ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួន៧នាក់ ប្រដាប់ដោយកាំបិត ពូថៅ និងដុំថ្មនៅក្នុងដៃផង ត្រូវកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលតាមឃាត់ខ្លួនបានបន្តបន្ទាប់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ខណៈពួកគេគ្រោងបង្កសង្គ្រាមជាមួយគូបក្សដិបក្សនៅកណ្តាលក្រុងបាត់ដំបង។

លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស ចុះប្រតិបត្តិការតាមក្របួចក្រុមក្មេងទំនើងទាំងនោះ ខណៈដែលពួកគេបានប្រមូលផ្តុំគ្នាត្រៀមបង្កអំពើហិង្សា និងបង្កភាពអនាធិបតេយ្យ។ លោកថា ជនខ្លះត្រូវបានបង្ក្រាបនៅខាងមុខសាលាក្រុងបាត់ដំបង ដែលកំពុងប្រមូលផ្តុំគ្នា មានកាំបិត ពូថៅ និងដុំថ្ម និងមួយចំនួនទៀត បង្ក្រាបបាននៅតាមផ្លូវដែលមានវត្ថុតាងដូចគ្នា។ ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ទាំងយប់ដើម្បីសួរនាំ។

តាមរបាយការណ៍របស់ការិយាល័យជំនាញ បានឱ្យដឹងថា ជនទំនើងទាំង៧នាក់រួមមាន ១-ឈ្មោះសែន សុវណ្ណាសក្ត័ អាយុ១៥ឆ្នាំ នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ២-ឈ្មោះជា កុសល ហៅស៊ីល អាយុ១៨ឆ្នាំ នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ៣-ឈ្មោះណុប ចាន់នួន អាយុ១៨ឆ្នាំ នៅស្រុកត្រាំកក់ ខេត្តតាកែវ ៤-ឈ្មោះរិទ្ធ មេសា អាយុ១៥ឆ្នាំ នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ៥-ឈ្មោះរ៉េន រដ្ឋា ហៅរ័ត្ន អាយុ១៩ឆ្នាំ នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ៦-ឈ្មោះ សែន ពិសាល អាយុ១៨ឆ្នាំ នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ និង៧-ឈ្មោះអ៊ាង ដេត អាយុ២០ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប។

លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានថ្លែងថា ក្រោយពីឃាត់ខ្លួននាំមកកាន់ស្នងការខេត្ត លោកស្នងការបានបញ្ជា ឱ្យមន្ត្រីការិយាល័យជំនាញធ្វើការសួរនាំ។ ប៉ុន្តែពិតមែនតែក្រុមក្មេងទំនើងទាំងនេះមានកាបិតពូថៅនៅក្នុងដៃ តែតាមគោលការណ៍ លោកស្នងការខេត្ត គឺគ្រាន់តែធ្វើការអប់រំតែប៉ុណ្ណោះ មិនចាត់ការតាមនីតិវិធីច្បាប់នោះទេ ព្រោះសំអាងថា ពួកគេមិនទាន់បានប្រព្រឹត្តបទល្មើស៕