ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ចូលចិត្តផឹកស្រាខ្លាំងណាស់ តែផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ទោះជាប្តីខំហាមឃាត់ អង្វរកឱ្យកាត់បន្ថយយ៉ាងណា ក៏មិនព្រមឈប់ លុះក្រោយមកក៏ចេញទៅផឹកស៊ីនៅផ្ទះជិតខាង តាំងពីថ្ងៃរហូតដល់យប់ មិនឃើញត្រឡប់មកផ្ទះវិញ បុរសជាប្តីក៏បានតាមទៅហៅប្រពន្ធនឱ្យមកផ្ទះវិញ តែប្រពន្ធដែលកំពុងស្រវឹងធ្លាក់ភ្នែក ប្រកែកមិនព្រមមកផ្ទះទេ ចង់នៅផឹកបន្តទៀត ធ្វើឱ្យបុរសជាប្តីមួម៉ៅក្តៅចិត្ត ក៏ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ។
ករណីប្តីខឹងប្រពន្ធជក់ផឹកស៊ីអត់ព្រមមកផ្ទះ បែរជាគិតខ្លីចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះមូង សច អាយុ៥៤ឆ្នាំ ជាជនជាតិទំពួន មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ប្រពន្ធរបស់ជនរងគ្រោះ គឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែផឹកស្រវឹងសឹងរាល់ថ្ងៃ ហើយបុរសជាប្តីក៏ធ្លាប់ណែនាំ ឱ្យប្រពន្ធកាត់បន្ថយស្រាខ្លះដែរ តែប្រពន្ធមិនត្រឹមតែមិនស្តាប់ប៉ុណ្ណោះទេ ថែមទាំងកាន់តែផឹកខ្លាំងដៃលើសដើមទៀតផង ទើបធ្វើឱ្យប្តីប្រពន្ធជនរងគ្រោះរស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ចេះតែកើតមានរឿងរកាំរកូសនឹងគ្នាមិនស្វាង។
ប្រភពដដែលបន្ត លុះមកដល់រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានចេញទៅផឹកស្រានៅផ្ទះបងប្អូនជិតខាង លុះមកដល់ក្បាលព្រលប់ បុរសរងគ្រោះជាប្តីក៏បានតាមទៅហៅប្រពន្ធឱ្យត្រឡប់មកផ្ទះវិញដែរ តែប្រពន្ធមិនព្រមមក ដោយប្រាប់ថា ចាំផឹកបង្ហើយបន្តិចសិន។ លុះដល់យប់បន្តិជនរងគ្រោះជាប្តី ក៏ចេញទៅតាមហៅប្រពន្ធម្តងទៀត ប៉ុន្តែប្រពន្ធនៅតែប្រើពាក្យដដែល ព្រោះជាប់ដៃ ផឹកស៊ីទៅហើយ ជាហេតុធ្វើឱ្យបុរសជាប្តីមួម៉ៅក្តៅចិត្តមិនដឹងជាធ្វើអ្វីកើត បែរជាមានគំនិតខ្លី ដើរត្រឡប់មកផ្ទះវិញ រួចក៏ឡើងទៅលើផ្ទះ ធ្វើសកម្មភាពចងកសម្លាប់ខ្លួនតែម្តង។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ស្ត្រីជាប្រពន្ធត្រឡប់មកពីផឹកស្រាវិញ ឡើងដល់លើផ្ទះ ក៏ប្រទះឃើញប្តីចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចរាយការណ៍បន្តទៅខាងជំនាញឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែអង្រឹងចងកជាប់នឹងធ្នឹមដំបូលផ្ទះ បណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕