Sunday, November 16, 2025
Homeព័ត៌មានជាតិសិស្សសាលា២នាក់ ស្លាប់ពេលកំពុងលេងបាល់ ក្រោមមេឃភ្លៀង

សិស្សសាលា២នាក់ ស្លាប់ពេលកំពុងលេងបាល់ ក្រោមមេឃភ្លៀង

ខេត្តរតនគិរី ៖ ក្មេងប្រុសជាសិស្សសាលា១ក្រុម ឆ្លៀតពេលទំនេរពីម៉ោងសិក្សា ក៏នាំគ្នាលេងបាល់ទាត់នៅក្នុងបរិវេណសាលា លុះបន្តិចក្រោយមក មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងរលឹមស្រិចៗ ចំណែកក្រុមក្មេងប្រុសទាំងនោះមិនបានឈប់លេងនោះទេ ពោលគឺនៅតែបន្តលេងក្រោមដំណក់ទឹកភ្លៀង ស្រាប់តែរំពេចនោះ ក៏មានរន្ទះបានបាញ់ចំក្មេងប្រុសចំនួន៣នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងចំនួន២នាក់ ចំណែកម្នាក់ទៀត ទទួលរងរបួសធ្ងន់។

ករណីបាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់សិស្សសាលាបណ្តាលឱ្យស្លាប់ចំនួន២នាក់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបរិវេណសាលារៀនណងកាតុង ស្ថិតក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់។

ក្មេងប្រុសរងគ្រោះទាំង២នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ រួមមាន ទី១-ឈ្មោះយំ ថែ អាយុ១១ឆ្នាំ ជាជនជាតិទំពួន រៀនថ្នាក់ទី២ និងទី២-ឈ្មោះលេង គឹមហ៊ អាយុ១៨ឆ្នាំ ជាជនជាតិទំពួន រៀនថ្នាក់ទី៦។ ចំណែកក្មេងប្រុសដែលត្រូវរន្ទះបាញ់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះធ្វើន រ៉េន អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦។ យុវជនរងគ្រោះទាំង៣នាក់ខាងលើ មានលំនៅក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញសិស្សសាលា១ក្រុម ក្នុងនោះមានក្មេងប្រុសរងគ្រោះ ទាំង៣នាក់ផង បាននាំគ្នាជួបជុំគ្នាលេងបាល់ទាត់នៅក្នុងបរិវេណសាលារៀនណងកាតុង។ លុះលេងបានបន្តិច មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងរលឹមស្រិចៗ ប៉ុន្តែក្រុមសិស្សសាលាខាងលើ មិនបានឈប់លេងនោះទេ នៅតែបន្តលេងទាំងភ្លៀង ស្រាប់តែបន្តិចក្រោយមក ក៏មានរន្ទះបាញ់ បណ្តាលឱ្យក្មេងប្រុសចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលឃុំបាតាង បានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ រួចក៏បានប្រគល់សពជូនឪពុកម្តាយ ជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ ធ្វើន រ៉េន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកលំផាត់ ដើម្បីសង្គ្រោះជីវិត។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏មានករណីរន្ទះបាញ់បណ្តាលឱ្យក្មេងប្រុសម្នាក់ឈ្មោះហន ដឹន អាយុ១១ឆ្នាំ ជនជាតិទំពួន បានស្លាប់បាត់បង់ជីវិតផងដែរ។ ហេតុការណ៍នោះកើតនៅភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់៕

RELATED ARTICLES