កណ្តាល៖ កូនអកតញ្ញូម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពទាញកាំបិតខ្វែវដេញកាប់ឪពុកបង្កើតរបស់ខ្លួនមិនបាន ក៏ដេញកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ ហេតុការន៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល។

កូនអតកតញ្ញូដែលទាញកាំបិតដេញកាប់ឪពុកផ្អើលពេញភូមិនេះ មានឈ្មោះ ប៉ុន សំអាង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះប៉ុន ពៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ អ្នកទាំងពីររស់នៅភូមិឃុំកើតហងេតុខាងលើ។ ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាង កាំបិតខ្វែវ ចំនួន១។

ប្រភពីពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមក ជនសង្ស័យរូបនេះបានធ្លាប់បានជេរប្រមាថគំរាមឪពុកម្តាយជាហូរហែរ លុះមកដល់ថ្ងៃកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យរូបនេះបានទារលុយពីម្តាយរបស់ខ្លួន ដើម្បីទៅទិញបារីជក់ ពេលនោះស្ត្រីជាម្តាយបានឲ្យលុយ២០០០រៀល ស្រាប់តែជនសង្ស័យហែកលុយចោល ឃើញដូច្នោះ ជនរងគ្រោះជាឪពុកបានស្តីបន្ទោស ធ្វើឲ្យជនសង្ស័យខឹងសម្បាយ៉ាងខ្លាំង ក៏រត់ទៅទាញកាំបិតខ្វែវដេញកាប់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះបានជិះកង់គេចចេញពីផ្ទះបាត់ទៅ។

សមត្ថកិច្ចបានបន្តថា លុះដេញកាប់ឪពុកមិនបានដូចចំណង ជនសង្ស័យបានបញ្ចេញកំហឹងកាប់ទ្វារផ្ទះធ្វើពីដែកបែកកញ្ចក់អស់មួយចំហៀង និងកាប់ឆ្នាំងបាយអគ្គិសនី ចំនួន០១ ហើយត្រូវម្តាយរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕