ខេត្តកំពង់ស្ពឺ ៖ យុវតីម្នាក់បានសុំឪពុកម្តាយទៅផ្សារ ដោយប្រាប់ថា ទៅដូរម្សៅលាបមុខមួយភ្លែត រួចក៏បាត់ខ្លួនរហូតមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យឪពុកម្តាយភ័យបារម្ភ តាមស្វែងរកអស់រយៈពេល៤ថ្ងៃមកហើយ នៅតែមិនមានដំណឹង ទើបសង្ស័យថា កូនស្រីចាញ់ការលួងលោមរបស់ជនខិលខូច ក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកកូនស្រីត្រឡប់មកផ្ទះវិញ។
ករណីកូនស្រីបាត់ខ្លួន៤ថ្ងៃ ធ្វើឱ្យឪពុកភ័យកាន់រូបថតប្តឹងសមត្ថកិច្ចឱ្យជួយស្វែងរកនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរលាំងគ្រើល ស្រុកសំរោងទង។
យុវតីដែលបាត់ខ្លួនដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះសួន ស្រីតា អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង។ យុវតីរូបនេះបានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

តាមសម្តីបុរសឈ្មោះឡុង សាត អាយុ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់យុវតីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កូនស្រីរបស់គាត់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកំពង់ស្ពឺ 1I-7468 ចេញពីផ្ទះ ដោយប្រាប់ពួកគាត់ជាឪពុកម្តាយថា ទៅដូរម្សៅលាបមុខមួយភ្លែត ហើយក៏ជិះម៉ូតូចេញទៅបាត់។
បុរសជាឪពុកបន្តថា ចាប់តាំងពីពេលនោះមក កូនស្រីរបស់គាត់មិនបានត្រឡប់មកផ្ទះវិញនោះទេ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពកូនស្រី ព្រោះនាងមានវ័យក្មេងអាចចាញ់បោកការលួងលោមរបស់ជនខិលខូច ហើយការបាត់ខ្លួនកូនស្រីនេះ រហូតមកដល់ថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៩ មិនទាន់ឃើញត្រឡប់មកដល់ផ្ទះនៅឡើយ។ យ៉ាងណាក្តី ក្នុងនាមពួកគាត់ជាឪពុកម្តាយសូមអំពាវនាវដល់កូនស្រី បើបានឮដំណឹងនេះហើយ សូមឱ្យកូនវិលត្រឡប់មកផ្ទះវិញ បើទោះជាមានរឿងអ្វីកើតឡើងចំពោះកូន ក៏ឪពុកម្តាយមិនប្រកាន់ទោស អូសដំណើរអ្វីដែរ។

ពាក់ព័ន្ឋនឹងករណីបាត់យុវតីម្នាក់ខាងលើនេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា រហូតមកដល់ ថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៩នេះ នៅមិនទាន់ឃើញនាងវិលមកផ្ទះវិញនៅឡើយទេ។ យ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមស្វែងរកយុវតីខាងលើ យកមកប្រគល់ឱ្យឪពុកម្តាយវិញ៕