ្លេចបិទបារ៉ែតភ្លើងទៀតផង។ លុះពេលចាប់ផ្តើមតភ្លើង ក៏បណ្តាលឱ្យចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កឱ្យក្រុមគ្រួសារមានការផ្អើលឆោឡោ ស្ទុះទៅបិទបារ៉ែតភ្លើង បំណងជួយសង្គ្រោះជនរងគ្រោះដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព ដោយមានការចូលរួមពីលោកមេភូមិ លោកមេឃុំ និងក្រុមគ្រួសារជនរងគ្រោះផង។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន ពោលគឺមិនមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យ ថាអាចជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីផ្សេងទេ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕