ខេត្តស្វាយរៀង ៖ ព្រះសង្ឃ១អង្គ បាននិមន្តទៅលេងផ្ទះញោមស្រី (ម្តាយ) ទាំងកណ្តាលយប់ ដោយប្រាប់ថា មិនសូវស្រួលខ្លួន រួចក៏សម្រេចសឹងនៅផ្ទះញោមស្រី១យប់ ស្រាប់តែព្រឹកព្រលឹមឡើង ញោមស្រី (ម្តាយ) ភ្ញាក់ពីដំណេក ក៏ប្រទះឃើញលោកកូន ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក បណ្តាលឱ្យសុគតយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះញោមស្រី (ម្តាយ) របស់ព្រះសង្ឃរងគ្រោះ ខាងលើ ស្ថិតក្នុងភូមិខ្សែត្រ ឃុំខ្សែត្ស ស្រុកកំពង់រោទិ៍។

សមត្ថកិច្ចស្រុកកំពង់រោទិ៍ បានបញ្ជាក់ឱ្យដឹងថា ព្រះសង្ឃដែលដាច់ព្រះទ័យចងកធ្វើអត្តឃាតខាងលើ មានព្រះនាម អន ថា ព្រះជន្ម៣០វស្សា បានបួសរៀន គង់នៅវត្តរាមជោ មានទីតាំងស្ថិតក្នុងឃុំសំឡី ស្រុកកំពង់រោទ៍។
តាមសម្តីស្ត្រីជាញោមស្រីរបស់ព្រះសង្ឃរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា លោកកូនរបស់គាត់បានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ និងចាំបាច់ត្រូវលេបថ្នាំជាប់ជាប្រចាំ ប៉ុន្តែមិនឃើញបានធូរស្រាលសោះ ផ្ទុយទៅវិញ ស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំងឡើងៗ រហូតដល់លោកកូនអង្គនេះ ធ្លាប់ព្រលយប្រាប់ថាចង់គិតខ្លីទៀតផង តែគាត់ជាញោមចេះតែពន្យល់ណែនាំជាប់រហូត។
ស្ត្រីជាញេមស្រីខាងលើ បន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៩ លោកកូនបាននិមន្តមកផ្ទះរបស់គាត់ទាំងកណ្តាលយប់ ដោយមានដីកាប្រាប់គាត់ថា មិនសូវស្រួលខ្លួន។ បន្ទាប់មក ក៏សុំសឹងនៅក្នុងផ្ទះ១យប់ ចំណែកគាត់បន្ទាប់ពីរៀបចំកន្លែងឱ្យលោកកូនសឹងរួចរាល់ ក៏ចូលទៅសម្រាន្តបាត់ទៅ ដោយមិនចាប់អារម្មណ៍ ឬនឹកស្មានដល់សោះឡើយថា លោកកូនរបស់គាត់អាចនឹងមានគំនិតខ្លីដល់ម្លឹងសោះ។

ប្រភពដដែលបន្តថា រហូតមកដល់េវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ខណៈដែលគាត់ភ្ញាក់ពីដំណេកចូលបន្ទប់ទឹក ក៏ស្រាប់តែប្រទះឃើញលោកកូនចងករសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ដោយបានយកស្បង់ជីពរ ចងនិងធ្នឹមដំបូលបន្ទប់ទឹក សុគតបាត់ទៅហើយ ទើបស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើ អាជ្ញាធរឃុំ សមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល ព្រនទាំងគ្រូពេទ្យមណ្ឌលសុខភាព បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ព្រះសង្ឃរងគ្រោះពិតជាសុគតដោយចងកធ្វើអត្តឃាតប្រាកដមែន។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។/