ខេត្តកំពង់ឆ្នាំង ៖ យុវតីម្នាក់បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៨ខែមកហើយ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណា ក៏មិនមានដំណឹងសោះ ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភពីសុខទុក្ខកូនស្រី ខ្លាចចាញ់ការបោកបញ្ឆោតពីមនុស្សមិនល្អ ទើបប្រកាសតាមរក និងដង្ហោយហៅកូនស្រីឱ្យវិលមកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះសៀង ដាវណ្ណ អាយុ១៧ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះហៃ ឆៃលី ឪពុកឈ្មោះសៀង ពន្លក មានលំនៅម្តុំសាលាលេខ៥ ស្រុកកំពង់ត្រឡាច។ យុវតីរូបនេះបានបាត់ខ្លួនចេញពីផ្ទះតាំងពីខែតុលា ឆ្នាំ២០១៨មកម៉្លេះ ហើយគិតរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណឹងអ្វីនៅឡើយ។
តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងទៅ កូនស្រីរបស់គាត់បានចេញពីផ្ទះបាត់ ដោយមិនបានប្រាប់ឪពុកម្តាយ ឬបងប្អូនថានាងទៅណានោះទេ រួចក៏បាត់ខ្លួនរហូត មិនដឹងជាទៅដល់ណា ទៅជាមួយអ្នកណា សុខទុក្ខយ៉ាងណានោះទេ ជាហេតុធ្វើឱ្យពួកគាត់ជាឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពកូនស្រី ដោយខ្លាចកូនស្រី លង់ចាញ់ល្បិចមនុស្សមិនល្អ នាំយកទៅធ្វើបាប ប៉ះពាល់ដល់អាយុជីវិត។

យ៉ាងណាក្តី ពួកគាត់ជាឪពុកម្តាយ សូមប្រកាសឱ្យកូនស្រីវិលត្រឡប់មកផ្ទះវិញ បើទោះជាមានរឿងអ្វីកើតឡើងចំពោះកូន ក៏ឪពុកម្តាយមិនប្រកាន់ទោស អូសដំណើរអ្វីដែរ។ ហើយប្រសិនបើបងប្អូនណាបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទវិទ្យុអេប៊ីស៊ី ០១០,០១២,០៧០,០៦០ ២៣ ១០ ១០៕