ភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹក នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃជើង វាយទាត់ធាក់ បណ្តាលឱ្យរបួស) នៅចំណុចក្នុងឃ្លាំងសង់ថ្មី គ្មានលេខ តាមផ្លូវលេខ១០១៩ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យ៣នាក់ ទី១-ឈ្មោះយីន ឈាន់លីន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវលេខ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ទី២-ឈ្មោះ ដៃ អាយគ័រ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវលេខ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី៣-ឈ្មោះឈី ឈាន់លីន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវលេខ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ដោយឡែក ជនរងគ្រោះមានឈ្មោះអាន សីហុំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ៍យ (របួសដាច់រលាត់ស្បែកកែងដៃខាង ស្តាំមួយកន្លែង និងឈឺចុកចាប់ពេញរាងកាយ)។

មន្ត្រីនគរបាលដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានឱ្យឈ្មោះអ៊ឹម សុខនីន ដឹកខ្លួនចេញពីខាងក្រោយវត្តខ្មួញ ដើម្បីយកខ្សែលួស (កាប) មកឱ្យគេនៅចំណុចកើតហេតុ។ លុះពេលជនរងគ្រោះមកដល់ចំណុចកើតហេតុ រកមើលសន្តិសុខដើម្បីសួរនាំ តែមិនឃើញ ហើយជនរងគ្រោះបានដាក់ខ្សែ លួសចុះ រួចឈរនៅមុខឃ្លាំងខាងលើ ស្រាប់តែមានជនសង្ស័យ៣នាក់ ដើរចេញពីក្នុងឃ្លាំងមកខាងក្រៅ យកខ្សែលួសចូលក្នុងឃ្លាំង ហើយជនរងគ្រោះបានដើរចូលទៅក្នុងឃ្លាំងតាម ក៏ត្រូវក្រុមជនសង្ស័យបាននាំគ្នាវាយទាត់ធាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យរបួស រួចរុញជនរងគ្រោះចេញ ហើយបានបិទទ្វារឃ្លាំង។ ពេលនេះ ជនរងគ្រោះស្រែកឱ្យគេជួយ ស្របពេលកម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាង ទៅដល់ចំណុចខាងលើឃើញហេតុការណ៍ ក៏បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ យកមកសាកសួរ នៅប៉ុស្តិ៍នគរបាលគោកឃ្លាង តែម្តង។
ជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី”