Sunday, November 16, 2025
Homeព័ត៌មានជាតិកូនប្រុសធ្លាក់ខ្លួនបែបនេះ សូម្បីតែសំបុកមាន់ ក៏ឪពុកជញ្ជូនចេញមិនទាន់ផង

កូនប្រុសធ្លាក់ខ្លួនបែបនេះ សូម្បីតែសំបុកមាន់ ក៏ឪពុកជញ្ជូនចេញមិនទាន់ផង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា ជាមនុស្សញៀនថ្នាំរហូតកែលែងឡើងទៅហើយ ឱ្យតែបែកថ្នាំម្តងៗ ចេះតែបង្ករឿងអុកឡុកពេញផ្ទះ បង្កហិង្សាដាក់ឪពុកម្តាយជាញឹកញាប់ លុះចុងក្រោយ បែរជាបែកគំនិតដុតផ្ទះឪពុកខ្លួនឯង បណ្តាលឱ្យឆេះហ្មត់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល។

សមត្ថកិច្ចបានប្រាប់ថា ជនបែកថ្នាំ ដែលដុតផ្ទះឪពុកបង្កើត ឆេះក្លាយជាផេះផង់នេះ មានឈ្មោះយ៉េន សារ៉ូ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះទាំងស្រុង ក្រោមស្នាដៃលោកកូនញៀនថ្នាំនោះ មានទំហំ៥ម៉ែត្រ គុណ នឹង៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសីជាកម្មសិទ្ធិរបស់ឈ្មោះងួន យ៉េន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ។

តាមសម្តីបុរសជាម្ចាស់ផ្ទះ និងជាឪពុកបង្កើតរបស់ជនសង្ស័យខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់នេះបានធ្លាក់ក្នុងអន្លង់ថ្នាំញៀន រហូតដល់វង្វេងស្មារតីអស់ទៅហើយ កន្លងមក កូនប្រុសនេះឱ្យតែជក់ថ្នាំរួចម្តងៗ (បែកថ្នាំ) តែងមករករឿងអុកឡុកពេញផ្ទះ វាយបំផ្លាញទ្រព្យសម្បត្តិគ្មានសល់ និងថែមទាំងបង្កហិង្សាក្នុងគ្រួសារជាញឹកញាប់ទៀតផង។ លុះមកដល់ថ្ងៃកើតហេតុ ក៏បង្កបញ្ហាកាន់តែវឹកវរ ដោយនៅសុខៗ កូនប្រុសនេះបានយកភ្លើងមកដុតផ្ទះរបស់គាត់ បណ្តាលឱ្យឆេះខ្ទេច អស់គ្មានសល់អ្វីបន្តិចឡើយ សូម្បីតែសំបុកមាន់ ក៏ជញ្ជូនចេញមិនទាន់ផង។

តាមការអះអាងរបស់បុរសរងគ្រោះខាងលើ អគ្គិភ័យដែលផ្តើមចេញពីស្នាដៃកូនប្រុសញៀនថ្នាំរបស់គាត់នេះ គឺបង្កឱ្យផ្ទះរបស់គាត់មួយខ្នងរងការខូចខាតគ្មានសល់ រួមនឹងសម្ភារប្រើប្រាស់ និងទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង គិតជាទឹកប្រាក់ប្រមាណជិត៥០០០ដុល្លារ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍នាំខ្លួនជនសង្ស័យខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES