ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានកាន់រូបថតម្តាយរបស់ខ្លួន ដើរតាមស្វែងរកសពទីកន្លែង រហូតដល់ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកម្តាយរបស់នាងផង ដោយម្តាយបានបាត់ខ្លួនដោយគ្មានដំណឹង អស់រយៈពេល១យប់១ថ្ងៃមកហើយ មិនដឹងជាទៅដល់ទីណាកន្លែងណា និងមានសុខទុក្ខយ៉ាងណា។

ហេតុការណ៍កូនក្រមុំដើរតាមរកម្តាយដែលបាត់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងក្រោយគុកតេ៣ចាស់ នៅមុខផ្ទះលេខ ៤០EO ផ្លូវលេខ១៥៤ ក្នុងក្រុម២០ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

កូនស្រីដែលដើររកម្តាយ មានឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះដោយមិនដឹងមូលហេតុ។

កូនស្រីរបស់ស្ត្រីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះកើតហេតុខាងលើ (ម្តុំគុកតេ៣ចាស់) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាង យកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។

តាមសម្តីកូនតូចនោះ បានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។

ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាងត្រឡប់មកវិញផង។ ជាមួយនេះ កូនស្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាង ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ៕